ជនសង្ស័យ​ត្រូវ​បាញ់សម្លាប់ និង​ថ្នាំញៀន​៥​លាន​គ្រាប់​ត្រូវ​រឹបអូស​នៅ​ថៃ​

271
ចែករម្លែក
  • 3
    Shares

​ប៉ូលិស​បាន​រឹបអូស​បាន​ថ្នាំញៀន​ប្រមាណ​៥​លាន​គ្រាប់ និង​បាន​បាញ់សម្លាប់​បុរស​កុល​សម្ពន្ធ​ភ្នំ​អា​ខា​ម្នាក់ ដែល​ត្រូវបាន​គេ​ថា​បាន​តដៃ​ជាមួយ​សមត្ថកិច្ច​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ខេត្ត​​ឈៀង​រ៉ៃ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​២១​កុម្ភៈ​។​

​ការបាញ់​ត​គ្នា​រវាង​ប៉ូលិស​បង្ក្រាប​គ្រឿងញៀន​ខេត្ត​ឈៀង​រ៉ៃ និង​ជនសង្ស័យ​បាន​កើត​ឡើង​នៅ​ម៉ោង​១​កន្លះ​រំលង​អធ្រាត​ថ្ងៃ​២១​កុម្ភៈ នៅក្នុង​ភូមិ​មួយ​ក្នុង​ខេត្ត​។​ជនសង្ស័យ​ដែល​​ត្រូវបាន​បាញ់សម្លាប់​ឈ្មោះ អាក័រ ស៊ែ​មី អាយុ​២៩​ឆ្នាំ ជា​អ្នកស្រុក​មែ​ហ្វា ក្នុង​ខេត្ត​ឈៀង​ម៉ៃ​។​

​ដោយ​ធ្វើ​ប្រតិបត្តិការ​តាម​ការជូន​ព័ត៌មាន​សម្ងាត់​ថា មានការ​លួច​នាំ​ចូល​ថ្នាំញៀន​មក​ពី​ខាង​មី​យ៉ាន់​ម៉ា​ចូល​ក្នុង​ខេត្ត​ខាងលើ ប៉ូលិស​បាន​ដាក់​ប៉ុស្ត៍​ត្រួតពិនិត្យ​រង់ចាំ​រហូត​ឃើញ​​រថយន្ត​មួយ​បាំង​កន្លះ​២​គ្រឿង​បើក​ចូលមក​។​នៅពេល​ត្រូវ​បាន​ផ្តល់​សញ្ញា​អោយ​ឈប់​ឆែកឆេរ អ្នកបើករថយន្ត​ខាង​មុខ​បាន​បាញ់​មក​លើ​ប៉ូលិស ជាហេតុ​នាំ​អោយ​ប៉ូលិស​បាញ់​តប​​។​ប៉ូលិស​ក្រោយ​មក​រក​ឃើញ​អាក័រ ស៊ែ​មី ស្លាប់​នៅ​កៅអី​មុខ​របស់​រថយន្ត​។​ប៉ូលិស​ក៏​បាន​រកឃើញ​ថ្នាំញៀន​២៥​បាវ​នៅក្នុង​រថយន្ត រីឯ​រថយន្ត​មួយទៀត​បាន​បើក​រត់​។​

​ចំនួន​ថ្នាំ​មេតំ​ហ្វេ​តា​មីន ដែល​រកឃើញ​មាន​ចំនួន​ប្រមាណ​៥​លាន​គ្រាប់​៕​ដោយ​៖​វាសនា​