ជន​ត្រូវ​ចោទ​កឹម សុខា នឹង​មិនមាន​វត្តមាន​ក្នុង​សវនាការ​តុលាការ​កំពូល​នៅ​ថ្ងៃស្អែក​

756
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​មន្ត្រី​តុលាការ​កំពូល​និយាយថា តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ស្អែក​នេះ នឹង​បើក​សវនាការ​រឿងក្តី​ជន​ត្រូវ​ចោទ​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។ សវនាការ​នេះ​គឺ​បណ្តឹង​ប្រឆាំងនឹង​ដីកា​ពន្យារពេល​នៃ​ការឃុំខ្លួន​ជន​ត្រូវ​ចោទ កឹម សុខា ដោយមាន​លោក​ឃឹម ប៉ុណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។

លោក កឹម សុខា ក្រោយពេលចាប់ខ្លួន(រូបឯកសារ)

​តុលាការ​ពុំបាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​ជន​ត្រូវ​ចោទ​កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៃ​ខេត្ត​ត្បូងឃ្មុំ មក​ចូលរួម​សវនាការ​ទេ ដោយសារ​សវនាការ​នេះ ជា​រឿង​មុន​អង្គសេចក្តី ពុំមាន​វត្តមាន​ជន​ត្រូវ​ចោទ ក៏​ដំណើរការ​បានដែរ គ្មាន​ខុស​នីតិវិធី​ឡើយ ។

​គួរ​បញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បទ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​ហើយ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា​៣​រូប​បាន​ទៅដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សាកសួរ​លោក កឹម សុខា​ដោយ​ការសាកសួរ​នោះ ក៏មាន​វត្តមាន​របស់​មេធាវី​ទាំង ៥​រូប របស់លោក កឹម សុខា ដែរ​៕​មន