ជនសង្ស័យ​ម្នាក់​ប៉ុនប៉ង​លួច​ទ្រព្យ​សម្បត្តិ​ ប្រជាពលរដ្ឋ​ចាប់បាន ​វាយ​បែកក្បាល​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​

143
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ឡើងលើ​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ប៉ុនប៉ង​លួច​យក​ទ្រព្យសម្បត្តិ តែ​មិនទាន់​លួចបាន​ផង​ត្រូវ​ប្រជាព​រដ្ឋ​ព័ទ្ធ​ចាប់វាយ​ឡើង​ទ្រម​ខ្លួន​សល់​តែ​ដង្ហើមចង្រិត ​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលាម៉ោង​៨​និង​៣០​នាទី យប់ ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា​ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវលំ​ ចំណុច​ជិតសាលាបឋមសិក្សា​ទួល​សង្កែ ក្នុង​សង្កាត់ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សី​កែវ ។​

​ជនសង្ស័យ​មិនត្រូវ​បាន​ស្គាល់ឈ្មោះ​នោះទេ​។​ ផ្ទះ​ដែល​ជនសង្ស័យ​បាន​ឡើងលើ​ដំបូលផ្ទះ​លេខ​661F ផ្លូវ​លេខ​907 ដោយ​ម្ចាស់ផ្ទះ​មិន​នៅ ។​

​សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ពេល​កើតហេតុ​គាត់​បានឃើញ​ជនសង្ស័យ​ម្នាក់​បាន​ឡើងលើ​ដំបូលផ្ទះ​មិនដឹង​ប៉ុនប៉ងហែក​ដំបូលផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ ខណៈ ម្ចាស់ផ្ទះ​ចាក់សោមិន​នៅ​ ហើយក៏​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាព​រដ្ឋ​ដែល​រស់​នៅក្បែរ​នោះ​នាំគ្នា​ព័​ទ្ធ​ផ្ទះ ចាំ​ចាប់​ជនសង្ស័យ។ អ្នកខ្លះ​កាន់ដំបង​ ខ្លះទៀត​កាន់​ដុំថ្ម​បាន​ស្រែក​ឲ្យ​ចុះ​ពីលើ​ដំបូល​មក ធ្វើឲ្យ​ជនសង្ស័យ​ភ័យ​ក៏​រត់តាម​ដំបូលផ្ទះ​មក​ខាង​ក្រោយ​រួច​បាន​លោត​ចុះមក​ក្រោម​យកដុំឥដ្ឋគប់​មកលើ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ដេញតាម ។ តែ​រត់​មិន​រួច ​ត្រូវ​ប្រជាព​រដ្ឋ​ដេញចាប់បាន​វាយ​ឡើង​បែកក្បាល​ឈាម​ហូរ​ស្រោច​ខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែម្ដង​។​

​ក្រោយ​កើតហេតុ​ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​ទៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​ដើម្បី​សាកសួរ​និង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​B/Ha