ជន​ប៉ា​ឡេ​ស្ទី​ន​បាញ់សម្លាប់​ជនជាតិ​អ៊ីស្រាអែល​២​នាក់​នៅ​វេស​ប៊ែ​ង​

420
ចែករម្លែក

ជនប៉ាឡេស្ទីនម្នាក់បានបាញ់សម្លាប់ជនអ៊ីស្រាអែល២នាក់និងបង្កររបួស២នាក់ទៀតនៅចំណតរថយន្តក្រុងមួយក្នុងតំបន់វេសប៊ែងកាលពីថ្ងៃព្រហស្បតិ៍ ,នេះបើតាមការបញ្ជាក់ពីយោធាអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបាននិយាយក្នុងគណនីទ្វីតធឺរបស់ខ្លួនថា «ជនប៉ាឡេស្ទីនម្នាក់បានបាញ់នៅចំណតរថយន្តក្រុងមួយដោយបានសម្លាប់ជនអ៊ីស្រាអែល២នាក់និង របួសធ្ងន់ម្នាក់ ស្រាលម្នាក់នៅខាងជើងក្រុងជេរុយសាឡឹម»។

ការវាយប្រហារនេះបានកើតឡើងនៅជិតកន្លែងតាំងទីលំនៅរបស់អ៊ីស្រាអែលនៅ អូហ្រ្វានៅលើផ្លូវធំដែលកាត់តំបន់វេសប៊ែងមកពីខាងជើងទៅត្បូង។

កងកម្លាំងនិងអ្នកជំនាញពិនិត្យសាកសពអ៊ីស្រាអែលពិនិត្យកន្លែងកើតហេតុនៅវេសប៊ែងកាលពីថ្ងៃ១៣ធ្នូ

វាបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីន២​នាក់​នៅវេសប៊ែងដដែល ក្រោយការវាយប្រហារដែលបានឆក់យកជីវិតជនអ៊ីស្រាអែល​៣នាក់ រួមមានទារកម្នាក់ផងដែរ។ការវាយប្រហារនោះបានបង្ករបួសមនុស្ស៧នាក់រួមមាន ស្រ្តីម្នាក់ដែលមានផ្ទៃពោះ៧ខែ៕ដោយ៖វាសនា