ជនជាតិ​អ៊ឺរ៉ុប​ទី​មួយ​ស្លាប់​ដោយសារ​វីរុស​COVID-19 នៅ​អ៊ីតាលី​

146
ចែករម្លែក

​បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់​បាន​ក្លាយ​ជា​ជនជាតិ​អឺរ៉ុប​ដំបូង​គេ​ដែល​បាន​ស្លាប់​បន្ទាប់ពី​បាន​ឆ្លង​វីរុស​COVID-19 កាលពី​ថ្ងៃ​សុក្រ​ទី​២១​ខែ​កុម្ភៈ​គឺ​តែ​ប៉ុន្មាន​ម៉ោង​​ប៉ុណ្ណោះ បន្ទាប់​ពី​ទីក្រុង​ចំនួន​១០ នៅ​ប្រទេស​នេះ ត្រូវបាន​ដាក់​ការ​រឹតបន្តឹង​ចេញចូល បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មីៗ​កើតឡើង​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​អ៊ីតាលី​បាន​និយាយថា​បុរស​វ័យ​ចំណាស់​ម្នាក់ មកពី​តំបន់​វេ​ណេ​តូ ត្រូវបាន​ធ្វើតេស្តិ៍​វិជ្ជមាន​នៃ​វីរុស​នេះ​និង​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ​បន្ទាប់ពី​គាត់​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល​១០​ថ្ងៃ ដោយសារ​បញ្ហា​សុខភាព​ដែល​មិន​ទាក់ទង​នឹង​វីរុស​នេះ​។​

​លោក អា​ឌ្រីយ៉ាណូ ត្រេ​វីសាន អាយុ​៧៨​ឆ្នាំនេះ ជា​កម្មករសំណង់​ចូលនិវត្តន៍ និង​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​២​នាក់​ដែល​មាន​ជំងឺ​COVID-19​នៅ​តំបន់​​នោះ​ខណៈ​ដែល​មនុស្ស​១៥ នាក់​ផ្សេង​ទៀត ត្រូវបាន​គេ​រកឃើញ​ថា​បាន​ឆ្លង​វីរុស​នេះ​នៅ​តំបន់​ឡុ​មបា​ឌី ជា​ទី​ដែល​មាន​វិធានការ​បន្ទាន់​ដើម្បី​ការពារ​ការចេញ​​ចូល​នៅ​តំបន់​ដែល​មាន​ការឆ្លង​វីរុស​នេះ​។​

​លោក អា​ឌ្រីយ៉ាណូ ត្រេ​វីសាន ដែល​មកពី​ទីក្រុង​ប៉ាដូ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័​យ​រកឃើញ​វីរុស​នេះ​ក្នុងការ​ធ្វើតេស្តិ៍​លើកដំបូង​ប៉ុន្តែ​លទ្ធផល​ចុងក្រោយ មិនទាន់​​ចេញ​នៅឡើយ​ទេ​។

​ចាប់តាំងពី​ខែ​ធ្នូ​ឆ្នាំ​មុន​មក វីរុស​COVID-19 បាន​សម្លាប់​មនុស្ស​ជាង ២.២០០ នាក់​នៅក្នុង​ប្រទេស​ចិន ដែល​ជា​ចំណុច​ដំបូង​គេ នៃ​ការផ្ទុះ​ជំងឺឆ្លង​រាតត្បាត​នេះ​។ ​នៅ​កន្លែង​ផ្សេងទៀត​នៅ​លើ​ពិភពលោក​ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ហើយ​បាន​ឆ្លង​រាលដាល​ដល់​ប្រហែល​២៧​ប្រទេស​។ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​ អ្នកទេសចរ​ជនជាតិ​ចិន​អាយុ ៨០ ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយសារ​វីរុស​នេះ នៅ​ប្រទេស​បារាំង​៕​ប្រែ​សម្រួល​៖​សុខា​/sn

រថយន្ត​ពេទ្យ ដឹក​អ្នក​ឆ្លង​វីរុស​COVID-19 ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​មី​ឡង់​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃ​សុក្រ​