ជន​កូរ៉េ​ខាងត្បូង​៤ នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ចូល​បរិវេណ​លំនៅដ្ឋាន​របស់​ប្រេសិត​អាម៉េរិក​

177
ចែករម្លែក

​ប៉ូលិស​កូរ៉េខាងត្បូង​បាន​ចាប់ខ្លួន​និស្សិត​ប្រឆាំង​អាម៉េរិក​ចំនួន​៤ នាក់​ដែល​បាន​ចូល​ដោយ​ខុសច្បាប់​ចូលទៅ​លំនៅដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​ទីក្រុង​សេ​អ៊ូ​ល ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​តវ៉ា​ប្រឆាំង​ការទាមទារ​របស់​រដ្ឋ​បាល​របស់​លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាម៉េរិក ចំពោះ​ការ​ឱ្យ​បង់ប្រាក់​បន្ថែមទៀត​ដើម្បី​ជួយ​បង់ថ្លៃ​ចំណាយ​​លើ​ការរក្សា​កងទ័ព​អាម៉េរិក​នៅ​ប្រទេស​នេះ ។​

​តុលាការ​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២២​ខែ​តុលា​នេះ​ថា​ចៅក្រម​របស់​ខ្លួន​បាន​ចេញ​ដីកាចាប់ខ្លួន​និស្សិត​៤​នាក់​ដោយសារ​ការព្រួយបារម្ភ​ថា​ពួកគេ​នឹង​ព្យាយាម​​រត់គេច​ខ្លួន​ឬ​បំផ្លាញ​ភស្តុតាង​។​

​ចៅក្រម​បាន​បដិសេធ​ការចេញ​ដីកា​ដើម្បី​ចាប់ខ្លួន​និស្សិត ៣​នាក់​ផ្សេង​ទៀត​ដែល​មាន​តួនាទី​តូចតាច​ជាង​នៅក្នុង​ការតវ៉ា​នេះ ហើយ​បាន​សហការ​ជាមួយ​ការស៊ើបអង្កេត​​នេះ ។​

​កាលពី​ដំបូង​ឡើង ប៉ូលិស​បាន​ចាប់​ឃុំខ្លួន​និស្សិត​សាកលវិទ្យាល័យ​១៩ នាក់​កាលពី​រសៀល​ថ្ងៃ​សុក្រ​នៅ​លំនៅដ្ឋាន​របស់​ឯកអគ្គ​រដ្ឋទូត​អាម៉េរិក លោក ហា​រី ហារី​ស​បន្ទាប់ពី​​មនុស្ស​១៧​នាក់​នៃ​ពួក​គេ​នេះ បាន​ប្រើ​ជណ្តើរ​ដែក​២​ឡើង​លើ​របង​នៃ​បរិវេណ​នោះ​ហើយ​ស្រែក​តវ៉ា​ប្រឆាំង​សហរដ្ឋ​អាម៉េរិក​នៅ​មុន​ពេល​មន្ត្រី​ចាប់​អូស​ពួកគេ​ចេញ​។​

​នៅ​ពេល​នៃ​ការតវ៉ា​នោះ លោក ហា​រី ហារី​សបាន​ស្ថិតនៅ​ឯ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ចូលរួម​ពិធី​ទទួល​ស្វាគមន៍​មួយ​ដែល​រៀបចំឡើង ​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​មូន ជែ​អ៊ីន ។​

​ហេតុការណ៍​នេះ កើតឡើង ស្របពេល​ដែល សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​កំពុង​រៀបចំ​ធ្វើ​ជំនួប​ចរចា​មួយ​ទៀត​អំពី​ការជួយ​ចេញថ្លៃ​ការចំណាយ​សម្រាប់​វត្តមាន​កងទ័ព​​អាម៉េរិក​ន​កូរ៉េខាងត្បូង​៕​ដោយ​៖​សុខា​/sn

និស្សិត​ម្នាក់ កាន់​បដា​តវ៉ា​នៅ​ពីមុខ​លំនៅដ្ឋាន​នៃ​ឯកអគ្គរដ្ឋទូត​អាម៉េរិក នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃទី​១៨​ខែ​តុលា​នេះ​