ជន​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុង​ឡុង​ដ៍​ជា​ជនអន្តោប្រវេសន៍​មកពី​ស៊ូដង់​

2746
ចែករម្លែក
  • 20
    Shares

ជនអន្តោប្រវេសន៍ស៊ូដង់ម្នាក់បានវាយប្រហារភេរវកម្មនៅក្រៅសភាក្នុងក្រុងឡុងដ៍កាលពីថ្ងៃអង្គារទី១៤សីហាបន្ទាប់ពីបើករថយន្តបំបុកអ្នកជិះកង់ប្រមាណ១៥នាក់នៅក្រៅសភាអង់គ្លេស។

សាលី ខាធឺ អាយុ២៩ឆ្នាំបានបើកងាកចេញពីផ្លូវថ្នល់ចូលផ្លូវអ្នកដំណើរនិងជិះកង់នៅទីលានសភា បន្ទាប់ពីបានចំណាយពេលមួយយប់បើកជុំវិញក្រុងឡុងដ៍។មានសម្រែកឮឡើងនៅពេលរថយន្តFord Fiestaបានឡើងលើផ្លូវដើរនិងបុកមនុស្សមិនរើសមុខនៅម៉ោងប្រមាណ៧និង៣៧នាទីព្រឹក។

អ្នកបើកបានតម្រង់ទៅកាន់វិមានសភាWestminsterដោយប៊ិះបុកប៉ូលិស២នាក់ដែលយាមច្រកចូលដោយសារតែអ្នកទាំង២លោកចេញពីផ្លូវ។បុរសស្បែកខ្មៅនេះបន្ទាប់មកបានបំបុករបាំងសន្តិសុខនៅក្រៅសភា។

ទោះជាបានបុកអ្នកជិះកង់និងអ្នកដំណើរប្រមាណ១៥នាក់ក្នុងអំឡុងមានមនុស្សអ៊ូអរ មិនមានជនរងគ្រោះណាម្នាក់បាត់បង់ជីវិត មានតែអ្នកជិះកង់ម្នាក់រងរបួសធ្ងន់។ស្រ្តីអ្នកជិះកង់បានសន្លប់ស្តូកស្តឹងក្រោយត្រូវរថយន្តរបស់ភេរវករបុក ។គាត់ទំនងជាបាក់ឆ្អឹងត្រគាក។

ភ្លាមៗនោះ ជនសង្ស័យជាភេរវករ ត្រូវបានប៉ូលិសទាញចេញពីរថយន្តដែលខ្ទេចក្បាលនិងមិនបានរឹងទទឹងជាមួយសមត្ថកិច្ចឡើយខណៈត្រូវគេវាយខ្នោះ។ប៉ូលិសក៏មិនបានរកឃើញគ្រឿងផ្ទុះអ្វីមួយនៅក្នុងរថយន្តទេ។

បុរសនេះមិនបាននិយាយមួយម៉ាត់ទេចាប់តាំងពីពេលត្រូវបានចាប់ខ្លួននិងត្រូវបានសួរចម្លើយកាលពីយប់ថ្ងៃអង្គារ។ប៉ូលិសបានឆ្មក់ចូលឆែកទីតាំង២កន្លែងនៅក្រុងបៀមីងហ៊ែមនិងណត់ធីងហ៊ែមដែលពាក់ព័ន្ធនឹងជនសង្ស័យរូបនេះ៕ដោយ៖វាសនា

សាលី ខាធឺ បើកបំបុកមនុស្សមុនបុករបាំងសន្តិសុខនៅសភាអង់គ្លេស