ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិនទាន់​បានសម្រេច​ផង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

306
ចែករម្លែក

​ដោយៈ សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មិនទាន់បាន​សម្រេច​ផង ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​បេតុង បន្ទប់​ផ្ទះជួល ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​លោក ឯម ភា​រី នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​៣ បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ ហេង សារិន ភេទ​ប្រុស​អាយុ​៣៨ ឆ្នាំ​មុខរបរ ដេរ​ស្បែកជើង ស្នាក់នៅ​ចំណុច​បន្ទប់​ផ្ទះជួល​ម្ដុំ​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ទី​២​ឈ្មោះ សុខ ម៉ៅ អាយុ​២៣ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​នាយប៉ុស្តិ៍​រូបនេះ​បាន​បន្ដទៀតថា មុនពេល​កើតហេតុ​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ម៉ាក Fz ពណ៌​ខ្មៅ​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ 4191 ក្នុង​របង​មុខ​បន្ទប់​ជួល ដោយបាន​ចាក់សោរ​បូម​ខាងមុខ មិនបាន​ចាក់សោរ​ទ្វាររបង​ទេ រួច​ក៏​ចូលក្នុង​បន្ទប់ដេក​រហូតដល់​ម៉ោង​៤ ទៀបភ្លឺ ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ក៏មាន​ជនសង្ស័យ​២​នាក់ ចូលមក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ដោយ​ជនសង្ស័យ​ម្នាក់​ជា​អ្នកធ្វើ​សកម្មភាព និង​ម្នាក់ទៀត​យាមផ្លូវ​ខាងក្រៅ ស្រាប់តែ​ចៃដន្យ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣​ល្បាត​ក្នុងភូមិ​សាស្ដ្រ ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ក៏​ប្រទះឃើញ​ជនសង្ស័យ​ក៏​ឃាត់ខ្លួន​សួរនាំ បន្ទាប់មក​ទើប​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ក៏​ឃាត់ខ្លួន​យកមក​ប៉ុស្ដិ៍​ដើម្បី​សួរនាំ​តែម្ដង​។ វត្ថុតាង​ដកហូត​រួមមាន​៖ ម៉ូតូ​ចំនួន​២ គ្រឿង ,​ទូរ​សព្ទ​ដៃ​១​គ្រឿង , ដែក​លួស​សម្រាប់​ឆ្កិះ​សោរ​ចំនួន​១​។​

​ក្រោយពេល​សួរនាំ​រួចមក​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី​៣ បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ទៅកាន់​អធិការនគរបាល​ខណ្ឌ​មានជ័យ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវីធី​៕ ល​