ជន​ជាប់ឃុំ​ម្នាក់ នៃ​ពន្ធនាគារ​ខេត្តកណ្តាល បាន​ស្លាប់ ដោយសារ​ជំងឺ​

226
ចែករម្លែក

ដោយ​៖ ទេព មង្គល​
កណ្តាល​៖
ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល បាន​អះអាង​ប្រាប់ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​ថា ជន​ជាប់ឃុំ​ម្នាក់ ដែល​កំពុង​ជាប់ទោស នៅក្នុង​ពន្ធនាគារ ខេត្តកណ្ដាល បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ជ័យជំនះ ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង ក្រោយពេល ជន​ជាប់ឃុំ​រូបនោះ មាន​អាកា​រៈ​ចុកពោះ​ខ្លាំង និង​បាន​ត្រូវបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​នោះ​។

ឧ​ត្ត​ម​អគ្គានុរក្ស​.២ លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល

​លោក សៅ ផា​រិន្ទ អនុប្រធាន​ការិយាល័យ​អប់រំ​កែប្រែ នៃ​ពន្ធនាគារ​ខេត្តកណ្តាល បានឱ្យដឹងថា ជន​ជាប់ឃុំ​រូបនោះ ឈ្មោះ សែម ហាក់ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ទីលំនៅ​មុន​ចាប់ខ្លួន នៅ​ភូមិ​លេខ​៤ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវបាន​សាលាដំបូង ខេត្តកណ្ដាល ឃុំខ្លួន កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៨ ពីបទ​ហិង្សា ប្រព្រឹត្ត​ដោយ​សហព័ទ្ធ​។​

​លោក សៅ ផា​រិន្ទ បាន​បន្តថា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦ និង ២០ នាទី ជន​ជាប់ឃុំ​រូបនោះ ឈ្មោះ សែម ហាក់ មាន​អាកា​រៈ​ចុកពោះ​ខ្លាំង ហើយ​មន្ត្រី​ផ្នែក​គ្រប់គ្រង ជន​ជាប់ឃុំ​រូបនេះ បាន​បញ្ជូន​មកកាន់​ប៉ុស្តិ៍​សុខភាព​ពន្ធនាគារ ហើយ​គាត់ (​ជន​ជាប់ឃុំ​) បាន​ប្រាប់​មន្ត្រី​ពេទ្យ​ប្រចាំ​ពន្ធនាគារ​ថា គាត់​ចុកពោះ​ខ្លាំង​។ ចំណែក​មន្ត្រី​ពេទ្យ​ប្រចាំ​ពន្ធនាគារ បាន​ពិនិត្យឃើញថា ស្ថានភាព​មិនល្អ ក៏បាន​សុំគោល ការណ៍ ពី​លោក​ប្រធាន​ពន្ធនាគារ ដើម្បី​បញ្ជូន​ជន​ជាប់ឃុំ​រូបនេះ ទៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។

ជន​ជាប់ឃុំ ឈ្មោះ សែម ហាក់​

​ក្រោយពេល​បានការ​អនុញ្ញាត​ពី ឧ​ត្ត​ម​អគ្គានុរក្ស​.២ លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល មន្ត្រី​ពេទ្យ​ពន្ធនាគារ ក៏បាន​បញ្ជូន​ជន​ជាប់ឃុំ​រូបនេះ ទៅដល់​មន្ទីរពេទ្យបង្អែក​ជ័យជំនះ នៅវេលា​ម៉ោង ១៧ និង ០០ នាទី ភ្លាមៗ​ដែរ​។ គ្រូពេទ្យ បាន​យក​ជន​ជាប់ឃុំ​រូបនេះ ទៅពិនិត្យ​អេកូ​សាស្ត្រ និង​ថតកាំរស្មីអ៊ិច​។ នៅពេល​ចេញពី​បន្ទប់​ថតកាំរស្មីអ៊ិច ស្រាប់តែ​ជន​ជាប់ឃុំ​រូបនេះ ទន់ជង្គង់ ដើរ​លែងរួច ហើយ​បាន​ដាច់ខ្យល់​ស្លាប់​តែម្តង​។ គ្រូពេទ្យ បាន​សន្និដ្ឋានថា ជន​ជាប់ឃុំ​រូបនេះ គឺ​ស្លាប់​ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង​។​

ជន​ជាប់ឃុំ ឈ្មោះ សែម ហាក់​ (នៅពេលចាប់ខ្លួន)

​ទន្ទឹមនឹងនេះ លោក​ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល បាន​បញ្ជាក់ថា ជន​ជាប់ឃុំ​ម្នាក់ ដែល​កំពុង​ជាប់ទោស នៅក្នុង​ពន្ធនាគារ ខេត្តកណ្ដាល បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ជ័យជំនះ ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង ក្រោយពេល ជន​ជាប់ឃុំ​រូបនោះ មាន​អាកា​រៈ​ចុកពោះ​ខ្លាំង និង​បាន​ត្រូវបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​នោះ​។​

​លោក​បាន​អះអាង​ទៀតថា ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​ជន​ជាប់ទោស ឈ្មោះ សែម ហាក់ នេះ លោក​ក៏បាន​ធ្វើលិខិត មួយច្បាប់ ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ បាន​ជម្រាបជូន​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ឱ្យបាន​ជ្រាប ពី​ករណី ដូចខាងលើ​នេះ ដោយ​លោក​បាន​បញ្ជូន ភ្ជាប់​ជាមួយ​នូវ​ប័ណ្ណ​វិភាគ ​ថត​អេកូ ប័ណ្ណ​វិភាគ​ថតកាំរស្មីអ៊ិច លិខិតបញ្ជាក់​មរណភាព និង​កំណត់ហេតុ​ប្រគល់​សាកសព ផងដែរ​៕v