ជន​រួច​ជីវិត​ដោយ​ការវាយប្រហារ​ទឹក​អាស៊ីត ៩ នាក់ ដើរ​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​នៅ​ញូ​វ​ដេលី​

350

​ស្ត្រី ៩ នាក់​ខូច​មុខមាត់​ដោយសារ​ត្រូវ​ទឹក​អាស៊ីត បានក្លាយ​ទៅជា​តារា​បង្ហា​ញ​ម៉ូត​ដ៏​មោះមុត​កាលពី​ថ្ងៃ​សៅរ៍​ទី​២៥​វិច្ឆិកា​នៅឯ​ការបង្ហាញ​ម៉ូត​សំលៀកបំពាក់​ទំនើប​ដំបូង​គេ​សម្រាប់​អ្នក​ដែល​រស់រានមានជីវិត​ពី​ការវាយប្រហារ​ដោយ​ទឹក​អាស៊ីត​នៅ​ប្រទេស​ឥណ្ឌា​។​

​ស្ត្រី ដែល​ស្ទើរតែ​រងគ្រោះ​ដោយសារ​ស្វាមី​ឬ​គ្រួសារ​ជិតស្និទ្ធ​ទាំងអស់នេះ បាន​ដើរ​បង្ហាញ​ម៉ូត​ក្នុង​ឈុត​រ៉ូ​ប ដែល​បរិច្ចាគ​ដោយ​អ្នក​ច្នៃ​ម៉ូត​ឥណ្ឌា​កំពូលៗ រួមមាន លោកស្រី រ៉ូ​ហ៊ី​ត បាល លោកស្រី រ៉ា​ន់​ណា ហ្គី​ល និង លោកស្រី អាចា​ណា កូ​ឆា​។ គ្មាន​នរណាម្នាក់​គ្រប​បាំង​មុខ​របស់​ពួកគេ​ឡើយ​។​

​លោកស្រី មីណា ខា​ទូ​ន ម្តាយ​របស់​កូនប្រុស​វ័យក្មេង​ម្នាក់​បាន​និយាយថា “​ខ្ញុំ​ពិតជា​ភ័យ​ខ្លាំងណាស់​” ។​

​ប៉ុន្តែ​ស្ត្រី​នៅ​ក្រុង​ញូវដែលី​រូបនេះ ដែល​ត្រូវបាន​វាយប្រហារ​ទឹក​អាស៊ីត​ដោយ​អតីត​ប្តី​របស់គាត់​នោះ បាន​ទទូចថា គាត់​មាន​ចំណុច​មួយ​ត្រូវ​បញ្ជាក់​។​

​លោកស្រី ដែល​ឥឡូវ​បើក​តូប​ជួសជុល​ទូរស័ព្ទ​ដោយ​ខ្លួនឯង បាន​និយាយថា “​មនុស្ស​តែងតែ​គេច​មិន​មើលមុខ នៅពេល​ខ្ញុំ​ចេញទៅ​ខាងក្រៅ​។ ពួកគេ​នឹង​ដើរ​តាម​ទិសដៅ​ផ្ទុយ នៅពេល​ពួកគេ​បានឃើញ​ខ្ញុំ​។ ខ្ញុំ​ប្រឈមមុខ​ជាមួយ​បញ្ហា​ជាច្រើន​។ ប៉ុន្តែ​ថ្ងៃមួយ ខ្ញុំ​បាន​គិតថា ប្រសិនបើ​នោះ​គឺជា​របៀប​ដែល​អ្នក​គិត សូម​គិត​បែប​នោះ​ចុះ​។ ខ្ញុំ​ត្រូវ​កសាង​ជីវិត​របស់ខ្ញុំ ខ្ញុំ​ចង់ឱ្យ​កូនប្រុស​ខ្ញុំ​រៀនសូត្រ ហើយ​ខ្ញុំ​ត្រូវ​ទ្រទ្រង់​កូន​ខ្ញុំ​”​។​

​លោកស្រី​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​អង្គការ Make Love Not Scars ដែល​បានរៀបចំ​ការបង្ហាញ​ម៉ូត​នេះ​ឡើង​នៅ​ទីក្រុង​ញូ​វ​ដេលី​។​

​អង្គការ​នេះ​ជួយ​អ្នក​រស់រាន​ជីវិត​កសាង​ជីវភាព​ឡើងវិញ និង​ជាពិសេស​គឺ​ជួយ​កែ​មុខ​របស់​ពួកគេ​ឡើងវិញ​។​

​អង្គការ​នេះ​ក៏បាន​គាំទ្រ​នាង រី​ស្មា បា​ណូ ក្រេស​ស៊ី (Reshma Bano Qureshi) អាយុ ២០ ឆ្នាំ ដែល​បាន​បង្ហាញខ្លួន​នៅ​សប្ដាហ៍​បង្ហាញ​ម៉ូត​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ឆ្នាំមុន​ផងដែរ ហើយ​ឥឡូវនេះ​នាង​កំពុង​សរសេរ​សៀវភៅ​មួយ​ក្បាល ដែល​នឹង​ចេញ​នៅ​ឆ្នាំក្រោយ​៕ ដោយ៖ កញ្ញាដាលីស

ជនរងគ្រោះ​ដោយ​ទឹក​អាស៊ីត បង្ហាញ​ម៉ូត​សម្លៀកបំពាក់​នៅ​ញូ​វ​ដេលី កាលពី​ថ្ងៃ​សៅរ៍