ជនសង្ស័យ ៣១ នាក់​ត្រូវបាន​ប៉ូលិស​ឥណ្ឌូនេស៊ី​បាញ់​ស្លាប់ ក្នុង​កិច្ចប្រឹងប្រែង “​បោសសម្អាត​” ទីក្រុង​នៅមុន​ពិធី​បើក​កីឡា​អាស៊ី​ចុង​សប្តាហ៍​នេះ

932
ចែករម្លែក
  • 26
    Shares

​ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​បាញ់សម្លាប់​មនុស្ស​រាប់សិប​នាក់​ជាមួយ​គោលនយោបាយ “​បាញ់​សិន​ចាំ​សួរចម្លើយ​តាម​ក្រោយ​” ដើម្បី “​បោសសម្អាត​” ទីក្រុង​នៅមុន​ពិធី​បើក​កីឡា​អាស៊ី (Asian Games) នៅ​ថ្ងៃ​សៅរ៍​ទី​១៨​សីហា​នេះ​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​អះអាងថា ការបាញ់សម្លាប់​ដោយ​ប៉ូលិស​ចំនួន ៣១ ករណី​ត្រូវបាន​ផ្សាភ្ជាប់​ដោយផ្ទាល់​ទៅនឹង​ប្រតិបត្តិការ​របស់​ប៉ូលិស​ដែល​ត្រូវបាន​រៀបចំ​យ៉ាង​ច្បាស់លាស់​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ទីក្រុង​ហ្សា​ការ​តា​និង​ទីក្រុង​ផ្សេងទៀត​ធ្វើជា​ម្ចាស់ផ្ទះ​។​

​មេ​ប៉ូលិស​ជាតិ​លោក ទី​តូ កា​នី​យ៉ា​វ៉ាន់ បានប្រកាសថា មន្ត្រីប៉ូលិស​នឹង​ចាត់វិធានការ “​យ៉ាង​ម៉ឺងម៉ាត់​” រួមទាំង​ការបាញ់​ជន​ណា ដែល​ជំទាស់​នឹង​ការចាប់ខ្លួន​។​

​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការរិះគន់​អំពី​ប្រតិបត្តិការ​ដ៏​សាហាវ​នេះ​កាលពី​ថ្ងៃទី ៣០ កក្កដា លោក​ទី​តូ​បាន​និយាយថា “​ប្រសិនបើ​ពួកគេ​ប្រយុទ្ធ​ជាមួយ​មន្ត្រីប៉ូលិស​ក្នុងអំឡុងពេល​ចាប់ខ្លួន នោះ​គ្មានអ្វី​សង្ស័យ​ទេ គឺ​បាញ់​ពួកគេ​ចោល​ទៅ​”​។​

​ការសម្លាប់​នេះ​បាន​ឡើងដល់​ចំណុចកំពូល​កាលពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ១២ ខែកក្កដា នៅពេល​មនុស្ស ១១ នាក់​នៅ​ហ្សា​ការ​តា​និង​៣​នាក់​ទៀត​នៅ​ស៊ូ​ម៉ា​ត្រា​ខាងត្បូង​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់ ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​សុវត្ថិភាព​សាធារណៈ​។​

​នៅ​ហ្សា​ការ​តា មនុស្ស ៤១ នាក់​ផ្សេងទៀត​ត្រូវបាន​បាញ់​ចំ​ជើង ហើយ​មនុស្ស​ជាង ៧០០ នាក់​ក្នុងចំណោម​មនុស្ស ៥.០០០ នាក់​ដែល​ចាប់ខ្លួនបាន ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​៕ ដោយ៖ កញ្ញាដាលីស

ជនសង្ស័យ ៣១ នាក់​ត្រូវបាន​ប៉ូលិស​ឥណ្ឌូនេស៊ី​បាញ់​ស្លាប់ នៅមុន​ពិធី​បើក​កីឡា​អាស៊ី​នៅ​ថ្ងៃទី ១៨ សីហា​នេះ