ជនសង្ស័យ​២​នាក់​ប្រើល្បិច​ចូល​ទិញ​កាហ្វេ រួច​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បានសម្រេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​

306
ចែករម្លែក
  • 20
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ប្រើល្បិច​ចូល​ទិញ​កាហ្វេ រួច​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ស៊ូ​មើ​អ៊ិ​ច​មួយគ្រឿង​បានសម្រេច តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច ដែល​ហេតុការណ៍​កើត​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៨ ខែមករា​ឆ្នាំ​២០១៩ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ឈ្មោះ សយ សុជាតិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ និង​បក្ខពួក​ម្នាក់ទៀត ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​និក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FZ. 0251 ឌុប​គ្នា​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ កុយ ចន្ថា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ស្នាក់​ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌឫស្សីកែវ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ស៊ូ​មើ​អ៊ិ​ច​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1Sk 7647​។​

​តាម​សម្តី​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចត​ម៉ូតូ​ទុក​នៅមុខ​បន្ទប់​ក្បែរ​កន្លែង​គេ​លក់​កាហ្វេ ដោយ​មិនបាន​ដក​សោ​ឡើយ ក្រោយមក​លេចមុខ​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ចូលមក​ទិញ​កាហ្វេ​មួយ​កែវ​នៅក្បែរ​ផ្ទះ​ជនរងគ្រោះ​។ បក្ខពួក​ជនសង្ស័យ​ម្នាក់ បាន​ចូលមក​ទិញ​កាហ្វេ​មួយ​កែវ ខណៈនោះ ជនសង្ស័យ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​នៅក្បែរ​ចូលទៅ​លួច​ជិះ​គេចខ្លួន​បាត់ស្រមោល ចំណែក​បក្ខពួក​ម្នាក់ទៀត ដែល​នៅចាំ​បក្ខពួក​ធ្វើ​សកម្មភាព​បម្រុង​ជិះ​ម៉ូតូ​ម៉ា​កនិក​គេចខ្លួន​ដែរ តែ​គេច​មិន​រួច​ត្រូវ​អ្ន​ជិតខាង និង​ម្ចាស់​ម៉ូតូ​ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​