ជនសង្ស័យ​៣​នាក់​នាំគ្នា​មក​ភ្នំពេញ​មិន​រក​ការងារ​ធ្វើ​ បែរជា​បែកគំនិត​លួច​កង់​បី​ឥណ្ឌា ​ជាប់​ខ្នោះ​នៅ​ប៉ុស្តិ៍នគរបាល​បឹងទំពុន​១

186
ចែករម្លែក

ដោយៈ សាវ​រក្ស​:ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​នាំគ្នា​មក​ភ្នំពេញ​ មិន​រក​ការងារ​ធ្វើ​បែរជា​បែកគំនិត​លួច​កង់​បី​ឥណ្ឌា ត្រូវបាន​ប្រជាពលរដ្ឋនិង​សមត្ថកិច្ច​សហការគ្នា​ដេញចាប់បាន​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលងអធ្រាត្រឈានចូល​ថ្ងៃ ទី​១៧ ខែសីហា ឆ្នាំ​២០១៩ ត្រង់ចំណុច​មុខ​ក្លឹប​ប្ល៊ូឡាញ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួមមាន​ទី​១ ឈ្មោះ សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល ។ ទី​២​ឈ្មោះ កែវ សុធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល និងទី​៣ ឈ្មោះ ថុល លី​ឆេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​និង​ស្នាក់ នៅ​មិន​ពិតប្រាកដ ។​

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ រតនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រត់​កង់​បី​ឥណ្ឌា ពាក់​ផ្លាកលេខ​ភ្នំពេញ​1HJ-8465 ស្នាក់នៅ​ភូមិ​អក្សរ សង្កាត់ សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​សម្ដី​ជនរងគ្រោះ​ជា​អ្នករត់​កង់​បី​ឥណ្ឌា ដែល​នៅ​កន្លែងកើតហេតុ ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​សង្កេតឃើញ ជនសង្ស័យ​៣​នាក់​ខាងលើ​បាន​ដើរមក​ក្បែរ​កង់​បី​ឥណ្ឌា​របស់​ជនរងគ្រោះ ដោយមាន​២​នាក់​ធ្វើ​អង្គុយ​ក្បែរ និង​ម្នាក់ទៀត​ធ្វើ​សកម្មភាព​ផ្ដាច់​ប្រព័ន្ធ​ភ្លើង​បំណង​លួច ។ ក្រោយមក ក៏មាន​អ្នករត់​កង់​បី​ឥណ្ឌា​ដូចគ្នា​ឃើញ​សកម្មភាព​ជនសង្ស័យ​ខាងលើ​មិនល្អ ក៏​ធ្វើការ​សួរនាំ​ពួកគេ តែ​ពួកគេ​បាននាំគ្នា​រត់គេចខ្លួន ទើប​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​សហការគ្នា​ដេញ​ចាប់ខ្លួនបាន​ទាំង​៣​នាក់ ។​

ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​ពួកគេ​ទៅកាន់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាលបឹងទំពុន​ទី​១ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕Ha​

#