ជន​ស៊ីវិល​៣​នាក់​ស្លាប់​ខណៈ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បន្ត​បាញ់​ផ្លោង​ដាក់គ្នា​នៅ​កា​ស្មៀរ​

621
ចែករម្លែក
  • 439
    Shares

​ក្មេង​២​នាក់​និង​ម្តាយ​របស់​វា ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់​ផ្លោង​កាត់​ព្រំដែន​រវាង​ទាហាន​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នៅ​តំបន់​កា​ស្មៀរ​ដែល​កំពុង​មាន​ជម្លោះ ។​

​ប៉ូលិស​ឥណ្ឌា​បាន​និយាយថា មនុស្ស​៣​នាក់​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​០១​មីនា​ក្រោយ​គ្រាប់ផ្លោង​មួយ​បាញ់​ដោយ​ទាហាន​ប៉ា​គី​ស្ថាន​ធ្លាក់ចំ​ផ្ទះ​របស់​គេ​នៅ​តំបន់​ពូន​ជិត​ខ្សែបន្ទាត់​​គ្រប់គ្រង​(​បន្ទាត់​ព្រំដែន​ជាក់ស្តែង​)​ដែល​ខណ្ឌ​ចែក​ទឹកដី​ហេមពាន្ត​នេះ​ម្ខាង​ឥណ្ឌា ម្ខាង​ប៉ា​គី​ស្ថាន​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​បាន​កើនឡើង​ខ្ពស់​ចាប់តាំងពី​យន្តហោះ​ឥណ្ឌា​បាន​ឆ្លង​ព្រំដែន​ទៅ​វាយប្រហារ​អ្វី​ដែល​ខ្លួន​អះអាងថា​ជា​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​សកម្មប្រយុទ្ធ​មួយ​កាល​​ពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ក្រុម​នេះ​បាន​វាយ​លើ​ក្បួន​រថយន្ត​យោធា​សម្លាប់​ទាហាន​ឥណ្ឌា​ជាង​៤០​នាក់​កាលពី​ថ្ងៃ​១៤​កុម្ភៈ​។​ប៉ា​គី​ស្ថាន​បាន​ត​តប​វិញ ដោយ​បាញ់​ទម្លាក់​យន្តហោះ​ឥណ្ឌា​មួយ​​គ្រឿង​កាលពី​ថ្ងៃ​ពុធ និង​អាកាសយានិក​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ប្រគល់​អោយ​ឥណ្ឌា​វិញ​កាលពី​យប់​ថ្ងៃ​សុក្រ​ទី​១​មីនា​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ជាច្រើន កងកម្លាំង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​បាញ់​ផ្លោង​ដាក់គ្នា​នៅ​ទីតាំង​៨​ផ្សេងគ្នា តាម​ខ្សែ​បន្ទាត់​គ្រប់គ្រង​។​មុន​នេះ​កាលពី​ថ្ងៃ​សុក្រ ទូរទស្សន៍​ឥណ្ឌា​​បាន​រាយការណ៍​ថា យ៉ាងហោច​ណាស់​ប៉ូលិស​ឥណ្ឌា​២​នាក់​និង​ទាហាន​២​នាក់​ត្រូវបាន​សម្លាប់​ដោយ​ពួក​សកម្មប្រយុទ្ធ​នៅ​កា​ស្មៀរ និង​ពួក​សកម្មប្រយុទ្ធ​២​នាក់​ក៏​ត្រូវកំទេច​ផងដែរ​។​

​ភាព​តានតឹង​រវាង​ប្រទេស​មាន​នុយក្លេអ៊ែ​រទាំង​២​នៅតែ​តានតឹង​ដ៏​គ្រោះថ្នាក់​ទោះជា មាន​ការខិតខំ​បន្ធូរបន្ថយ​ដោយ​ប៉ា​គី​ស្ថាន​បានប្រគល់​អាកាសយាន​និក​ឥណ្ឌា​ដែល​ខ្លួន​​ចាប់ខ្លួន​បាន​ក្រោយ​ការធ្លាក់​យន្តហោះ ដើម្បី​ជា​កាយវិការ​បង្ហាញ​សន្តិភាព​ក្តី​។​

​រដ្ឋាភិបាល​ក្រុង​ញូវដេល្លី បាន​បន្ទោស​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាត ថា​បរាជ័យ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​និយម​ជ្រុល​ជាច្រើន​នៅក្នុង​ទឹកដី​របស់​ខ្លួន​។​ក្រុម Jaish-e-Mohammed​ត្រូវ​ឥណ្ធា​ចាត់ទុកជា​ក្រុម​ភេរវកម្ម​និង​ស្ថិត​នៅក្នុង​ទឹកដី​ប៉ា​គី​ស្ថាន​។​ក្រុម​នេះ​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​លើ​ក្បួន​រថយន្តយោធា​​ឥណ្ឌា​កាលពីពេល​ថ្មីៗ​៕ដោយ៖វាសនា

យ៉ាងតិច​៤​នាក់​រងរបួស​ដោយ​ការបាញ់​ផ្លោង​កាត់​ព្រំដែន​នៅ​កា​ស្មៀរ​តាំងពី​យប់​ថ្ងៃ​សុក្រ​