ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​គេ​ហើយ​យកទៅ​ផ្ញើ តែ​ម្ចាស់​តាម​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

928
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​ម្ចាស់​ម៉ូតូ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​សង់​កូរ៉េ ហើយ​យកទៅ​ផ្ញើ តែ​ត្រូវ​ម្ចាស់​តាម​ទាន់​។​ ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​នៅ​កន្លែងផ្ញើម៉ូតូ​ក្រុម​១​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។​

​ជនសង្ស័យ​ឈ្មោះ ឯល សុ​ផា ហៅ​ឆាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ ទី​លំ​ប​ច្ច​ប្បន្ន​ផ្ទះ​លេខ​០៥០ ផ្លូវ​៩៣ ក្រុម​៣ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។ ជនរងគ្រោះ​ឈ្មោះ កាក់ ទិ​ត្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ​ក្រុម​៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ មុខរបរ​កម្មករ​ដឹក​ធុង​ហ្គាស​។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FP 3145 បច្ចុប្បន្ន​ម៉ូតូ​ខាងលើ​ប្រគល់​ឲ្យ​ជនរងគ្រោះ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​៧​និង​៣៩​នាទី​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ ជនរងគ្រោះ​បានដាក់​ម៉ូតូ​សង់​កូរ៉េ​ខាងលើ នៅក្នុង​របង​ផ្ទះជួល មិនបាន​ចាក់​សោក​ម៉ូតូ​ទេ រួច​ជនរងគ្រោះ​បាន​ទៅ​ដេក​។ លុះ​ម៉ោង​ប្រហែល​១០​និង​៣០​ថ្ងៃខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​បាន​ក្រោក មិនឃើញ​ម៉ូតូ ក៏​ផ្អើលឆោឡោ​បាត់​ម៉ូតូ​តែម្តង​។ បន្ទាប់មក ជនរងគ្រោះ​និង​កម្មករ​នៅ​ជាមួយគ្នា​បាននាំគ្នា​ដើររក​ម៉ូតូ​តាម​កន្លែងផ្ញើម៉ូតូ ហើយ​បានឃើញ​ម៉ូតូ​របស់ខ្លួន​នៅ​កន្លែង​ម៉ូតូ​ម្តុំ​ប្រឡាយ​លូទឹកស្អុយ ក្នុង​សង្កាត់​ទួល​សង្កែ ពេលនោះ​ជនរងគ្រោះ​បាន​ជួប​ជាមួយ​អ្នកទទួល​ផ្ញើ​ម៉ូតូ ហើយ​អ្នកទទួល​ផ្ញើ​ម៉ូតូ​បាន​និយាយប្រាប់​ជនរងគ្រោះ​ថា “​មាន​គេ​យក​ម៉ូតូ​មក​ផ្ញើ​នឹង​គាត់​មែន បើ​បង​ឯង​ថា ម៉ូតូរ​បស់បង​ឯង ចាំ​ខ្ញុំ​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​មក​មើល​”​។​

​លុះ​នៅវេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ ទើប​ជនសង្ស័យ​ឈ្មោះ ឯល សុ​ផា​ហៅ​ឆាង បានមក​យក​ម៉ូតូ រួច​អ្នកទទួល​ផ្ញើ​ម៉ូតូ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឲ្យ​មក​មើល ភ្លាមៗ​នោះ ជនរងគ្រោះ​បាននាំគ្នា​ទៅដល់​កន្លែងផ្ញើម៉ូតូ​បានឃើញ​ជនសង្ស័យ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ ទើប​កម្លាំង​ល្បាត​សហ​ប៉ុស្តិ៍​ទៅដល់​កន្លែងកើតហេតុ​នាំ​ជនសង្ស័យ និង​វត្ថុតាង​មកកាន់​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ដើម្បី​សាកសួរ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​ប្រាកដ​មែន​។ បន្ទាប់ពី​បាន​ចម្លើយសារភាព​ពី​ជនសង្ស័យ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​បញ្ជូនទៅ​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​គរ​បា​លខ​ណ្ឌ​ឫស្សីកែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕