ជប៉ុនបាន​រួមចំណែក​២.៨៤០​លាន​ដុល្លារ​​ដើម្បី​អភិវឌ្ឍកម្ពុជា​ហើយបន្តគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាលកម្ពុជា

123

(​ភ្នំពេញ​)៖រាជរដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ហិរញ្ញប្បទាន​២.៨៤០​លាន​ដុល្លារ​អាមេរិក គិតពីទសវត្សរ៍​ទី​៩០​រហូតដល់​ដំណាច់​ឆ្នាំមុន និង​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​សរុប​ប្រមាណ១៦៨ លាន​ដុល្លារ ដើម្បី​អភិ​វ​ឌ្ឈ​​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​បានបង្ហាញ​នាព្រឹក ថ្ងៃទី​៨ ខែកុម្ភៈ​នេះ​បាន​ឲ្យ​ដឹងថា នៅក្នុងនាម​ប្រទេស​ជា​មិត្ត ប្រទេស​ជប៉ុននឹង​ជួយ​ព​ន្លឿ​នការកាត់បន្ថយ​នូវ​ភាពក្រីក្រ​នៅ​កម្ពុជា និង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាលដើម្បី​សម្រេច​គោលដៅក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។​ការបន្ត​ផ្តល់​ហិរញ្ញប្បទាន​ដ៏​សន្ធឹកសន្ធាប់​នេះ គឺ​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ទាំងពីរ ក្នុងការ​ពង្រីក​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ស្របតាម​ការសម្រេចរ​បស់​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​។ ក្នុងនោះ​បើ​គិត​ត្រឹម​ឆ្នាំ​២០១៧​ភាគី​ជប៉ុន បាន​​ផ្តល់​ហិរញ្ញប្បទាន​សរុប ប្រមាណ​ជា​២.៨៤០​លាន​ដុល្លារ​អាមេរិក សម្រាប់​អភិវឌ្ឍ​វិស័យ​អាទិភាព​ខាងលើ​នៅ​កម្ពុជា​រួចហើយ​។​

នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​នយោបាយ​ស្តីពីហិរញ្ញប្បទាន​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ផ្លូវការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ជប៉ុន នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាល​ពិ​ពេល​ថ្មីៗ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តំណាង​ដោយ លោក​ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ភាគី​ជប៉ុន​តំណាង​ដោយ​លោក​ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណុ​ក​ជី​( Hidehisa HORINOUCHI )​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ភាគី​ទាំង​ពីរបាន​ពិភាក្សា​ការផ្លាស់ប្តូរ​យោបល់​រួមគ្នា​លើ​វឌ្ឍនភាព ក៏ដូចជា​បញ្ហា​ប្រឈម ក្នុងការ​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​កន្លង​មក និង​ការបន្ត​ការពង្រីក​ប្រសិទ្ធភាព នៃ​ការអនុវត្ត​គម្រោង​ទៅ​ពេលអនាគត​។​ភាគី​ទាំងពី​ក៏បាន​ឯកភាព​ពង្រីង​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការអនុវត្តន៍​គោ​លន​យោ​បាល គឺ​ផ្តោតទៅលើ​ការងារ​អទិភាព​ចំនួន​៣​រួមមាន ការគាំទ្រ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ការលើកកម្ពស់​គុណភាព​នៃ​ការរស់នៅ​របស់​ប្រជាជន និង​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​សង្គម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​ឲ្យ​ដឹងថា «រាជរដ្ឋាភិបាល​ជប៉ុន​គ្រោង​ផ្តល់​ហិរញ្ញប្បទាន សរុប​ប្រមាណ​១៦៨​លាន​ដុល្លារ ដើម្បី​បន្ត​អនុវត្ត​គម្រោង​អាទិភាព​ជាច្រើន ក្នុងការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើឲ្យ​បានសម្រេច​តាម​វឌ្ឍនភាព​អភិវឌ្ឍន៍​”​។ លោក​បន្តថា ការផ្តល់​ហិរញ្ញប្បទាន​ទៅ​ពេលអនាគត នឹងមាន​ការកើនឡើង​ជា​បន្តបន្ទាប់ តាមរយៈ​ការអនុវត្ត​គម្រោង​ថ្មីៗ​ទៅតាម​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ពីរបាន​ឯកភាពគ្នា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច ជា​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ប្រទេស​ជប៉ុន ដែល​រួមមាន គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន និង​ចរាចរ​ក្នុង​ក្រុង គម្រោង​ធ្វើ​ឲ្យ​ប្រសើ​រប្រព័ន្ធ​ភស្តុភា​កម្ម​នៅ​កម្ពុជា និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស ដើម្បី​បម្រើ​វិស័យឧស្សាហកម្ម»។​

​នៅក្នុង​ឆ្នាំ​២០១៧​រា​ដ្ឋា​ភិ​បាល ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា លើ​ឯកសារ​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​២ គឺ​គម្រោង​អភិវឌ្ឍន៍​ផែរ​កុង​តី​ន័​រ​ថ្មី គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។ គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស​, គម្រោង​ពង្រីក​ប្រព័ន្ធ​ទឹកស្អាត​ក្នុង​ខេត្តកំពង់ធំ​, គម្រោង​ធ្វើ​ឲ្យ​ប្រសើ​រឡើង​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥​ខាងត្បូង​ក្នុង​ជំហាន​ទី​២, គម្រោង​សាងសង់​ស្ពាន​បន្ទាន់ នៅ​តំបន់​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​គម្រោង​សាងសង់​វិទ្យាស្ថាន​គរុ​គោ​ស​ល្យ​នៅ​ភ្នំពេញ និង​បាត់ដំបង សរុប​ជា​ទឹកប្រាក់​ប្រមាណ​៤៥២​លាន​ដុល្លារ​៕​ដោយ​:​ច្រាយ ចំណាន​/sn