ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង​១​គីឡូក្រាម ត្រូវ​តុលាការ​ឃុំខ្លួន

970
ចែករម្លែក

(ភ្នំពេញ)៖ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧ អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ជា​បន្តបន្ទាប់ ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​៦​នាក់ និង​ដកហូត​ថ្នាំញៀន​បាន​ចំនួន​ជាង​១.៣​គីឡូក្រាម រួច​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ក្រោយ​ការសាកសួរ​រួចហើយ នៅ​រសៀល​ថ្ងៃទី​១៣​ខែកក្កដា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​មនុស្ស​៦​នាក់​នេះ ដាក់ពន្ធនាគារ​។​

​សមត្ថកិច្ច​បញ្ជាក់ថា នៅវេលា​ម៉ោង​១១​ថ្ងៃទី​១១ ខែកក្កដា កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌទួលគោក សហការ​ជាមួយ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​ចំណុច​លើផ្លូវ​រថភ្លើង និង​បន្ទប់​ជួល​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​១៦ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ដោយ​ដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា បាន​ចំនួន​១៩​កញ្ចប់ និង​ថ្នាំញៀន​ប្រភេទ​គ្រាប់​WY ចំនួន​១៧​គ្រាប់ និង​១០​ចំហៀង​។ ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឃាត់ខ្លួន​មានឈ្មោះ នៅ មុំ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ និង​ឈ្មោះ ប៊ិន ប៉ោង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​។​

​ដោយឡែក​នៅវេលា​ម៉ោង​១១៖៤០​ថ្ងៃ​ដដែល កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​មួយក្រុម​ផ្សេងទៀត នៅ​បន្ទប់​ជួល ភូមិ​ជ្រោយ​បាសាក់​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ឈ្មោះ លាង ហេង​តា​យ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​ឈ្មោះ លី លីន ភេទ​ស្រី អាយុ​២០​ឆ្នាំ ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា បាន​ចំនួន​១៨​កញ្ចប់ ទម្ងន់​១.៣១​គីឡូក្រាម​។​

​បន្ទាប់មក​ជនសង្ស័យ​ទាំង​២​នាក់​នេះ បានចង្អុលបង្ហាញ​សមាសភាព ក្រុម​ជួញដូរ​គ្រឿងញៀន​មួយក្រុម​ទៀត នៅផ្ទះ​ជួល​គ្មាន​លេខ ក្រុម​៣៧ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ និង​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ បង្ក្រាប​នៅវេលា​ម៉ោង​១៖៥០​រសៀល ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ទៀត ឈ្មោះ ង្វៀង យ៉ាំង​តេ​វ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ឈ្មោះ ផាម ធី​ហៀ​ង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ដកហូត​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា បាន​ចំនួន​០៨​ក​ញ្ច​, ថ្នាំញៀន​ប្រភេទ​ម្ស៉ៅ​ស ចំនួន​០២​កញ្ចប់ និង​ថ្នាំញៀន​ប្រភេទ​គ្រាប់​ពណ៌​ឈាមជ្រូក ពណ៌​ប្រផេះ ពណ៌​ខៀវ ចំនួន​៣៦​គ្រាប់​។​

​តាម​ចម្លើយសារភាព​របស់ ជនសង្ស័យ​ឈ្មោះ ង្វៀង យ៉ាំង​តេ​វ បាន​បញ្ជាក់ថា កន្លងមក​រូបគេ​ធ្លាប់​ជាប់គុក​ព្រៃ​ស ម្តង​រួចមកហើយ​ក្នុង​ឆ្នាំ​២០០៩ ពីបទ​ចែកចាយ​គ្រឿងញៀន ហើយ​ចេញ​មកវិញ​ក្នុង​ឆ្នាំ​២០១០​។ ចំណែក​ថ្នាំញៀន ដែល​សមត្ថកិច្ច​អាវុធហត្ថ​ឆែក​ឃើញ​ក្នុងផ្ទះ​ខ្លួន​នៅពេលនេះ គឺ​ខ្លួន​ទទួលបាន​តាមរយៈ​ឈ្មោះ តើយ ដែល​កំពុង​អនុវត្ត​ទោស​(​ជាប់គុក​) ក្នុង​ពន្ធនាគារ​ព្រៃ​ស ជា​អ្នក​ទូរស័ព្ទ​ប្រាប់​ឲ្យ​ខ្លួន​ទទួល​ពី​បុរស​ម្នាក់ ដើម្បី​ចាត់ចែង​បន្ត​។ បុរស​នោះ​ខ្លួន​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយ​ខ្លួន​ចាំតែ​ទទួលបញ្ជា​តាម​ទូរស័ព្ទ​ពី​ឈ្មោះ តើយ ដែល​កំពុង​នៅក្នុង​គុក​តែប៉ុណ្ណោះ​៕ ដោយ ៖ស​រិ​ទ្ធ

ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង​១​គីឡូក្រាម ត្រូវ​តុលាការ​ឃុំខ្លួន (រូប៖ សរិទ្ធ)