ជនសង្ស័យ​ក្នុង​ឃាតកម្ម​ត្រូវបាន​ដោះលែង​នៅ​ពេល​ហុងកុង​និង​តៃវ៉ាន់​ប៉ះទង្គិច​គ្នា​

246
ចែករម្លែក

​ជនសង្ស័យ​ពី​បទ​សម្លាប់​មនុស្ស​ម្នាក់​ដែល​ករណី​របស់​គាត់​បា​ន​បង្ក​ការតវ៉ា​ប្រឆាំង​អស់​ពេល​រាប់​ខែ​នៅ​ហុងកុង​ត្រូវបាន​ដោះលែង​ចេញពី​គុក​ហុងកុង​កាលពី​ថ្ងៃ​ពុធ​ទី​២៣​តុលា​នៅ​ពេល​រដ្ឋាភិបាល​នៃ​ទីក្រុង​នេះ​កំពុង​ប្រឈម​មុខ​ជាមួយ​អាជ្ញាធ​រកោះ​តៃវ៉ាន់​អំពី​ថា​តើ​ត្រូវ​ប្រគល់​ខ្លួន​ជន​នេះ​ដោយ​របៀប​ណា ចំពោះ​ឃាតកម្ម​លើ​ស្ត្រី​ម្នាក់​នៅ​តៃវ៉ាន់​កាលពី​ឆ្នាំមុន​។​

​អ្នក​ក្រុង​ហុងកុង ចាន់ តុង កាយ ត្រូវបាន​ចោទប្រកាន់​ថា​សម្លាប់​មិត្តស្រី​របស់​ខ្លួន​នៅ​តៃវ៉ាន់​កាលពី​ឆ្នាំមុន មុន​ពេល​ភៀសខ្លួន​មកកាន់​ហុងកុង​។​គាត់​ត្រូវបាន​ចាប់ខ្លួន​និង​កាត់​​ទោស​អោយ​ជាប់គុក​២៩​ខែ​ចំពោះ​ទោស​លាង​លុយ តែ​ត្រូវបាន​ដោះលែង​មុន​កាលកំណត់ ក្រោយ​បាន​សារភាព​ទោស​សម្លាប់​មនុស្ស​និង​សន្យា​ប្រគល់​ខ្លួន​អោយ​តៃវ៉ាន់​ក្រោយ​ការ​ចេញពី​គុក​។​

​ដោយ​ពាក់អាវ​ពណ៌​ខៀវ​និង​ស្ពាយ​សាក់​កាដូ​មួយ ចាន់​បាន​ឱន​និង​សុំទោស​គ្រួសារ​នៃ​អតីត​មិត្តស្រី​ខ្លួន​និង​សាធារណជន នៅពេល​ចាកចេញ​ពី​គុក​។​ចាន់ បាន​និយាយថា «​ខ្ញុំ​​បាន​ប្រព្រឹត្ត​កំហុស​ដែល​មិន​អាច​អត់ឱន​បាន​»​។​

ចាន់ តុង​កាយ ដើរចេញ​ពី​គុក​នៅ​ហុងកុង​កាលពី​ថ្ងៃ​២៣​តុលា​

​ចាន់ ក៏​បាន​និយាយថា លោក​នឹង​ប្រគល់​ខ្លួន​ទៅអោយ​អាជ្ញាធរ​តៃវ៉ាន់ តែ​មិន​បាន​និយាយថា​ពេល​ណា​ទេ​។​

​នៅពេល​ចាន់​សុខចិត្ត​ប្រគល់​ខ្លួន​ដោយ​មិន​ជំទាស់ ហុងកុង​និង​តៃវ៉ាន់​បាន​ប៉ះទង្គិច​គ្នា​អំពី​វិធានការ​បន្ទាប់​។​

​មេដឹកនាំ​ហុងកុង ការី ឡា​ម បាន​និយាយថា ករណី​ចាន់ ជា​ឧទាហរណ៍​មួយ​ដែល​ហុងកុង​ត្រូវ​មាន​ច្បាប់​បត្យាប័ន​(​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​ទី​ប្រភព​ប្រព្រឹត្ត​បទល្មើស​)​។​ច្បាប់​​ដូច្នេះ នឹង​អនុញ្ញាត​អោយ​ហុងកុង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​មហា​ចិន​ដីគោក តៃវ៉ាន់​និង​ម៉ា​កាវ​។​

​សូមបញ្ជាក់​ថា អតីត​ទឹកដី​អាណានិគម​អង់គ្លេស​នេះ​បាន​ជួប​ការតវ៉ា​ប្រឆាំង​អស់​ពេល​៥​ខែ​មក​ហើយ ជា​ចលាចល​ដែល​ផ្តើមឡើង​ពី​សំណើ​ច្បាប់​បត្យាប័ន ក្រោយ​ការចាប់ខ្លួន​​ចាន់​។​ការប្រឆាំង​តវ៉ា​នឹង​ការបង្កើត​ច្បាប់​នេះ ឥឡូវ​វា​ប្រែ​ក្លាយទៅជា​ចលនា​ទាមទារ​កាន់តែ​ធំ​ឡើង​។​

​ដោយសារ​គ្មាន​ច្បាប់​បត្យាប័ន អាជ្ញាធរ​ហុងកុង​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ចាន់ តុង​កាយ អាច​ធ្វើដំណើរ​ទៅ​ប្រគល់​ខ្លួន​អោយ​តៃ​វាន់​ដោយ​ខ្កួនឯង​។​តែ ក្រុមប្រឹក្សា​កិច្ចការ​​ចិនដីគោក​របស់​កោះ​តៃវ៉ាន់ បាន​និយាយថា «​វា​ទៅ​មិន​រួច​ទេ ដែល​ចាន់​ជិះ​យន្តហោះ​មក​ប្រគល់​ខ្លួន​អោយ​អាជ្ញាធរ​តៃវ៉ាន់​ដោយ​ខ្លួនឯង​»​។​

​គេ​ថា តៃវ៉ាន់ បាន​ស្នើសុំ​ហុងកុង​អោយ​សហការ​ផ្លូវច្បាប់​និង​ថា ខ្លួន​មាន​បំណង​បញ្ជូន​មន្ត្រី​ទៅ​ហុងកុង​ដើម្បី​នាំ​ខ្លួន​ចាន់​ទៅកាន់​កោះ​តៃវ៉ាន់ ជា​ចំណាត់ការ​មួយ​ដែល​រដ្ឋាភិបាល​​ហុងកុង​ពណ៌នា​ថា ជា​ការប៉ុនប៉ង​កន្លង​យុត្តាធិការ​ដែល​មិន​អាច​ទទួលយក​បាន​និង​មិន​បង្ហាញ​ការគោរព​ច្បាប់​ហុងកុង​៕​ដោយ​៖​វាសនា​