ជន​ប៉ា​ឡេ​ស្ទី​ន​៧​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការតវ៉ា​ប្រឆាំង​នៅ​ហ្កា​ហ្សា​

666
ចែករម្លែក

កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនប៉ាឡេស្ទីន៧នាក់កាលពីថ្ងៃសុក្រទី១២តុលានៅក្នុងការតវ៉ាប្រឆាំងតាមបណ្តោយព្រំដែនហ្កាហ្សា នេះបើតាមមន្រ្តីសុខាភិបាលហ្កាហ្សា។អ៊ីស្រាអែលបាននិយាយថា ទាហានរបស់ខ្លួនបានបាញ់ដាក់ក្រុមមនុស្សដែលបានទម្លាយរបងដោយប្រើគ្រាប់បែកនិងបានវាយប្រហារប៉ុស្តិ៍យោធាមួយ។

ការស្លាប់របស់ជនប៉ាឡេស្ទីននៅហ្កាហ្សាបានកើនដល់ប្រមាណ២០០ចាប់តាំងពីការតវ៉ាប្រឆាំងតាមរបងព្រំដែនបានចាប់ផ្តើមកាលពីថ្ងៃ៣០មីនាមក។

គ្រូពេទ្យនៅហ្កាហ្សាបាននិយាយថា បន្ថែមលើមនុស្សស្លាប់៧នាក់ មនុស្សប្រមាណ១៤០នាក់ទៀតរងរបួស។

យោធាអ៊ីស្រាអែលបាននិយាយថា ពួកបាតុករប្រមាណ១៥.០០០នាក់ បានចោលដុំថ្ម គ្រឿងផ្ទុះ គ្រាប់បែកភ្លើងនិងគ្រាប់បែកដៃដាក់ទាហានអ៊ីស្រាអែលនៅរបងព្រំដែន ហើយក្រុមមួយបានបំផ្ទុះគ្រាប់បែកនៅរបងអ៊ីស្រាអែល-ហ្កាហ្សា ដោយអនុញ្ញាតអោយមនុស្សប្រមាណ២០នាក់លូនចូលតាមប្រហោងនិងសមាជិកក្រុមនេះ៥នាក់បានវាយប្រហារលើប៉ុស្តិ៍យោធាអ៊ីស្រាអែលតែត្រូវបានសម្លាប់ទាំងអស់។

សូមបញ្ជាក់ថា ពួកបាតុករប៉ាឡេស្ទីនកំពុងទាមទារអោយបញ្ចប់ការរាំងខ្ទប់អ៊ីស្រាអែលនិងអេហ្ស៊ីបនៅតំបន់ឆ្នេរតូចមួយ ដែលជាជម្រករបស់ជនប៉ាឡេស្ទីនហ្កាហ្សាប្រមាណ២លាននាក់។ពួកគេក៏ទាមទារសិទ្ធិវិលទៅកាន់ទឹកដីកំណើតដែលបានភៀសខ្លួនចេញ ឬក៏ត្រូវបានបណ្តេញដោយអ៊ីស្រាអែលតាំងពីឆ្នាំ១៩៤៨។

តែអ៊ីស្រាអែលចោទប្រកាន់ ក្រុមសកម្មប្រយុទ្ធហាម៉ាសដែលគ្រប់គ្រងហ្កាហ្សា ថាដឹកនាំធ្វើការតវ៉ាទាមទារនៅតាមបណ្តោយរបងព្រំដែនដើម្បីជាខែលសំរាប់ការវាយប្រហារនិងបង្វែរការចាប់អារម្មណ៍ពីស្ថានភាពសេដ្ឋកិច្ចលំបាកលំបិននៅហ្កាហ្សា។ក្រុមហាម៉ាស​បានបដិសេធការចោទប្រកាន់នេះ៕ដោយ៖វាសនា