ជនសង្ស័យ​ជ្រុលនិយម​ច្រើន​នាក់​នៅ​បង់​ក្លា​ដែស ត្រូវបាន​សម្លាប់

323
ចែករម្លែក

​ប៉ូលិស​បាន​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​បង់​ក្លា​ដែស​បាន​វាយឆ្មក់​ទៅលើ​កន្លែងលាក់​ខ្លួន​របស់​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​នៅ​ទីក្រុង​ដា​ក្កា កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មេសា​ ដោយ​​បានសម្លាប់​ជន​សកម្មប្រយុទ្ធ​យ៉ាងតិចណាស់​ចំនួន​២​នាក់ ស្របពេល​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​(ISIS) បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​មួយ ដែល​​បាន​ធ្វើឱ្យ​របួស​ប៉ូលិស​៣​នាក់​។​

​លោក Ashique Billah មន្ត្រីប៉ូលិស បាន​និយាយប្រាប់​សារព័ត៌មាន​AFP​ថា ក្រុមប៉ូលិស​ពិសេស​បានទទួលរង​ការបាញ់ប្រហារ​នៅពេល​ទៅដល់​ផ្ទះ​មួយ​នៅ​សង្កាត់​Bosila​ក្នុង​ទីក្រុង​នេះ​កាលពី​យប់​ថ្ងៃ​ចន្ទ ។ លោក​បាន​បន្ថែមថា ការវាយ ប្រហារ​នេះបាន​កើត​ឡើង​បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​មួយ ដែល​បាន​បំផ្លាញ​ជញ្ជាំង​ផ្ទះ​នោះ​។​

​បង់​ក្លា​ដែស បានចាប់ផ្តើម​បង្ក្រាប​លើ​ក្រុម​អ៊ីស្លាម​និយម​ជ្រុល បន្ទាប់​ពី​ការវាយ ប្រហារ​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ នៅពេល​ដែល​ក្រុម​ជន​សកម្មប្រយុទ្ធ​ដែល​មាន​លទ្ធិ​និង​​គំនិត​ដូច​ក្រុម​ISIS ដែរនោះ បាន​សម្រុកចូល​ហាង​កាហ្វេ​មួយ​នៅ​ទីក្រុង​ដា​ក្កា ដោយ​បាន​សម្លាប់​មនុស្ស​២២​នាក់ ដោយ​រួមទាំង​ជនបរទេស​១៨​នាក់​ផង​ដែរ​៕ដោយ៖សុខា/sn/Ha

​ប៉ូលិស​បង់​ក្លា​ដែស ដឹក​សាកសព​នៃ​ជន​សកម្មប្រយុទ្ធ​បន្ទាប់ពី​ការ​ឆ្មក់​វាយប្រហារ​ដែល​បានសម្លាប់​ជន​សកម្មប្រយុទ្ធ​២​នាក់​នៅ​ទីក្រុង​ដា​ក្កា