ជនសង្ស័យ២នាក់ ឆក់កាបូបពីនិស្សិតស្រីម្នាក់តាំងពីខេត្តកណ្តាលត្រូវនគរបាលប៉ុស្តិ៍ចាក់អង្រែលើ ក្របួចជាប់

91
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់កាបូបពីនិស្សិតស្រីម្នាក់ បានសម្រេចតែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ តាំងពីខេត្តកណ្តាល ចូលដល់ភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើកំពុងល្បាត បានឃើញក៏ចាប់ឃាត់ខ្លួនបាន២នាក់ជាក់ស្តែងតែម្តង ប្រគល់ឲ្យនគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្ត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខខារ៉ាអូខេ ១៦៨ ភូមិព្រែតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយសមត្ថកិច្ចកំពុងល្បាតក្នុងភូមិ លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5650 ហើយមានជនរងគ្រោះដេញតាមពីក្រោយ ស្រែកចោរៗ ទើបកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់ចាប់បានម្នាក់ និងម្នាក់ទៀត រត់គេចខ្លួនចូលទៅក្នុងវត្តហើយលោតចូលទឹក តែត្រូវបានសមត្ថកិច្ចរុករកចាប់បានមកវិញ នាំមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

ជនរងគ្រោះបានបញ្ជាក់ថា នាង មានឈ្មោះ លីន ម៉ីស៊ាំង អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់សមត្ថកិច្ចថា ខ្លួនបានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1S-8664 តែម្នាក់ឯង ពីផ្ទះទៅភូមិដើមមៀន ក្រុងតាខ្មៅ តាមផ្លូវ២០៦ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5650 ឆក់កាបូបពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូរត់តាមផ្លូវជាតិលេខ២ ជនរងគ្រោះបានដេញពីក្រោយ រហូតដល់ចំណុចមុខខារ៉ាអូខេ ១៦៨ ភូមិព្រែតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ជួបនឹងសមត្ថកិច្ចកំពុងល្បាតចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ និង សុខា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ , និងទី២ឈ្មោះ ណុល ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករដឹកជញ្ជូន ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

វត្ថុតាងដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5650 , ទូរសព្ទដៃ២គ្រឿង , និងកាបូបរបស់ជនរងគ្រោះ ត្រូវបាននគរបាលប៉ុស្តិ៍ចាក់អង្រែលើ បញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមច្បាប់៕/B