ដោយ:វណ្ណៈ/ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១៩:៥០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ មានមនុស្ស៤នាក់ ពាក់ម៉ាស់ និងពាក់សក់ក្លែងក្លាយ បានប្រើកាំបិតស្នៀត និង កាំភ្លើងខ្លី សំរុកចូលទៅក្នុងរថយន្តរបស់ជនរងគ្រោះ ប៉ុនប៉ងធ្វើអំពើមនុស្សឃាត ទៅលើវិស្វករសំណង់ជនជាតិចិនម្នាក់ នៅក្នុងបរិវេណការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងខណៈពេលដែលជនរងគ្រោះ បើកទ្វារចូលទៅក្នុងរថយន្ត។ ប៉ុន្តែអំពើមនុស្សឃាតនេះ មិនបានសម្រេច ដោយសារមានកម្មករសំណង់ ដែលជាកូនចៅ របស់ជនរងគ្រោះ បានឃើញហើយជួយធ្វើអន្តរាគមន៍ ពេលនោះជនសង្ស័យ ក៏បានរត់គេចខ្លួនអស់ទៅ។
ជនរងគ្រោះឈ្មោះ LIN YONGFEI អាយុ ៣៩ឆ្នាំ ជាវិស្វករសំណង់ នៅភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រងរបួស មានស្នាមជាំនៅកញ្ចឹងក ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបញ្ជាក់ថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម និង ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដំបូងចាប់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ZHANG HONG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ដោយចាប់យកបាន កាំបិតស្នៀត១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស) ។
រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥ ព្រឹក កម្លាំងជំនាញ ចាប់ខ្លួនជនសង្ស័យបាន ចំនួន ៣នាក់ បន្ថែមទៀត១.ឈ្មោះ CHEN BING ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EE៧២៨៥៨០៣ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី) ។ ទី២.ឈ្មោះ ZHAO QINGSONG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED០៤៣០១២៧ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ( ជនដៃដល់កាន់កាំភ្លើងភ្ជង់គំរាមជនរងគ្រោះ) ។ ទី៣.ឈ្មោះ ZUO GUO XING ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EE៧២៩៩៩៩០ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (សហចារី) ។
វត្ថុតាងចាប់យកបានបន្ថែមមាន ១.កាំភ្លើងខ្លី ១ដើម ម៉ាក RUGER SR9c លេខឈូសចោល បង់១ មាន៤គ្រាប់, ២.កូនកាំប៉ិតស្នៀត ១ដើម, ៣.ស្រោមដៃ១គូ, ៤.សក់ក្លែងក្លាយ២សំរាប់ ស្គុត២ដុំ និងដំបងមួយចំនួន។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕B/