ជប៉ុន​ចាក​ចេញពី​គណៈកម្មការ​នេសាទ​ត្រី​បា​ឡែ​ន​អន្ដរជាតិ​ដើម្បី​បន្ត​នេសាទ​ត្រី​បា​ឡែ​ន​ឡើងវិញ​

710
ចែករម្លែក

​ជប៉ុន​បានប្រកាសថា​ខ្លួន​នឹង​ចាក​ចេញពី​គណៈកម្មការ​នេសាទ​ត្រី​បា​ឡែ​ន​អន្ដរជាតិ (IWC) ដើម្បី​បន្ត​ការ​ប្រមាញ់​បា​ឡែ​ន​ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម ប៉ុន្តែ​និយាយថា​ខ្លួន​នឹង​លែង​ធ្វើដំណើរ​ទៅកាន់​ទ្វីបអង់តាក់ទិក​ទៀតហើយ​។​

​លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា នាយខុទ្ទកាល័យ​ជប៉ុន​បាន​និយាយថា ការ​ប្រមាញ់​ត្រី​បា​ឡែ​ន​នឹងត្រូវ​កំណត់​ត្រឹម​ទឹកដី​របស់​ជប៉ុន​និង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ចម្ងាយ ៣២១ គីឡូម៉ែត្រ​នៅតាម​បណ្ដោយ​ឆ្នេរសមុទ្រ​របស់ខ្លួន​ប៉ុណ្ណោះ ហើយ​ថា​ប្រទេស​ជប៉ុន​នឹង​បញ្ឈប់​ការធ្វើដំណើរ​តាម​នាវា​ដើម្បី​នេសាទ​បា​ឡែ​ន​ប្រចាំឆ្នាំ​របស់ខ្លួន​ទៅកាន់​ទ្វីបអង់តាក់ទិក​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ពាយព្យ​។​

​លោក​ស៊ូ​ហ្គា​និយាយថា ជប៉ុន​នឹង​បន្ត​ការនេសាទ​ត្រី​បា​ឡែ​ន​នៅ​ខែកក្កដា​ឆ្នាំ ២០១៩ បន្ទាប់ពី​អវត្តមាន ៣០ ឆ្នាំ “​ដើម្បី​គោរព​តាម​គោលនយោបាយ​មូលដ្ឋាន​របស់​ជប៉ុន​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ធនធាន​មានជីវិត​ក្នុង​ដែនទឹក​ឱ្យមាន​និរន្តរភាព​ដោយ​ផ្អែកលើ​ភស្តុតាង​វិទ្យាសាស្ត្រ​។ គួរឱ្យ​សោកស្តាយ យើង​បាន​សម្រេចចិត្តថា វា​មិនអាច​ទៅរួច​ទេ​នៅក្នុង IWC ដើម្បី​ស្វែងរក​ការរួមរស់​ជាមួយ​បណ្តា​រដ្ឋ​នានា​ជាមួយនឹង​ទស្សនៈ​ផ្ទុយគ្នា​”​។​

​លោក​ស៊ូ​ហ្គា​បាន​និយាយថា IWC ត្រូវបាន​គ្របដណ្តប់​ដោយ​ពួក​អ្នក​អភិរក្សនិយម​ហើយ​ជប៉ុន​ខកចិត្ត​ចំពោះ​កិច្ចប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង​ស្តុក​ត្រី​បា​ឡែ​ន ទោះបីជា IWC មាន​អាណត្តិ​សន្ធិសញ្ញា​សម្រាប់​ការអភិរក្ស​ត្រី​បា​ឡែ​ន​និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​នេសាទ​ត្រី​បា​ឡែ​ន​ក៏ដោយ​។​

IWC បាន​ដាក់ចេញ​ការផ្អាក​ពាណិជ្ជកម្ម​ត្រី​បា​ឡែ​ន​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដោយសារតែ​ចំនួន​ត្រី​បា​ឡែ​ន​ថយចុះ​។​

​ការចាកចេញ​ពី IWC អាចជា​ការ​ទុក​មុខមាត់​ដើម្បី​បញ្ឈប់​ជប៉ុន​ពី​ការ​ប្រមាញ់​បា​ឡែ​ន​នៅ​មហាសមុទ្រ​នៅ​ទ្វីបអង់តាក់ទិក និង​កាត់បន្ថយ​ទំហំ​នៃ​ការនេសាទ​បា​ឡែ​ន​នៅ​ជុំវិញ​ឆ្នេរសមុទ្រ​របស់​ជប៉ុន​។​

​ក្រុមមន្ត្រី​ជលផល​បាន​និយាយថា​ប្រទេស​ជប៉ុន​បាន​ប្រើប្រាស់​សាច់​ត្រី​បា​ឡែ​ន​រាប់ពាន់​តោន​ជា​រៀងរាល់ឆ្នាំ​ពី​ការនេសាទ​បា​ឡែ​ន​សម្រាប់​ការស្រាវជ្រាវ ដែល​ភាគច្រើន​គឺ​ទទួលទាន​ដោយ​ជនជាតិ​ជប៉ុន​វ័យ​ចំណាស់​ដែល​ស្វែងរក​អាហារ​ជួយ​ឱ្យ​អាយុ​វែង​៕ ដោយ៖ កញ្ញាដាលីស