ជនបរទេស​ម្នាក់​ធ្លាក់​ពីលើ​អគារ រ៉ូយ៉ាល់​ក្រោ​ន ជា​ន់ទី​ប្រាំ សំណាង ​មិន​បាត់បង់​ជីវិត

613
ចែករម្លែក

​​ដោយ​:​អង្គរតូច​/​សៀមរាប​ ៖ ​បុរស​បរទេស​ម្នាក់​បាន​ធ្លាក់​ពី​ជា​ន់ទី​៥​នៃ​ស​ណ្ឋា​គារ​រ៉ូយ៉ាល់​ក្រោ​ន តែ​សំណាង​មិន​ស្លាប់​។​

សមត្ថកិច្ច​ក្នុង​ហេតុការណ៍​បានឲ្យដឹងថា ករណី​ខាងលើនេះ​កើតឡើង​នា​វេលា​ម៉ោង​ប្រហែល ០៤:១០​នាទី​ទៀបភ្លឺ​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ នៅ​ចំណុច​សណ្ឋាគារ រ៉ូយ៉ាល់​ក្រោ​ន ស្ថិតនៅ​ភូមិវត្ត​បូព៌ សង្កាត់សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។ ជនបរទេស​ខាង​លើនេះ​បាន​ធ្លាក់​ពី​ជា​ន់ទី​៥​នៃ​សណ្ឋាគារ​ចុះមក​ក្រោម ​(​ធ្លាក់​ចូលក្នុង​អាងទឹក​)​ បណ្តាល​ឲ្យ​រងរបួស​ចង្កេះ​និង​ភ្លាត់ដៃ​ខាងស្តាំ ត្រូវបាន​បញ្ជូនមក​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ​។​ជនរងគ្រោះ​ឈ្មោះ SHA PENGCHENG ភេទប្រុស កើត​ថ្ងៃទី ២៨-០៥-១៩៨៥ ជនជាតិចិន កាន់​លិខិតឆ្លងដែន​លេខ E៦៧៣៤៧៤៥០ ជា​ភ្ញៀវ​ទេសចរ​។​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី ២៥ មិថុនា ២០១៩ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ស្នាក់នៅ​បន្ទប់​លេខ ៥១៧ សណ្ឋាគារ​កើតហេតុ​ខាងលើ​។​

ប្រភព​បន្តថា តាម​ការសាកសួរ​មិត្ត​ភ័ក្តិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​៖​នា​វេលា​ម៉ោង​ប្រហែល ៦​ល្ងាច ថ្ងៃទី ២៩ មិថុនា ២០១៩ ជនរងគ្រោះ​និង​រូបគេ បាននាំគ្នា​ទៅ​ផឹកស្រា​នៅ​ម្តុំ​ផាប់​ស្ទ្រី​ត​និង​បន្តទៅ​ខារ៉ាអូខេ រហូតដល់​ម៉ោង​ប្រហែល ៣:០០​នាទី​ទៀបភ្លឺ ក៏ត្រឡប់​មកវិញ ហើយ​ចូលក្នុង​បន្ទប់​គេង​រៀងៗ​ខ្លួន​។ លុះដល់​វេលា​ម៉ោង​ប្រហែល ៤​និង​១០​នាទី បុគ្គលិក​សណ្ឋាគារ​ក៏បាន​មក​គោះទ្វារ​បន្ទប់​ប្រាប់ថា​មិត្ត​ភ័ក្តិរបស់ខ្លួន​បាន​ធ្លាក់​ពី​ជាន់​ទី​៥​នៃ​សណ្ឋាគារ​ចុះមក​ក្រោម (​ធ្លាក់ចូល​អាងទឹក​)​លឺដូចនេះ​ខ្លួន​ក៏បាន​ចុះមក​មើល និង​បាន​ជួយ​បញ្ជូនជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ជាមួយ​បុគ្គលិក​សណ្ឋាគារ​។​ចំពោះ​មូលហេតុ​នៃ​ការធ្លាក់ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​

បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕​B/Ha