ជន​ស៊ីវិល​៣០​នាក់​ស្លាប់​នៅ​ទូទាំង​ស៊ី​រី ខណៈ​អំពើហិង្សា​ផ្ទុះឡើង​

154
ចែករម្លែក

​អង្គការ​ឃ្លាំមើល​មួយ​បាន​និយាយថា ការវាយប្រហារ​តាម​អាកាស​បានសម្លាប់​ជន​ស៊ីវិល ១៩ នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​នៅ​មូលដ្ឋាន​ប្រឆាំង​ដ៏​ធំ​ចុងក្រោយ​របស់​ស៊ី​រី ដែលជា​ទីតាំង​នៃ​ការប៉ះទង្គិច​គ្នា​ដ៏​សាហាវ​បំផុត​រវាង​កងកម្លាំង​របប​អាសាដ​និង​ក្រុម​ប្រដាប់អាវុធ​នានា ចាប់តាំងពី​បទ​ឈប់​បាញ់​កាលពី​ខែសីហា​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​ស៊ី​រី​បាន​និយាយថា នៅ​ចម្ងាយ​ជាង ១០០ គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​តួ​ក​គី​ទៅលើ​ទីក្រុង​កាន់កាប់​ដោយ​ពួក​ឃឺ​ដ​នៅក្នុង​ខេត្ត​អា​ឡេ​ប​ប៉ូ​បានសម្លាប់​ជន​ស៊ីវិល ១១ នាក់​ក្នុងនោះ​រួមមាន​កុមារ ៨ នាក់​។​

​ជម្លោះ​រយៈពេល ៨ ឆ្នាំ​ដ៏​បង្ហូរឈាម​នៅ​ប្រទេស​ស៊ី​រី​បានសម្លាប់​មនុស្ស​ជាង ៣៧០.០០០ នាក់​និង​ផ្លាស់​ទីលំនៅ​របស់​ប្រជាជន​រាប់លាន​នាក់​ចាប់តាំងពី​វា​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១១ ។​

​ជម្លោះ​នេះ​នៅតែ​បន្ត​ឆក់យក​ជីវិត​ជន​ស៊ីវិល​ជាពិសេស​នៅក្នុង​តំបន់​នៅ​ខាងក្រៅ​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​។​

​អង្គការ​ឃ្លាំមើល​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​នេះ​បាន​និយាយថា កាលពី​ថ្ងៃ​ចន្ទ​ការ​វាយឆ្មក់​តាម​អាកាស​របស់​របប​អាសាដ​បានសម្លាប់​ជន​ស៊ីវិល ១៣ នាក់​នៅក្នុង​ផ្សារ​មួយ​នៅ​ទីប្រជុំជន​ម៉ា​អា​រ៉េត​អាល់​នូ​ម៉ាន់ (Maaret al-Numan) ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ AFP ម្នាក់​បានឃើញ​ក្រុម​អ្នក​ជួយសង្គ្រោះ​សែង​បុរស​រងរបួស​ម្នាក់​តាម​ប្រង់​ការ ខណៈ​បុរស​នោះ​ដេក​ស្តូកស្តឹង​គ្មាន​ចលនា​ក្នុង​គំនរ​ក្រូច​ដែល​កំពប់​និង​ថង់​ខ្ទឹមបារាំង​ហូរហៀរ​ពេញ​ផ្លូវ​។​

​លោក ម៉ា​ហឺ ម៉ូ​ហា​ម៉េ​ត អាយុ ៣៥ ឆ្នាំ​ជា​អ្នកលក់ដូរ​នៅក្នុង​ផ្សារ​បាន​និយាយថា វា​គឺជា​ការទម្លាក់​គ្រាប់បែក​ដ៏​គួរឱ្យ​ភ័យខ្លាច​បំផុត​ដែល​គាត់​បានឃើញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​ឪពុក​កូន​ប្រាំ​នាក់​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​យើង​បាន​រត់​ចូលទៅក្នុង​ហាង ហើយ​ក្រាប​ចុះក្រោម​។ ពួកគេ​ទម្លាក់​គ្រាប់បែក​មួយ​ចំហៀង​ផ្សារ​”​។​

​អង្គការ​ឃ្លាំមើល​បាន​និយាយថា មនុស្ស ៦ នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​និង​របប​អាសាដ​នៅ​តំបន់​ផ្សេងទៀត​នៃ​ខេត្ត​អ៊ី​ដ​លី​ប ដែល​ភាគច្រើន​គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​មួយ​ដែល​ត្រួតត្រា​ដោយ​អតីត​សម្ព័ន្ធមិត្ត​អាល់​កៃ​ដា​៕ ដោយ៖ កញ្ញាដាលីស

ជន​ស៊ីវិល​សរុប ៣០ នាក់​បាន​ស្លាប់​ក្នុង​អំពើហិង្សា​នៅ​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ