ជន​ប៉ាឡេ​ស្ទីន​រាប់សិប​នាក់​រងរបួ​ស​ដោយ​ការបាញ់​របស់​អ៊ីស្រាអែល​ក្នុង​ការតវ៉ា​នៅ​ជិត​ព្រំដែន​

1163
ចែករម្លែក

ជនប៉ាឡេស្ទីនរាប់សិបនាក់បានរងរបួសដោយការបាញ់របស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រទី៤ឧសភា ខណៈមនុស្សរាប់ពាន់នាក់បានវិលទៅតំបន់ព្រំដែនហ្កាហ្សាសំរាប់ការតវ៉ាទាមទារដល់សប្តាហ៍ទី៦ ដែលបណ្តាលអោយអោយបាតុករជិត៥០ត្រូវបានសម្លាប់។

បុគ្គលិកពេទ្យបានព្យាបាលមនុស្សរបួស៤៣១នាក់ រួមមានមនុស្ស៩៨នាក់របួសដោយការបាញ់កាំភ្លើងគ្រាប់ពិតនិងគ្រាប់ជ័រពីកងកម្លាំងអ៊ីស្រាអែល។ផ្សែងពណ៌ខ្មៅហុយពីលើជំរំតវ៉ានៅខាងកើតទីក្រុងហ្កាហ្សា កន្លែងដែលជនប៉ាឡេស្ទីនបានដុតកង់ឡាននិងបង្ហោះក្លែង ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា បាតុករខ្លះបានចោលដុំថ្មដាក់កងកម្លាំងអ៊ីស្រាអែលដែលបានប្រើឧស្ម័នហៀរទឹកភ្នែកតតបវិញ។បាតុករខ្លះក៏បានប៉ុនប៉ងបំផ្លាញរបងព្រំដែននិងជ្រៀតចូលក្នុងប្រទេសអ៊ីស្រាអែល តែពួកគេបានថយទៅវិញនៅពេលទាហានទៅដល់។

សូមបញ្ជាក់ថា ជនប៉ាឡេស្ទីន៤៩នាក់ត្រូវបានសម្លាប់ចាប់តាំងពីផ្ទុះការប្រឆាំងតវ៉ានិងការប៉ះទង្គិចតាមព្រំដែនហ្កាហ្សាកាលពីថ្ងៃ៣០មីនា និងរាប់រយនាក់ទៀតរងរបួសដោយគ្រាប់កាំភ្លើង។

អ៊ីស្រាអែលបាននិយាយថា ទាហានរបស់ខ្លួនបាញ់តែក្នុងករណីចាំបាច់ ដើម្បីរារាំងការជ្រៀតចូល និងបំផ្លាញរបងព្រំដែនតែប៉ុណ្ណោះ។

ក្នុងការតវ៉ាប្រឆាំងនៅប៉ុន្មានសប្តាហ៍មកនេះ ខាងអ៊ីស្រាអែលមិនមានមនុស្សរងរបួសឬស្លាប់ទេ។

យោធាអ៊ីស្រាអែលបន្ទោស ក្រុមហាម៉ាស ដែលជាចលនាអ៊ីស្លាមនិយមគ្រប់គ្រងនៅហ្កាហ្សា ថាព្យាយាមប្រើប្រាស់ការតវ៉ាទាមទារប្រចាំសប្តាហ៍នេះជាការបិទបាំងបំណងអាក្រក់របស់ខ្លួនក្នុងការបង្កអំពើហិង្សា។

ពួកបាតុករបាននិងកំពុងទាមទារសិទ្ធិវិលទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ក្រោយពីផ្ទះនិងតំបន់ធ្លាប់រស់នៅរបស់ពួកគេត្រូវអ៊ីស្រាអែលវាយដណ្តើមកាន់កាប់នៅឆ្នាំ១៩៤៨។បាតុកម្មទំនងជាបន្តដល់ពាក់កណ្តាលខែនេះ ពេលដែលអាមេរិកមានគំរោងរើស្ថានទូតរបស់ខ្លួនពីក្រុងតែល អាវីវ ទៅហ្សេរុយសាឡឹម ជាអ្វីដែលពួកប៉ាឡេស្ទីនប្រឆាំងដាច់ក្បាលដាច់កន្ទុយ៕ដោយ៖វាសនា

យោធាអ៊ីស្រាអែលប៉ាន់ប្រមាណថា ជនប៉ាឡេស្ទីនប្រមាណ១ពាន់នាក់ចូលរួមក្នុងបាតុកម្មកាលពីថ្ងៃសុក្រទី៤ឧសភា