ជនជាតិ​អាម៉េរិក​៣​រូប​ឈ្នះ​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ចំពោះ​ការងា​រលើ​ភាពក្រីក្រ​

348
ចែករម្លែក

​ជនជាតិ​អាម៉េរិក​៣​រូប​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​តុលា បាន​ទទួល​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ចំពោះ​ការងារ​របស់​គេ​ក្នុង​ការប្រយុទ្ធ្រឆាំង​ភាពក្រីក្រ ។​បុគ្គល​ទាំង​៣​រូប​រួម​លោកស្រី អ៊ី​ធឺ​​ឌូ​ផ្លូ វ័យ​៤៦​ឆ្នាំ ជា​ជ័យលាភី​វ័យក្មេង​ជា​គេ​របស់​អាម៉េរិក​និង​ជា​ស្ត្រី​ទី​២​ដែល​ទទួល​រង្វាន់​នេះ​។​

ឌូ​ផ្លូ និង ស្វាមី ដើមកំណើត​ឥណ្ឌា លោក​ អាប៊ី​ជីត បានឺ​ជី(ឆ្វេង) និង​សហសេវិក​អាម៉េរិក ម៉ៃ​ឃើ​ល ក្រេ​មឺ

​ឌូ​ផ្លូ សាស្ត្រាចារ្យ​អាម៉េរិក​កាត់​បារាំង ធ្លាប់បាន​បំរើ​ជា​ទីប្រឹក្សា​របស់​អតីត​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា​។​លោកស្រី ទទួល​រង្វាន​នេះ​ជាមួយ ស្វាមី ដើមកំណើត​ឥណ្ឌា លោក​ អាប៊ី​ជីត បានឺ​ជី និង​សហសេវិក​អាម៉េរិក ម៉ៃ​ឃើ​ល ក្រេ​មឺ ចំពោះ​«​វិធី​ពិសោធន៍​របស់​គេ​ដើម្បី​សម្រាល​ភាពក្រីក្រ​សកល​»​។​

​រាជបណ្ឌិតសភា​ស៊ុយអែត​ខាង​វិទ្យាសាស្ត្រ ដែលជា​អង្គការ​ផ្តល់​រង្វាន់​នេះ​បាន​និយាយថា​« ជ័យលាភី​ឆ្នាំនេះ បាន​ដាក់​ចេញ​មធ្យោបាយ​ថ្មី​មួយ​ដើម្បី​ទទួលបាន​ចម្លើយ​គួរអោយ​ជឿ​​ទុកចិត្ត​អំពី​វិធី​ប្រយុទ្ធ​នឹង​ភាពក្រីក្រ​សកល​។​មនុស្ស​ជាង​៧០០​លាន​នាក់​នៅ​រស់​ដោយ​ពឹង​លើ​ប្រាក់​ចំណូល​ទាប​ខ្លាំង​និង​ក្មេង​ប្រមាណ​៥​លាន​នាក់​ក្រោម​អាយុ​៥​ឆ្នាំ​នៅ​ស្លាប់​រៀង​​រាល់​ឆ្នាំ​ពី​ជម្ងឺ​ដែល​អាច​ទប់ស្កាត់បាន​»​។​

​ជន​ទាំង​៣​បាន​រកឃើញ​វិធី​មាន​ប្រសិទ្ធភាព​នៃ​ការប្រយុទ្ធ​នឹង​ភាពក្រីក្រ ដោយ​បំបែក​បញ្ហា​ពិបាក​ធំ​ណាមួយ​ទៅ​ជា​បញ្ហា​តូចៗ​ដែល​អាច​គ្រប់គ្រង​បាន​ជាង​និង​បន្ទាប់មក​​ឆ្លើយតប​តាម​រយៈ​ការងារ​នៅតាម​ទីកន្លែង​ជាក់ស្តែង​។​

​ឌូ​ផ្លូ ជា​ស្ត្រី​ទី​២​ដែល​បាន​ទទួល​រង្វាន់​ណូបែល​សេដ្ឋកិច្ច​ក្នុង​រយៈពេល​៥០​ឆ្នាំ​មកនេះ បន្ទាប់ពី​ស្ត្រី​អាម៉េរិក អេ​លី​ណ័រ អូ​ស្ត្រូម ទទួល​វា​នៅ​ឆ្នាំ​២០០៩​។​បានឺ​ជី និង ឌូ​ផ្លូ ជា​សាស្ត្រាចារ្យ​​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសា​ជូ​សេត រីឯ​លោក ក្រេ​មឺ ជា​សាស្ត្រាចារ្យ​នៅ​កល​វិទ្យាល័យ​ហា​វឺ​ត​។​

​ឌូ​ផ្លូ មានឈ្មោះ​បោះ​សម្លេង​ដោយសារ​ការ​សិក្សា​ស្រាវជ្រាវ ជាមួយ​ស្វាមី​អំពី​សហគមន៍​ក្រីក្រ​នៅ​ប្រទេស​ឥណ្ឌា​និង​អាហ្វ្រិក ដោយ​ស្វះស្វែង​ថ្លឹងថ្លែង​អំពី​ផល​នៃ​គោលនយោបាយ ដូច​​ជា​លើក​ទឹកចិត្ត​គ្រូបង្រៀន​អោយ​ខិតខំ​បំពេញការងារ ឬ វិធា​នា​ការផ្តល់​អំណាច​ដល់​ស្ត្រី​។​

​ការពិសោធន៍​របស់លោក​ស្រី ដែល​បាន​ភ្ជាប់​ទៅ​ការសាកល្បង​ឱសថ​តាម​គ្លីនិក គឺ​ស្វះស្វែង​កំណត់​អត្តសញ្ញាណ​និង​បង្ហាញ​ថា​តើ​ការវិនិយោគ​ណាមួយ​មាន​តំលៃ​សម​នឹងធ្វើ និង​មាន​​ផល​ធំ​បំផុត​លើ​ការរស់នៅ​របស់​អ្នក​អត់ឃ្លាន​បំផុត​។​

​ប្រធានាធិបតី​បារាំង លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង​បាន​អបអរ​ការប្រគល់​រង្វាន់​ណូបែល​នេះ​ចំពោះ​ឌូ​ផ្លូ ដោយ​លោក​បាន​សរសេរ​បង្ហោះ​ថា​« ការងារ​របស់​លោកស្រី​បង្ហាញថា​​ការសិក្សា​ស្រាវជ្រាវ​នៅក្នុង​ផ្នែក​នេះ អាច​ផ្តល់​ផល​រឹងមាំ​មួយ​លើ​សុខុមាលភាព​របស់​មនុស្ស​ជាតិ​»​។​

​លោក បានឺ​ជី​បាន​និយាយថា​រដ្ឋាភិបា​ល​នានា​មិន​បាន​យកចិត្តទុកដាក់​ខ្លាំង​អំពី​ការប៉ះពាល់​បណ្តាលមកពី​សក​លូ​ប​នីយកម្ម​ទេ​ដោយសារ​«​គោលនយោបាយ​សំរាប់​ឆ្លើយតប​​ចំពោះ​ការឈឺចាប់​បង្កឡើង​ពី​សក​លូ​ប​នីយកម្ម មិន​គ្រប់គ្រាន់​និង​ច្រើន​តែ​ខុស​ទិស​ថែមទៀត​»​។​

​បានឺ​ជី ដែលជា​អ្នក​ចូលចិត្ត​រិះគន់​នាយករដ្ឋមន្ត្រី​ឥណ្ធា ម៉ូ​ឌី បាន​និយាយថា លោក​រីករាយ​ដែល​ការសិក្សា​ស្រាវជ្រាវ​របស់​លោក​ទទួល​បានការ​ចាប់​អារម្មណ៍​ខ្លះ​។​

​ជា​កូន​អ្នកសេដ្ឋកិច្ច លោក​បានឺ​ជី បាន​ធំ​ដឹងក្តី​នៅ​ក្រុង​កុល​កាតា នៅ​ឥណ្ឌា​ខាងកើត​។​លោក​ជា​អ្នក​ចូលចិត្ត​រិះគន់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណា​រេ​នដ្រា ម៉ូ​ឌី​។​មុន​ការបោះឆ្នោត​ឆ្នាំនេះ​​ដែលនាំអោយ​ម៉ូ​ឌី​ឈ្នះ​បាន​អាណត្តិ​ទី​២ លោក​បានឺ​ជី​បាន​ណែនាំ​អោយ​គណបក្ស​សមាជ ដែល​ជា​បក្សប្រឆាំង អោយ​ដាក់​ចេញ​ផែនការ​ធានា​ចំណូល​គោល​សំរាប់​ជន​ក្រីក្រ​បំផុត​រាប់​​សិប​លាន​នាក់​នៅ​ឥណ្ឌា​។​

​ចំណែក​សាស្ត្រាចារ្យ ម៉ៃ​ឃើ​ល ក្រេ​មឺ​បាន​ប្រើ​បទពិសោធន៍​នៅ​ទីកន្លែង​ជាក់ស្តែង​របស់​លោក​ដើម្បី​សាកល្បង​អន្តរាគមន៍​ធ្វើ​អោយ​ប្រសើរ​ឡើង​ការងារ​តាម​សាលារៀន​នៅកេ​ន​យ៉ា​​ខាងលិច​។​លោក​ក៏​បាន​ជួយ​បង្កើត​កម្មវិធី​ចែក​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​នៅក្នុង​ពិភព​កំពុងអភិវឌ្ឍន៍​។​

​សូមបញ្ជាក់​ថា មិន​ដូច​រង្វាន់​ណូបែល​ផ្សេងៗ​ទេ រង្វាន់​ណូបែល​សេដ្ឋកិច្ច​នេះ​មិន​ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបនិក​នៃ​រង្វាន់​នេះ គឺ​អ្នក​ធ្វើ​ទាន​និង​អ្នក​ច្នៃប្រឌិត​រំសេវ​គ្រាប់បែក​ អាល់​ហ្វ្រេត ណូបែល ទេ​។​រង្វាន់​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៨ ដើម្បី​កត់សម្គាល់​ខួប​ទី​៣០០​របស់​ធនាគារ​កណ្តាល​ស្វីស និង​ត្រូវបាន​ចាប់ផ្តើម​ប្រគល់​ដំបូង​នៅ​ឆ្នាំ​១៩៦៩​។​

​រង្វាន់​ណូបែល​មួយៗ​នឹង​ទទួលបាន​ប្រាក់រង្វាន់​៩​លាន​ក្រូ​ណឺ​ស៊ុយអែត (៩១៤.០០០​ដុល្លារ​) និង​ត្រូវ​ចែកគ្នា បើ​មាន​ជ័យលាភី​លើស​ពី​ម្នាក់​ក្នុង​វិស័យ​មួយៗ​៕​ដោយ​៖​វាសនា​