ជនជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​វៀតណាម​បន្ទាប់ពី​ការតវ៉ា​

3624
ចែករម្លែក

បុរស​ជនជាតិ​អាមេរិក​ម្នាក់ កំពុង​ត្រូវបាន​ឃុំខ្លួន​ពីបទ “​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ “​នៅ​ប្រទេស​វៀតណាម​បន្ទាប់ពី​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង​តំបន់​សេដ្ឋកិច្ច​ថ្មី​​និង​ការផ្តល់​ដី​សម្បទាន​៩៩​ឆ្នាំ កាលពីពេល​ថ្មីៗ​នេះ​។​

​លោក​វី​ល ង្វៀន​( Will Nguyen )​ជនជាតិ​អាមេរិក អាយុ​៣២​ឆ្នាំ ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃអាទិត្យ នៅ​ទីក្រុង​ហូ​ជី​មី​ញ ក្នុងអំឡុងពេល​មាន​បាតុកម្ម​ប្រឆាំង​តំបន់​​សេដ្ឋកិច្ច​ពិសេស​ថ្មី​នៅ​ប្រទេស​នេះ​។​

​ក្រុមអ្នកតវ៉ា​ជឿថា ច្បាប់​នេះ​គឺ​ផ្តល់ឱ្យ​ក្រុមហ៊ុន​ចិន នូវ​ការជួល​ដីធ្លី​វៀតណាម​រយៈពេល​វែង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Le Thi Thu Hang បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា​ការ​មក​សួរសុខទុក្ខ​ជន​ត្រូវ​ចាប់ខ្លួន​ពី​សំណាក់​ស្ថាន​កុងស៊ុល កំពុង​ត្រូវ​បានរៀបចំ​។​

​ក្រុម​អាជ្ញាធរ ក៏បាន​ចាប់ឃុំខ្លួន​មនុស្ស​ជាង​១០០​នាក់ នៅពេលដែល ការធ្វើ​បាតុកម្ម​ប្រឆាំង​ច្បាប់​នេះ បាន​ប្រែក្លាយជា​អំពើហិង្សា ដោយមាន​ការ​ចោល​ដុំថ្ម​និង​គ្រាប់​​បែ​កដប​សាំង​និង​ដុតបំផ្លាញ ។​

​លោក Will Nguyen ជា​និស្សិត​និង​បានកើត​នៅ​រដ្ឋ​តិច​សាស់​នេះ បាន​ចូលរួម​ការតវ៉ា​នេះ កាលពី​ថ្ងៃ​សៅរ៍​ដោយបាន​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​នូវ​រូបភាព​​ជាច្រើន​អំពី​ការដើរ​តវ៉ា​នេះ កាត់​ទីក្រុង​ហូ​ជី​មី​ញ​។​

​នៅក្នុង​អត្ថបទ​មួយទៀត​ដែល​ត្រូវបាន​បង្ហោះ​នោះ លោក Will Nguyen បាន​សរសេរ​អំពី “​សមិទ្ធផល​ដ៏​ធំ​សម្បើម​អំពី​បាតុកម្ម​បែបនេះ គឺ​សម្រាប់​ប្រជាជន​វៀតណាម​”​។​​និស្សិត​អាមេរិក​នេះ​បានមក​ដើរលេង​នៅ​វៀតណាម​នៅពេលដែល​គាត់​បានចាប់ផ្តើម​ចងក្រង​ឯកសារ​នៃ​ការធ្វើ​បាតុកម្ម​នេះ​។​

​យោងតាម​ក្រុមគ្រួសារ​និង​មិត្តភក្តិ​របស់គាត់ លោក Will Nguyen ត្រូវបាន​វាយ​ចំក្បាល​និង​អូស​ចូលក្នុង​រថយន្ត​របស់​ប៉ូលិស​។ បន្ទាប់មក គាត់​ត្រូវបាន​ដឹក​ទៅ​ប៉ុស្តិ៍​​ប៉ូលិស ប៉ុន្តែ​កន្លែង​របស់គាត់​នៅពេលនេះ​មិនត្រូវ​បានដឹង​នោះទេ​។​

​អ្នកនាំពាក្យ​របស់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ហាណូយ​បាន​ប្រាប់​កាសែត​New York Times ថា “​ប្រព័ន្ធ​ផ្សព្វផ្សាយ​” បាន​និយាយ​អំពី​ការឃុំ​ឃាំង លោក Will Nguyen ហើយ​ថា​នៅពេល​ពលរដ្ឋ​អាមេរិក​ណា​ម្នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្រៅ​ប្រទេស ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក​ធ្វើការ​ដើម្បី​ផ្តល់ជំនួយ​កុងស៊ុល​សមរម្យ​ទាំងអស់​” ។​

​ច្បាប់​សេដ្ឋកិច្ច​ដែល​ត្រូវបាន​ស្នើឡើង​នេះ នឹង​ផ្តល់​សិទ្ធិ​ជួល​ដីធ្លី​រយៈពេល​៩៩​ឆ្នាំ ដល់​ក្រុម​អ្នកវិនិយោគ​បរទេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣​នៅ​ប្រទេស​នេះ​។​ ប៉ុន្តែ​ក្រុមអ្នកតវ៉ា​ជឿថា ច្បាប់​នេះ​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចិន​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​វៀតណាម​៕ដោយ៖សុខា/sn

​ក្រុមបាតុករ បាន​ដុតបំផ្លាញ​រថយន្ត​ច្រើន​គ្រឿងក្នុង​អំឡុងពេល​តវ៉ា​ប្រឆាំង​ច្បាប់​នេះ​