ជនសង្ស័យ​បំផ្ទុះ​សម្លាប់​ខ្លួនឯង ក្រោយ​បំផ្ទុះ​គ្រាប់បែក​៥​លើក​នៅ​តិច​សាស់​

3354
ចែករម្លែក

​បុរស​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​តាម​ចាប់ខ្លួន​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រុង​អូ​ស្ទី​ន រដ្ឋ​តិច​សាស់​នោះ បាន​បំផ្ទុះ​ខ្លួនឯង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​​នៅក្នុង​រថយន្ត​របស់​ខ្លួន ខណៈដែល​ក្រុម​អាជ្ញាធរ​ធ្វើដំណើរ​ចូលទៅ​ចាប់គាត់​។​

​ប្រា​អ៊ឹ​ន ម៉ាន់​លី មេ​ប៉ូលិស ក្រុង​អូ​ស្ទី​ន បាន​ប្រាប់​សន្និសីទកាសែត​ថា​«​ជនសង្ស័យ​ស្លាប់​។​បុរស​នេះ​ត្រូវគេ​ជឿថា​ជា​អ្នក​បំផ្ទុះ​គ្រាប់បែក​កញ្ចប់​៥​លើក​ដែល​បានសម្លាប់​មនុស្ស​២​នាក់​និង​បង្ក​របួស​ជាង​ដប់​នាក់ និង​នាំអោយ​ប្រជាជន​ក្នុង​រដ្ឋធានី​របស់​តិច​សាស់​ច្របូកច្របល់​ចាប់​​តាំងពី​ថ្ងៃ​០២​មីនា​មក​។​

​ហេតុផល​វាយប្រហារ​រ​បស់​ជននេះ​គ្មាន​នរណា​ដឹង​ទេ​ហើយ​ប៉ូលិស​ក៏​មិនដឹងថា​បុរស​នេះ​ធ្វើ​សកម្មភាព​តែឯង​ឬ​ជា​ក្រុម​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​ត្រាំ បាន​សរសេរ​បង្ហោះ​ថា​« ជនសង្ស័យ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​អូ​ស្ទី​ន ស្លាប់​ហើយ​។​ក្រុម​អនុវត្តន៍​​ច្បាប់​ធ្វើការ​បានល្អ​»​។​

​សូមបញ្ជាក់ថា មាន​ការហៅ​ទូរស័ព្ទ​ជាង​១.២០០​លើក​មកពី​អ្នកស្រុក ចាប់តាំងពី​ប៉ូលិស​បាន​ទទូច​អោយ​ពួកគេ​រាយការណ៍​ករណី​សង្ស័យ​​ក្រោយ​ការផ្ទុះ​លើកទីមួយ​។​ចុងបញ្ចប់ ប៉ូលិស​បានប្រកាស​ផ្តល់រ​ង្វាន់​១១៥.០០០​ដុល្លារ​ចំពោះ​ព័ត៌មាន​នាំ​ដល់​ការចាប់ខ្លួន​ជនដៃដល់​៕​ដោយ​៖​វាសនា​

​ប៉ូលិស​បាន​ទៅដល់​បន្ទាប់ពី​មនុស្ស​ម្នាក់​របួស​ក្នុងការ​ផ្ទុះ​កាលពី​ថ្ងៃ​អង្គារ​នៅ​អូ​ស្ទី​ន​