ជនជាតិ​អាម៉េរិក​ម្នាក់​បាន​ស្លាប់ នៅ​បន្ទប់​ជួល​ក្នុង​ក្រុង​សៀមរាប សង្ស័យ​ជំងឺ​សម្ពាធ​ឈាម​ឡើង​ខ្លាំង

749
ចែករម្លែក

​ដោយ:​បាយ័ន​/​សៀមរាប ៖ ​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នា​វេលា​ម៉ោង​ប្រហែល​២០ ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ មាន​ជនបរទេស​ម្នាក់​ឈ្មោះ RIVERS DEAN STEPHEN ភេទ​ប្រុស កើត​ឆ្នាំ​១៩៤៧ ជនជាតិ​អាមេរិក កាន់​លិខិតឆ្លងដែន​លេខ ៥៦៦០៣៤២៨៤ មុខរបរ​ចូលនិវត្តន៍ បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់​ទទួលបាន​ព័ត៌មាន​ពី​តំណាង​ម្ចាស់​ផ្ទះជួល ដែល​រាយការណ៍​ថា​មាន​ជនបរទេស​ស្លាប់​រួចមក ភ្លាមៗ​នោះ កម្លាំង​នគរបាល​ជំនាញ​ខេត្តសៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ ហើយ​ក្រោយ​ការពិនិត្យ និង តាម​ការសាកសួរ​តំណាង​ម្ចាស់ផ្ទះ បាន​ឲ្យ​ដឹងថា ដោយ​មិនឃើញ​ជនរងគ្រោះ​ចេញពី​ក្នុង​បន្ទប់ ខ្លួន​មានការ​សង្ស័យ ក៏បាន​ទៅ​បើកទ្វារ​បន្ទប់​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​បន្ទប់ ហើយ​ខ្លួន​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង ។​

ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​នគ​របាល​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការខេត្ត​បាន​សន្និដ្ឋានថា ជនរងគ្រោះ​បាន​ស្លាប់​រយៈពេល​ប្រហែលជា​បី​ថ្ងៃ​មកហើយ ដោយសារ​ជំងឺ​សម្ពាធ​ឈាម​ឡើង​គំហុក​បណ្តាល​ឲ្យ​ស្លាប់ ហើយ​សាកសព​ត្រូវបាន​បញ្ជូនទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​រាជធានី​ភ្នំពេញ តាម​សំណូមពរ​របស់​តំណាង​ស្ថានទូត ៕​B/

#