ជប៉ុន​ចង់បាន​ពលករ​កម្ពុជា​ទៅ​បម្រើ​ផ្នែក​ថែទាំ​មនុស្ស​ចាស់​នៅ​ជប៉ុន​ឱ្យបាន​ឆាប់​

133

(​ភ្នំពេញ​)៖​ក្រសួង​ការងារ​និង​អង្គការ​JCIA​បាន​បើក​កិច្ចពិភាក្សា​ការងារ​រួមគ្នា​មួយ​ពាក់ព័ន្ធ​ការបញ្ជូន​កម្មសិក្សាការី​ទៅធ្វើ​ការ​នៅ​ប្រទេស​​ជប៉ុន​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ដែល​ខណៈ​ពេលនេះ​ជប៉ុន​មាន​កំពុងមាន​តម្រូវការ​ពលករ​ផ្នែក​នេះ​ខ្ពស់​ពី​កម្ពុជា​ផងដែរ​។​

​ការបញ្ចេញ​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ទាប់ពី​មានការ​បើក​​កិច្ចពិភាក្សា​ការងារ​ជាមួយ​លោក Fumio Yamada ប្រធាន​អង្គការ​JCIA កាលពី ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងមក​។

​បញ្ជាក់​ក្នុង​ពិធី​នេះ លោក Fumio Yamada លើកឡើងថា អង្គការ​JCIA និង​ក្រសួង​សង្គមកិច្ច​កម្ពុជា​មានបំណង​ចង់​បញ្ជូន​​កម្មសិក្សាការី ទៅធ្វើ​ការបណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​ដោយសារ​ធនធានមនុស​ស្ស​ផ្នែក​ថែទាំ​មនុស្ស​ចាស់​នៅ​ប្រទេស​ជប៉ុន​មាន​​កម្រិត​ទាប​នៅឡើយ បន្ទាប់មក​កម្មសិក្សាការី​ក៏​អាច​យក​ជំនាញ​នេះ មកប្រើប្រាស់​នៅ​កម្ពុជា​ផងដែរ​។

​ទាក់ទង​ទៅនឹង​សេវា​ថែទាំ​មនុស្ស​ចាស់ លោក​Yamada​លើកឡើងថា ខាង​អង្គការ​របស់លោក​ធ្វើយ៉ាងណា​កៀងគរ​អ្នកវិនិយោគទុន​របស់​​ជប៉ុន​មក​កម្ពុជា​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត ដូច្នេះ​គឺ​ត្រូវការ​ការសហការ និង​ការគាំទ្រ​ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​អោយបាន​​ច្រើន​បន្តទៀត​។

​លោក បានបញ្ជាក់​បន្ថែមថា JCIA មិន​ត្រឹមតែ ខិតខំ​ព​ន្លឿ​ន ទៅលើ​ការបណ្តុះបណ្តាល​ខាង​ធនធានមនុស្ស​ទេ​គឺ​យើង​នឹង​ផ្តល់​ខាង​​គ្រូ​បង្គោល​ដើម្បី​ហ្វឹកហាត់​ទៅដល់​កម្មសិក្សាការី​ផងដែរ​។ កម្មសិក្សាការី​ថែទាំ​មនុស្ស​ចាស់​វា​ខុសប្លែក​ពី​កម្មសិក្សាការី​ផ្សេងៗ​ទៀត គឺ​តម្រូវអោយ​គាត់​ចេះ​ភាសា​ជប៉ុន​អោយបាន​ច្រើន​ដើម្បី​ងាយស្រួល​ទំនាក់ទំនង​ព្រោះ​កិច្ចការងារ​នេះ​យើង​ធ្វើ​រវាង​មនុស្ស​និង​​មនុស្ស​អញ្ចឹង​វា​អាចមាន​បញ្ហា​ខ្លះ​នឹង​កើតមានឡើង​កំឡុងពេល​ធ្វើ​កិច្ចការ​នេះ ។​

​លោក​ថា “​នៅ​ប្រ​ទស​ជប៉ុន​មិនមែន​មានតែ​កម្មសិក្សាការី​ដែល​មកពី​ប្រទេស​កម្ពុជា​ទេ បើ​ប្រៀបធៀប​នៅ​ទីនោះ​កម្មសិក្សាការី​កម្ពុជា​​មាន​កម្រិត​ទាប​នៅឡើយ ប៉ុន្តែ​ពួកគាត់​មិនដែល​បង្កអោយមាន​បញ្ហា​អ្វី​ធ្វើអោយមាន​ការប៉ះពាល់​ទៅលើ​ច្បាប់​របស់ ជប៉ុន​នោះឡើយ​”៕​ដោយ​៖​ដេប៉ូ​/sn

​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​លោក Fumio Yamada ប្រធាន​អង្គការ​JCIA កាលពី ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨