ជនសង្ស័យ​២​នាក់​ឆក់​ទូរ​ស័​ព្ទដៃ​អស់​លក្ខណ៍ ​ត្រូវបាន​សមត្ថកិច្ច ចាប់​ជាប់​

400
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​ ៖ ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទដៃ​ពី​បុរស​ម្នាក់​ជា​ជន​ជាតិចិន​បានសម្រេច ​រួច​ជិះ​រត់គេចខ្លួន​ទៅ​ចូល​បុរី​ជ្រោយ​បាសាក់ ត្រូវបាន​សមត្ថកិច្ច​ឃើញ​ដេញតាម​ចាប់បាន​ភ្លាមៗ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទីយប់ ថ្ងៃ​ចន្ទ ទី​៨ ខែកក្កដា ឆ្នាំ​២០១៩​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៣៦៩ ត្រង់ចំណុច​ស្ថា​នី​យបូមទឹកព្រះ​ពន្លា ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​ ទី​១.ឈ្មោះ វាទ វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​អ្នក​ឌុប​។​ ទី​២.​មានឈ្មោះ ខុម រាជ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​អ្នក​ឆក់​អង្គុយ​ពីក្រោយ​។​ចំណែក​ជនរងគ្រោះ​ជា​ជន​ជាតិចិន​មានឈ្មោះ Lyu GVONG ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​បុគ្គលិករោងចក្រ​យី​វ៉ូ ស្នាក់​នៅផ្ទះ​គ្មាន​លេខផ្លូវលំ ក្នុងភូមិ​អូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

តាម​ប្រភពពី​សមត្ថកិច្ច​ប៉ុ​ស្តិ៍នគរបាល​រដ្ឋបាល​ព្រែកប្រា បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ រូប​គាត់​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រក្នុង​មូលដ្ឋាន ក្នុង​គោលបំណង បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាង​ក៏មាន​ជនជាតិ​ចិន​ម្នាក់​កំពុងឈរ​និយាយ​ទូរ​ស័​ព្ទ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សង់​ប៊ិច ស៊េរី​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​កណ្តាល​1S.3256 ជិះ​មកពី​ក្រោយ តាម​បណ្តោយ​ផ្លូវ​៣៦៩ ទិសដៅ​ពី​ជើង​ទៅ​ត្បូង រួច​ធ្វើ​សកម្មភាព​ឆក់​ទូរ​ស័ព្ទម៉ាក HVAWEI (​ហ៊ួ​រ វ៉ៃ​) មួយគ្រឿង​ដែលរូបគាត់​កំពុង​ឈរ​និយាយ​បានសម្រេចហើយ​ជនរងគ្រោះ​ស្រែក​ឆោឡោឡើង​។​ចំណែក​ជនសង្ស័យ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាមៗ។

ខណៈ​ពេលនោះ​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ តាំងពី​ចំណុចកើតហេតុ​ខាងលើ​រហូតដល់​បុរី​ជ្រោយ​បាសាក់ ជនសង្ស័យ​មានការភ័យ​ស្លន់ស្លោ​កបាន​ជិះ​ម៉ូតូ​រត់​ទាំង​ភ័យ​ក៏​ត្រូវបាន​សមត្ថកិច្ច​ព័ទ្ធ​ចាប់បាន​ភ្លាមៗ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​រួមទាំង​វត្ថុតាង ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​រដ្ឋា​បាល​ព្រែកប្រា និង​ឲ្យ​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង​រួច​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​ B/Ha