ជប៉ុន​គូសបញ្ជាក់​សាជាថ្មី​ពី​ការគាំទ្រ​ដល់​ការកែលម្អ​ប្រព័ន្ធធារាសាស្ត្រ នៅ​តំបន់​ទន្លេមេគង្គ​

1294
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/ភ្នំពេញៈ​ប្រភពពី​គណៈកម្មការ​មេគង្គ​កាលពី​ថ្ងៃទី​៩​ខែកក្កដា​បាន​ឲ្យ​ដឹងថា​នៅឯ​ទីក្រុង​វៀង​ចន្ទ ប្រទេស​ឡាវ​រដ្ឋាភិបាល​ជប៉ុន​បាន​គូសបញ្ជាក់ សាជាថ្មី​ពី​ការគាំទ្រ​របស់ខ្លួន ដល់​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ក្នុង​ការបន្ត​អនុវត្ត​សកម្មភាព​ក្រោម​គម្រោង​កែលម្អ​ប្រព័ន្ធធារាសាស្ត្រ​នៅតាម​បណ្ដា​ប្រទេស ដែល​ស្ថិតនៅ​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ ដូចជា កម្ពុជា ឡាវ ថៃ និង​វៀតណាម ។​នេះ​បើតាម​ប្រសាសន៍​របស់​លោក ផាំ ទាន់ ផាន (Pham Tuan Phan) នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន គណៈកម្មការ​ទន្លេមេគង្គ ។​

.​កិច្ចប្រជុំ​មួយ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ៥ ខែ កក្កដា នៅ​ទីក្រុង​វៀង​ចន្ទ រវាង​លោកនាយក​ប្រតិបត្តិ និង​តំណាង​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​ប្រទេស​ជប៉ុន​(​រូបថត​MRC)

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​នេះ​បាន​ឲ្យ​ដឹងថា​ក្នុង​កិច្ចប្រជុំ​មួយ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៨ នៅ​ទីក្រុង​វៀង​ចន្ទ រវាង​លោកនាយក​ប្រតិបត្តិ និង​តំណាង​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​ប្រទេស​ជប៉ុន ជប៉ុន​បានបង្ហាញ​យ៉ាង​ប្រាកដប្រជា​ពី​ការគាំទ្រ​ដល់​គម្រោង​នេះ និង​ដល់​ការបន្ត​អនុវត្ត​សកម្មភាព​ពាក់ព័ន្ធ ដែល​ត្រូវការ​ថវិកា​ប្រមាណ ១,៤ លាន​ដុល្លារ ដើម្បី​ដំណើរការ​។

​ក្នុង​រយៈពេល ៤ ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២១ ការគាំទ្រ​របស់​ជប៉ុន ផ្ដោត​សំខាន់​លើ​ការកែលម្អ​ប្រព័ន្ធធារាសាស្ត្រ ដែល​ផ្ដល់​ផល​ល្អប្រសើរ​ដល់​ត្រី ដើម្បី​ជំរុញឱ្យមាន​ការបង្កើត​នូវ​ច្រក​សម្រាប់​ត្រី​ធ្វើចរាចរ​ក្នុង​ប្រព័ន្ធធារាសាស្ត្រ​នានា ពិនិត្យ​តាមដាន​បម្រែបម្រួល​នៃ​ការប្រើប្រាស់​ដី​កសិកម្ម លើកកម្ពស់​ប្រព័ន្ធ​ទិន្នន័យ​ធារាសាស្ត្រ​របស់ MRC និង​គាំទ្រ​ដល់​ការប្រើប្រាស់ និង​ការគ្រប់គ្រង​ទឹក​លើដី ប្រកបដោយ​និរន្តរភាព សម្រាប់​ការដាំ​ដំណាំ​នៅ​តំបន់​អាង​ទន្លេ​ខ្សែទឹក​ខាងក្រោម​។

​ការគាំទ្រ​នេះ មាន​ទិសដៅ​ស្របគ្នា​ជាមួយនឹង​ផែនការ​យុទ្ធសាស្ត្រ ២០១៦-២០២០ របស់ MRC ដែល​បាន​កំណត់​ពី​តម្រូវ​ការពង្រីក​ប្រព័ន្ធធារាសាស្ត្រ​នាពេល​អនាគត​នៃ​តំបន់​អាង​ទន្លេ​នេះ និង​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សំខាន់ៗ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទឹក​ប្រកបដោយ​ចីរភាព នៅ​តំបន់​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម​។​

.​កិច្ចប្រជុំ​មួយ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី ៥ ខែ កក្កដា នៅ​ទីក្រុង​វៀង​ចន្ទ រវាង​លោកនាយក​ប្រតិបត្តិ និង​តំណាង​មកពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​របស់​ប្រទេស​ជប៉ុន​(​រូបថត​MRC)

​លោកនាយក​ប្រតិបត្តិ ផាំ មានប្រសាសន៍ថា “​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​ជួយ​ឱ្យ MRC អាច​បន្ត​នាំមក​នូវ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែមទៀត លើ​ការធ្វើផែនការ​ប្រព័ន្ធធារាសាស្ត្រ ក៏ដូចជា ជំរុញ​លើក​កម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង ក្នុងការ​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ផលប៉ះ​ពាល់​បរិស្ថាន ដែល​កើតចេញពី​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​តំបន់​អាង​ទន្លេ​នេះ​”​។

​រដ្ឋាភិបាល​ជប៉ុន គឺជា​ដៃគូ​អភិវឌ្ឍន៍​មួយ ក្នុងចំណោម​ដៃគូ​អភិវឌ្ឍន៍​ជា​យូរ​មកហើយ​របស់ MRC​។ ចាប់តាំងពី​ឆ្នាំ ២០០១ មក រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ថវិកា​ជាង ១៣ លាន​ដុល្លារ ដើម្បី​គាំទ្រ​គម្រោង​ជាច្រើន ដូចជា គម្រោង​គ្រប់គ្រង​ទឹកជំនន់ និង​គ្រោះរាំងស្ងួត ធារាសាស្ត្រ ការធ្វើ​នាវាចរ​ប្រកបដោយ​សុវត្ថិភាព ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​បរិស្ថាន​ជាដើម​។

​ជាមួយនឹង​ការគាំទ្រ​ហិរញ្ញវត្ថុ​នាពេល​បច្ចុប្បន្ននេះ ជប៉ុន​ជឿថា ការគាំទ្រ​នេះ នឹងត្រូវ​ប្រើប្រាស់ ដើម្បី​ពង្រឹង​ឱកាស​សេដ្ឋកិច្ច តាមរយៈ​វិស័យ​កសិកម្ម និង​ធារាសាស្ត្រ ដែល​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ពឹង​អាស្រ័យ​ជា​ប្រភព​រក​ចំណូល និង​អាហារ​របស់​ពួកគេ​។

​លោក ហ៊ី​ដេ​ហ្វូ​មី មូរ៉ា​ស៊ី​តា​(Hidefumi Murashita )​អនុប្រធាន​ការិយាល័យ​កិច្ចសហប្រតិបត្តិការ​កែ​លម្អ​ដីធ្លី​នៅក្រៅ​ប្រទេស​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា “​ការកាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការកែលម្អ​ប្រព័ន្ធធារាសាស្ត្រ គឺជា​គោលបំណង​ដ៏​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​ប្រទេស​ជប៉ុន​។ យើង​គាំទ្រ​ដល់ MRC ក្នុង​វិស័យនេះ ដោយសារ​យើង​ជឿជាក់ថា កសិកម្ម​គឺជា​អន្តរាគមន៍ ដ៏​សំខាន់ សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​” ។​

​កាលពី​ចុងខែ​មុននេះ ជប៉ុន និង MRC ក៏បាន​ប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​ការ​សិក្ខា​មួយ​ស្ដីពី​ការ អភិរក្ស​ព្រៃឈើ និង​ការគ្រប់គ្រង​តំបន់​អាង​ទន្លេ​ខ្សែទឹក​ខាងក្រោម​នៃ​ទន្លេមេគង្គ ដើម្បី​លើកកម្ពស់​ការគ្រប់គ្រង និង​ការការពារ​បរិស្ថាន​នៃ​តំបន់​អាង​ទន្លេ​នេះ​។ ការសិក្សា​នេះ គ្របដណ្ដប់​លើ​ប្រទេស​មេគង្គ​ចំនួន​ប្រាំ គឺ កម្ពុជា ឡាវ ថៃ វៀតណាម និង​មី​យ៉ាន​ម៉ា ហើយ​និង​បញ្ចប់​នៅក្នុង​ខែ មីនា ឆ្នាំ ២០១៩​។

​គួរ​បញ្ជាក់ថា​គណៈកម្មកា​រ​ទន្លេមេគង្គ គឺជា​ស្ថាប័ន​អន្តររដ្ឋាភិបាល ដែលមាន​តួនាទី​ជំរុញ​លើកកម្ពស់​កិច្ច​ពិគ្រោះ​យោបល់ និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​នៅក្នុង​តំបន់​អាង​ទន្លេមេគង្គ​ខ្សែទឹក​ខាងក្រោម ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៥ ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​ទន្លេមេគង្គ រវាង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម​។ ស្ថាប័ន​នេះ បំពេញ​តួនាទី​ជា​វេទិកា​ថ្នាក់​តំបន់​សម្រាប់​ការទូត​ទឹក ក៏ដូចជា ជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ចំណេះដឹង​អំពី​ការគ្រប់គ្រង​ធនធានទឹក ដើម្បី​ការអភិវឌ្ឍន៍​តំបន់​នេះ ប្រកបដោយ​ចីរភាព​៕សរន