ក្រុមមន្ត្រីបាននិយាយថា វេជ្ជបណ្ឌិតម្នាក់ ដែលបានបាត់បង់ការងាររបស់ខ្លួននៅមន្ទីរពេទ្យមួយនៅទីក្រុងញូវយ៉កបានបាញ់រះដោយកាំងភ្លើងវែង នៅក្នុងអគារមន្ទីរពេទ្យ កាលពីថ្ងៃសុក្រ ទី៣០ មិថុនា ដោយបានសម្លាប់វេជ្ជបណ្ឌិតម្នាក់និងមនុស្ស៦នាក់ផ្សេងទៀតបានរងរបួស នៅមុនពេលសម្លាប់ខ្លួនឯងក្នុងអំពើហិង្សាដែលទំនងជាជាប់ទាក់ទងនឹងកន្លែងធ្វើការ។
លោក ជែម អូនៀល ស្នងការប៉ូលិសបាននិយាយថា ជនប្រដាប់អាវុធដែលស្ថិតនៅក្នុងសម្លៀកបំពាក់អាវពេទ្យសនេះ បានដើរទៅជាន់ទី២នៃមណ្ឌលមន្ទីរពេទ្យ Bronx-Lebanon នៅទីក្រុងញូវយ៉ក និង បានព្យាយាមដុតខ្លួននៅមុនពេលប៉ូលិសដែលរកនៅអគារនោះបានរកឃើញគាត់ស្លាប់ដោយការបាញ់នឹងកាំងភ្លើងខ្លីរបស់ខ្លួនឯង។
លោក ប៊ីល ដេ ប្លាស៊ីអូ អភិបាលក្រុងនេះ បានចាត់ទុកការបាញ់ប្រហារនេះថាជាហេតុការណ៍ដាច់ដោយឡែកមួយ ដែលទំនងជាបញ្ហាទាក់ទងនឹងកន្លែងការងារ ។ លោកបាននិយាយថា វាមិនមែនជាអំពើភេរវកម្មទេ។
ប៉ូលិសមិនទាន់បានបញ្ជាក់អំពីអត្តសញ្ញាណនៃជនសង្ស័យនេះ ឬ ជនរងគ្រោះភ្លាមៗនោះទេ ។
លោក អូនៀល បាននិយាយថា ជនប្រដាប់អាវុធនេះ ជាអតីតនិយោជិតនៃមន្ទីរពេទ្យនេះ៕ ដោយ ៖កញ្ញាដាលីស