ជប៉ុនទទួលរងការធ្លាក់ចុះសេដ្ឋកិច្ចអាក្រក់បំផុតក្នុងរយៈពេល៥ឆ្នាំ

342
ចែករម្លែក

ជប៉ុនបានទទួលរងនូវការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៥ ឆ្នាំមកនេះ ស្របពេលមានការដំឡើងពន្ធនិងព្យុះទីហ្វុង ដែលបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចធំលំដាប់ទី ៣ របស់ពិភពលោកមួយនេះ។

ផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនក្នុងរយៈពេល ៣ ខែរហូតដល់ខែធ្នូបានធ្លាក់ចុះ ១,៦ ភាគរយធៀបនឹងត្រីមាសមុន សូម្បីមុនពេលវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិនប៉ះពាល់ដល់ជប៉ុនទៅទៀត។

យោងតាមទិន្នន័យផ្លូវការចេញផ្សាយនៅថ្ងៃចន្ទទី១៧កុម្ភៈនេះបានឱ្យដឹងថា ត្រីមាសទីបួននេះត្រូវបានកត់សម្គាល់ដោយការកើនឡើងពន្ធលើទំនិញពី ៨ ភាគរយទៅ ១០ ភាគរយក៏ដូចជាព្យុះទីហ្វុងហាហ្គាប៊ី ដែលសម្លាប់មនុស្សជាង ១០០ នាក់និងបង្កជាទឹកជំនន់រាលដាល។

ពួកសេដ្ឋវិទូបានត្រៀមខ្លួនទទួលយកការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរង្វង់១ភាគរយ ប៉ុន្តែមិនរំពឹងទិន្នន័យខ្សោយរបៀបនេះទេ ខណៈលោក តាកេស៊ី មីណាមី ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Norinchukin បាននិយាយថា ទិន្នន័យនេះគឺពិតជាទាបខ្លាំងមែនទែន។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “មានផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិប៉ុន្តែសន្ទុះការប្រើប្រាស់មានភាពទន់ខ្សោយ ជាពិសេសបន្ទាប់ពីការដំឡើងពន្ធ ទោះបីជាមានវិធានការរបស់រដ្ឋាភិបាលដើម្បីបន្ធូរបន្ថយផលប៉ះពាល់ក៏ដោយ”។

ទិន្នន័យថ្ងៃចន្ទនេះគឺបង្ហាញកំណើនទាំងបួនត្រីមាសហើយវាជាការធ្លាក់ចុះដ៏ធំបំផុតគិតចាប់តាំងពីត្រីមាសទី ២ ឆ្នាំ ២០១៤ នៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ១,៩ ភាគរយ៕ ដោយ៖ កញ្ញាដាលីស

សេដ្ឋកិច្ចជប៉ុនប្រចាំត្រីមាសទី៤ធ្លាក់ចុះ ១,៦ ភាគរយ