ជនរងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ចំនួន​៦​ស្រុក​ទទួល​អំណោយ​

722
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: ប្រជាពលរដ្ឋ​ជា​ជនរងគ្រោះ ពី​ទឹកជំនន់​ទន្លេមេគង្គ​ចំនួន​ជាង មួយ​ម៉ឺន គ្រួសារ នៅតាម​បណ្តា​ស្រុក​ចំនួន ប្រាំមួយ របស់​ខេត្តកំពង់ចាម បានទទួល​អំណោយ​ជា​ថវិកា គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​:​ប្រើប្រាស់​មួយចំនួន​ពី​សប្បុរសជន​។​អំណោយ​នេះ សរុប​ជា​ទឹកប្រាក់​ចំនួន​ជិត​ពីរ​រយ​លាន​រៀល បើ​គិត​ត្រឹម​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​ឃ​ន​ប្រុស​ប្រធាន​លេខាធិការ​អចិន្ត្រៃយ៍​នៃ​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​ខែសីហា​ថា​ក្នុងនោះ​ប្រជាពលរដ្ឋ​ដែល​បានទទួល​អំណោយ​តាម​បណ្តា​ស្រុក​នានា​មាន​: ស្រុក​កោះសូទិន​ចំនួន ៥.៥០១ គ្រួសារ​, ស្រុក​កំពង់សៀម​ចំនួន ៣.២០៣ គ្រួសារ​,​។ ស្រុក​ព្រៃឈរ​ចំនួន ១.៤១៧ គ្រួសារ​, ស្រុក​ស្រី​សន្ធរ​ចំនួន ៣១២ គ្រួសារ​, ស្រុក​កងមាស​ចំនួន ៧៧ គ្រួសារ និង​ស្រុក​ស្ទឹងត្រង់​ចំនួន ៥៨ គ្រួសារ​។​

​លោក​ប្រធាន​លេខាធិការ​បាន​ឲ្យ​ដឹង​ទៀតថា អំណោយ​ទាំងនោះ​រួមមាន​: អង្ករ​,​មី ,​ត្រីខកំប៉ុង​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​,​អំបិល​, ទឹកបរិសុទ្ធ​, ទឹកក្រូច​, ក្រមា​, មុង ,​ភួយ​,​សារុង​,​តង់ និង​សម្ភារ​:​ប្រើប្រាស់​ដទៃ​មួយចំនួនទៀត ពី​សប្បុរសជន​បាន​ជួយឧបត្ថម្ភ​ដោយផ្ទាល់ និង​តាមរយ​:​អាជ្ញាធរ​។ អំណោយ​ទាំងអស់​ដែល​សប្បុរសជន​បាន​ជួយ​មកដល់​ត្រឹម​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៨​នេះ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​១៧៨.៩៦០.០០០ រៀល​។

ដោយឡែក​នៅមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ទន្លេ​នេះ​ចំនួន ១៩.៦៨៣​គ្រួសារ​ផ្សេងទៀត​មិនទាន់​បានទទួល​អំណោយ ក្នុងចំណោម​គ្រួសារ​ប៉ះពាល់​សរុប​ចំនួន ៣០.២៥៣ គ្រួសារ គឺ​លោក គួច ចំរើន អភិបាលខេត្ត​បាន និង​កំពុង​អំពាវនាវ​រក​ជំនួយ​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​រាល់ថ្ងៃ​។​
​ ​
​គួរបញ្ជាក់​ផងដែរ​ថា ចំនួន​ជនរងគ្រោះ​នៅ​ខេត្តកំពង់ចាម​ដែល​លង់ទឹក​ជំនន់​ទន្លេមេគង្គ​ស្លាប់ គឺ​កើន​ឡើងដល់ ១១ នាក់ គិត​ត្រឹម​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៨​។ ដោយ​ក្មេងប្រុស​អាយុ​ទើប ៣ ឆ្នាំ​នៅ​ស្រុក​កោះសូទិន​បាន​លង់ទឹក​ទន្លេ​នេះ​ស្លាប់​កាលពី​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ​៕S/

​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ចំនួន​៦​ស្រុក​ទទួល​អំណោយ​


​ ​