ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង នឹង​ត្រូវ​ដោះលែង​នៅ​ខែ​ក្រោយ​

399
ចែករម្លែក
  • 13
    Shares

ជនសង្ស័យ​តែ​ម្នាក់​គត់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ម៉ាឡេស៊ី ចំពោះ​ឃាតកម្ម​លើ​បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង បាន​ឆ្លើយ​ទទួល​ទោស​កំហុស​ចំពោះ​បទចោទប្រកាន់​ស្រាល​មួយ​​នៅក្នុង​តុលាការ​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​មេសា និង​មេធាវី​របស់​នាង​បាន​និយាយថា​នាង​អាច​នឹង​ត្រូវ​ដោះលែង​នៅ​ខែក្រោយ​។​

​ឌ័ន ធី ហ័ង បាន​ប្រឈម​នឹង​ការចោទប្រកាន់​ឃាតកម្ម ដែល​អាច​មាន​ទោស​ប្រហារជីវិត បើសិនជា​នាង​ត្រូវបាន​ចោទប្រកាន់​ផ្លូវការ​និង​កាត់ទោស ពាក់ព័ន្ធ​ការស្លាប់​លោក​​គីម ចុង​ណា​ម បងប្រុស​របស់​មេដឹកនាំ​កូរ៉េខាងជើង​ដែលមាន​ឪពុក​តែ​មួយ​តែ​ម្តាយ​ទីទៃ​។​

​ចៅក្រម​តុលាការ​ជាន់ខ្ពស់​បានកាត់​ទោស​ដាក់គុក​ហ័ង​៣​ឆ្នាំ​និង​៤​ខែ​ចាប់ពី​ថ្ងៃ​ដែល​នាង​ត្រូវបាន​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​១៥​កុម្ភៈ ឆ្នាំ​២០១៧ ហើយ​មេធាវី​របស់​នាង​បាន​និយាយ​​ថា​កូនក្តី​របស់​លោក​ត្រូវ​រំពឹងថា​នឹង​ត្រូវបាន​ដោះលែង​អោយ​មាន​សេរីភាព​នៅ​សប្តាហ៍​ដំបូង​នា​ខែក្រោយ ក្រោយ​ពី​រយៈពេល​ជាប់​ទោស​របស់​ត្រូវបាន​កាត់បន្ថយ​១​ភាគ​៣​ដោយ​​សារ​អាកប្បកិរិយា​ល្អ​របស់​នាង​។​

​ហ័ង អាយុ​៣០​ឆ្នាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​ខ្ញុំ​រីករាយ​ណាស់​»​។​

​នាង ជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ដែល​ស្ថិតនៅ​ក្នុង​ការ​ឃុំឃាំងរ​បស់​ប៉ូលិស​ម៉ា​ស៊ី បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​ទៀត​ជា ស្ត្រី​ឥណ្ឌូនេស៊ី ត្រូវបាន​ដោះលែង​កាលពី​ខែ​មុន​។​

​រដ្ឋអាជ្ញា​ម៉ាឡេស៊ី បានអោយដឹងថា អគ្គ​រដ្ឋ​អាជ្ញា​បាន​សុំ​បន្ថយ​ទម្ងន់​ចោទប្រកាន់​នាង​ហ័ង ក្រោយពី​មាន​ការស្នើសុំ​ពី​រដ្ឋាភិបាល​វៀតណាម​និង​មេធាវី​របស់​នាង​។​

​ការចោទប្រកាន់​ដំបូង​និយាយថា ស្ត្រី​ទាំង​២​បាន​សមគំនិត​គ្នា​ជាមួយ​ភ្នាក់ងារ​កូរ៉េខាងជើង​ដើម្បី​ធ្វើឃាត​លោក​គីម ដោយ​ប្រើ​ម្សៅ​បំពុល​សរសៃប្រសាទ​VX​បាត​លើ​មុខ​ជន​រង​​គ្រោះ​នៅពេល​គាត់​ឆ្លងកាត់​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃ​១៣​កុម្ភៈ​ឆ្នាំ​២០១៧​។​ស្ត្រី​ទាំង​ពីរ​រូប​នេះ​បាន​និយាយថា ពួក​គេ​ស្មានតែ​ពួកគេ​ចូលរួម​ក្នុង​ល្បែង​មិន​បង្ក​​គ្រោះថ្នាក់​សំរាប់​កម្មវិធី​ទូរទស្សន៍​មួយ​។​

​ជន​កូរ៉េខាងជើង​៤​នាក់​បាន​ភៀសខ្លួន​ចេញពី​ម៉ាឡេស៊ី​ភ្លាមៗ​នៅ​ថ្ងៃ​ដែល​គីម​ត្រូវបាន​សម្លាប់​។​

​ចៅក្រម​តុលាការ​ជាន់ខ្ពស់​ម្នាក់​កាលពី​ខែ​សីហា​មុន​បាន​រកឃើញថា​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញថា ស្ត្រី​ទាំង​ពីរ ហ័ង​និង​អៃ​ស៍យ៉ាស បានរួម​ដៃ​ជាមួយ​ជនជាតិ​កូរ៉េខាងជើង​៤​នាក់​នៅក្នុង​ការ​សមគំនិត​គ្នា​យ៉ាង​ល្អ​មួយ​ដើម្បី​ធ្វើ​ឃាត​លោក​គីម ។​តែ​មេធាវី​របស់​ស្ត្រី​ទាំង​ពីរ​បាន​និយាយថា កូនក្តី​របស់​គេ​គ្រាន់តែ​ជា​កូនអុក​នៅក្នុង​ឃាតកម្ម​នយោបាយ​​មួយ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងច្បាស់​ទៅនឹង​ស្ថានទូត​កូរ៉េ​ខាងជើង​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួរ​៕​ដោយ​៖​វាសនា​

ជនសង្ស័យ​វៀតណាម ដ័ន ធី ហ័ង ចាកចេញ​ពី​តុលាការ​ទាំង​មុខ​ញញឹម កាលពី​ថ្ងៃ​០១​មេសា​