ជនសង្ស័យ​!​ លុយ​៣,៥​លាន​ដុល្លារ​ នាំចូល​កម្ពុជា​បានមកពី​លេងល្បែង​ឈ្នះ​កាស៊ីណូ​នៅ​ម៉ា​កាវ​

857
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ ជនជាតិ​ចិន​ដែលជា​ម្ចាស់​លុយ​បាន​បញ្ជាក់ថា ​លុយ​ចំនួន​ជាង​៣​លាន ៥​សែន​ដុល្លារ​ ដែល​ពួកគេ​នាំ​ពី​ហុងកុង​ចូលមក​ប្រទេស​កម្ពុជា​គឺ​បានមកពី​ការលេង​ល្បែង​ឈ្នះ​នៅ​កាស៊ីណូ​ចំនួន ៧ នៅ​ទីក្រុង​ម៉ា​កាវ​។

​លុយ​មួយចំនួនបានមកពីខ្ចី​បងប្អូន និងមួយចំនួនទៀតបានមកពី​ចំណូលនៃការ បើក​ក្រុមហ៊ុន​សាលារៀន​បើកបរ និង​ក្រុមហ៊ុន​លក់​ធានារ៉ាប់រង ជាដើម​។ នេះ​បើតាម​ការឆ្លើយបំភ្លឺ​រប​ស់​ឈ្មោះ​WangShiping​និង​WangLichao​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ជនសង្ស័យ​បានបញ្ជាក់​ទៀតថា ពួកគេ​ទាំងបី​នាក់​បាន​ចូលមកក្នុងប្រទេសកម្ពុជា​នៅ​ចុងឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩ ​ហើយ​ពិតជា​បាន​យក​សាច់ប្រាក់​៣.៥២០.០០០​ដុល្លារ​ចេញពី​ហុងកុង​មក​ប្រទេស​កម្ពុជា ក្នុងគោលបំណងមក វិនិយោគ​ក្នុង​វិស័យអចល​ទ្រព្យ និង​សណ្ឋាគារនៅ​កម្ពុជា​។

​ប៉ូលិសអន្តោប្រវេសន៍​ក​ម្ពុ​ជា​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​បីនាក់​ពាក់ព័ន្ធ​ការនាំ​សាច់ប្រាក់​ជាង​៣,៥​លាន​ដុល្លារ (៣.៥២០.០០០​ដុល្លា​រ) ចេញពី​ហុងកុង​ចូល​ប្រទេស​កម្ពុជាតាមច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ កាល​ថ្ងៃទី២៣ ខែ មេសា ឆ្នាំ​២០១៩​។ ដោយប៉ូលិស​បានដាក់​ការសង្ស័យថា​ជាប់​ពាក់ព័ន្ធការសម្អាត​ប្រាក់​(​លាងលុយកខ្វក់​)​។​

​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ ខ្លួន​មានដូចជា ទី​១- ឈ្មោះ Wang Shiping ភេទ​ប្រុស មុខរបរមិន​ពិតប្រាកដ​។ ទី​២- ឈ្មោះ Wang Lichao ភេទ ប្រុស មុខរបរ មិន​ពិតប្រាកដ​។​ទី​៣- ឈ្មោះ Zhang Jian ភេទប្រុស (​មិនមាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​) មុខរបរ​មិន​ពិតប្រាកដ​។​ចំណែកឈ្មោះ Zhang Jian បានបំភ្លឺថា ខ្លួនគ្រាន់តែអ្នកមកទទួល​ឈ្មោះ Wang Shiping និង Wang Lichao តែប៉ុណ្ណោះ​។​

​ប្រភព​ច្បាស់​ការណ៍​បាន​បញ្ជាក់ថា លុយ​ជាង ៣​លាន ៥​សែន ដុល្លារ ពុំមាន​ឯកសារ​បញ្ជាក់​អំពីប្រភពចំណូល​ច្បាស់លាស់​ ដោយ​គ្រាន់​តែមាន​វិ​ក្កយ​ប​ត្រ​ប្តូរប្រាក់​ចំនួន​ពីរ​សន្លឹក​ដែល​ស្មើនឹង​ចំនួន​៣.៥២០.០០០​ដុល្លារ​របស់​ក្រុមហ៊ុន​ប្តូរប្រាក់​មួយ​ក្នុងទីក្រុងហុងកុង។​

​បន្ទាប់ពី​សាកសួរ​រួច ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៣​នាក់​ត្រូវបាន​ប៉ូលិស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជូនទៅ​សាលាដំបូង​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៩​។​នៅ​ថ្ងៃទី​២៨​ខែមេសា ​តុលាការ​បានសម្រេច​ចោទប្រកាន់​និង​ឃុំខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​ដាក់ពន្ធនាគារ​។​

​លោក​លី​ សុ​ផា​ណា​​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​ក្រោយពី​បាន​ពិនិត្យ​សំណុំរឿង​និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និង​ឈ្មោះ ZHANG JIAN រួចមក តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទសម្អាត​ប្រាក់ តាម​មាត្រា​៣​ថ្មី និង​មាត្រា​២៩​ថ្មី នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ហើយ​បញ្ជូន​បុគ្គល​នេះ​និង​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី ៕S/​Ha