ជនសង្ស័យ​ឆក់​កាបូប​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន នៅ​សែន​សុខ​

659
ចែករម្លែក

ដោយ : ចាន់តូ/ ​ភ្នំពេញ ​៖ ​ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​រដ្ឋា​ន​ភ្នំពេញ​ថ្មី បាន​ប្រទះឃើញ​សង្ស័យ​ជា​ចោរឆក់ ហើយក៏​មានការ​សង្ស័យ​ក៏​ជិះ​ប្រដេញ ​រហូត​មានការ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ត្រូវរបួស​ដៃ​ទើប​អាចឃាត់ខ្លួន​បាន​ទាំងពីរ​នាក់ បង្កឲ្យមានន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០ យប់ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងត្បូង​វត្ត​ឃ្មួញ​ប្រមាណ​៥០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវហាណូយ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១​ដែលជា​អ្នកបើក​ម៉ូតូ​មានឈ្មោះ ហេង ដា​វ៊ី​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ចំណែកទី​២ ​ដែលជា​អ្នក​អង្គុយ​ក្រោយ​មានឈ្មោះ សេន ឡេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​បើក​តាម​សម្តី​ពី​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋា​បាល​ភ្នំពេញ​ថ្មី​បាន​ប្រាប់​ឲ្យដឹងថា​ នៅ​មុនពេល​កើតហេតុ គឺមាន​គេ​រាយការណ៍​តាម​វិទ្យុទាក់ទង​ថា ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយគ្រឿង​បានធ្វើ​សកម្មភាព​ឆក់​កាបូប នៅខាងមុខ​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។ ពេលឆក់បានសម្រេច​ហើយ ​ក្រុម​ជនសង្ស័យ​បាន​ជិះ​រត់គេចខ្លួន​ឆ្ពោះ​ឡើងទៅ​ផ្លូវ​៥៩៨​។  បន្ទាប់ពី​បាន​ដំណឹង​ពី​វិទ្យុទាក់ទង​រួចមក​កម្លាំង​ពួកគាត់ ​ក៏បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ក្រែង​ជួប ក្រុម​ជនសង្ស័យ​នោះ ជិះ​ម៉ូតូ​គេចខ្លួន​ចូលមកក្នុង​ភូមិសាស្ត្ររ​បស់​គាត់​។ ​ខណៈ ពេលដែល​ជិះ​ល្បាត​មកដល់​ចំណុច​ផ្លូវ​៥៩៨​កែង​និង​ផ្លូវ​១៩៨៦ ដែលជា​ភូមិសាស្ត្រ​របស់​ពួកគាត់​ ​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ទាំងពីរ​អ្នក​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1J-8936 ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៩៨៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។

​ប្រភព​ដដែល​បន្តថា ភ្លាមៗ​នោះ​ដោយមាន​ការសង្ស័យ​ទៅលើ​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​កម្លាំង​ពួកគាត់​ក៏បម្រុង និង​ធ្វើការ​ស្ទាក់​ឃាត់​ដើម្បី​ឆែកឆេរ​និង​សួរនាំ តែជនសង្ស័យ​បន្ថែម​ល្បឿន​ជិះ​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​ក៏​ធ្វើការ​ជិះ​ប្រដេញ​តាម​ពីក្រោយ​។ បន្ទាប់មក​ពេលដែល​កំពុង​ជិះ​ប្រដេញ​តាមផ្លូវ ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​នោះ​ក៏បាន​ធាក់ម៉ូតូ​របស់​សមត្ថកិច្ច​ ទើបកងកម្លាំង​បាញ់​មួយ​គ្រាប់​ចំ​ជនសង្ស័យ​ទី​២ ដែល​អង្គុយ​ពីក្រោយ​រងរបួស​ចំ​ដៃ​ខាងស្តាំ​។ ភ្លាមៗ​នោះ​ដែល​ជនសង្ស័យ​មានបាន​ឈប់​ម៉ូតូ​នោះទេ គឺ​នៅតែ​បន្តដំណើរ​ទៅមុខទៀត រហូតមកដល់​ចំណុចកើតហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​ក៏បាន​ផ្តួល​ម៉ូតូ​ហើយ​សមត្ថកិច្ច​ក៏​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទី​១​ដែលជា​អ្នកបើក​ម៉ូតូ​បាន​ភ្លាមៗ​។ ដោយឡែក​ជនសង្ស័យ​អង្គុយ​ខាងក្រោយ​ដែល​រងរបួស​ដៃ​ខាងស្តាំ​បាន​ងើបរ​ត់ទៅ​លោត​ចូល​ប្រឡាយ​ទឹកស្អុយ​ ដែលមាន​ដើម​កំ​ផ្លោក​ដុះ​ទ្រប់​ពេញ​និង​ដើម​ឈូក នៅក្បែរនោះ​លេច​បាត់ស្រមោល បន្សល់ទុក​តែដាន​ឈាម​របស់​ជនសង្ស័យ​ស្រក់​ជាប់​និង​ដើម​កំ​ផ្លោក​។ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ធ្វើការ​នាំគ្នា​រុករក​ជនសង្ស័យ​ដែលលោតទឹក​ប្រឡាយ​ខាងលើ​អស់​រយៈពេល​មួយ​ម៉ោង​ ទើប​ជនសង្ស័យ​ខាងលើ​ព្រម​ងើប​ចេញពី​ទឹក រួច​ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

​ចំពោះ​ករណី​ខាងលើ​នោះ​នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ប្រាប់​ឲ្យ​ដឹងថា​ ជនសង្ស័យ​ទាំងពីរ​អ្នក​ខាងលើ​មាន​ជាប់​ពាក់ព័ន្ធ​និង​ករណី​អ្វី​ពិតប្រាកដ​នោះទេ​។ ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ​រួមទាំង​វត្ថុតាង​ ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សាកសួរ​និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​៕​B