ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន សារភាពថា បាន​ទិញ​គ្រឿងញៀន​នៅ​តំបន់​វាល​ខ្សាច់ ខណ្ឌមានជ័យ​

443

​ដោយ​៖​ឆាយា​នាថ / កណ្ដាល​៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ សារភាពថា បាន​ទិញ​គ្រឿងញៀន​នៅ​តំបន់​វាល​ខ្សាច់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយ​យកមក​ចែកចាយ​បន្ត​ក្នុង​មូលដ្ឋាន​ស្រុក​ស្អាង ។

​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ជិន សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង មុខរបរ​កសិករ ត្រូវបាន​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​៣០ ខែមីនា នៅ​ចំណុច​វត្ត​ពោធិ៍​អណ្តែត ភូមិ​ពោធិ៍​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។ ក្នុងការ​ឃាត់ខ្លួន​នេះ​សមត្ថកិច្ច​រកឃើញ​ម្សៅ​ក្រាម​ពណ៌ ស​ថ្លា​សង្ស័យថា​ជា​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​១១​កញ្ចប់​តូច​ចំនួន ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ កណ្តាល 1Q 6316 និង​ឧបករណ៍​មួយចំនួនទៀត​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ជិន​សុ​ភ័​ក្រ សារភាពថា​ខ្លួន​ពិតជា​បាន ទិញ​គ្រឿងញៀន​នេះ​ពី ឈ្មោះ ខា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ម្តុំ វាល​ខ្សាច់​ចាក់អង្រែលើ​រាជធានី​ភ្នំពេញ​តម្លៃ​២០០​ដុល្លារ​ដើម្បី​យកទៅ​ចែកចាយ​បន្ត​។ ជនសង្ស័យ​បាន​សារភាព​បន្ថែមទៀតថា​ខ្លួន​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្ដាល​រយៈពេល​២​ឆ្នាំ​ពីបទ ប្រើប្រាស់​នូវ​សារធាតុ​ញៀន​កាលពី​ខែមិថុនា​ឆ្នាំ​២០១៥ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជនសង្ស័យ​៕L​