ជប៉ុន​ចាយ​ទុនវិនិយោគ​ជាង​២០០​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍន៍​ឧទ្យាន​គិរី​រម្យ​ក្នុងប្រទេស​កម្ពុជា​

462
ចែករម្លែក


​ដោយ : ពៅ និមល​/ភ្នំពេញ​ ៖
ដើម្បី​អភិវឌ្ឍន៍​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុមៈ​(​ឧទ្យាន​គិរី​រម្យ​) ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ​ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ​។ ក្រុមហ៊ុន​ជប៉ុន​បាន​បោះទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​៥២១​លាន​ដុល្លារ ជាមួយ​ដៃគូ​វិនិយោគ​នៅ​កម្ពុជា ក្នុង​គោលដៅ​បំពេញតម្រូវការ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​។​
​ក្នុងជំនួប​ការងារ​កាលពី​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ទីស្តីការក្រសួង រវាង​លោក ថាក់​ខិ​ឈិ អ៊ី​ហ្ស៊ូ​កា​(Takeshi Izuka) នាយក​ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​វិនិយោគិន​ជប៉ុន​ធ្វើការ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម ដើម្បី​ផ្សព្វផ្សាយ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរី​ម្យ ដែល​ហ៊ុ​ព័ទ្ធ​ដោយ​តំបន់​អេកូ​ទេសចរណ៍​បៃតង បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​បុរី​លំហែ​សម្រាប់​និវត្តន៍​ជន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ប្រែក្លាយ​គម្រោង​មួយ​នេះ​ឱ្យទៅជា​គំរូ​នៃ​ការអភិវឌ្ឍ​ទីក្រុង​ធម្មជាតិ​នៅតាម​ប្រទេស​ក្នុង​តំបន់​។

លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​របស់​ក្រសួង ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សេងៗ​សំដៅ​ទាក់ទាញ​វត្តមាន​ភ្ញៀវទេសចរ​និង​វិនិយោគិន​ឲ្យ​ចូលមក​ទស្សនា និង​ស្វែងយល់​អំពី​សក្តានុពល​ទីក្រុង​នេះ​ផងដែរ​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​គំនិត​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​ជប៉ុន ដែល​បាន​វិនិយោគ​ប្រែក្លាយ​តំបន់​ឧទ្យាន​ជាតិ​នេះ ទៅជា​ទីក្រុង​អេកូ​ទេសចរណ៍​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរី​រម្យ (K.I.T) ដើម្បី​ផ្តល់ឱ្យ​កូន​ខ្មែរ​នូវ​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ពិសេស​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ព្រមទាំង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​តំបន់​នេះ ប្រកបដោយ​និរន្តរភាព ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍ​បរិស្ថាន​បៃតង និង​ឧស្សាហកម្ម​គ្មាន​ផ្សែង (​ទេសចរណ៍​) នៅក្នុង​ប្រទេស​កម្ពុជា​។​

ជា​កិច្ច​ឆ្លើយតប ភាគី​ជប៉ុន​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ធម្មជាតិ​គិរី​រម្យ និង​បាន​ជម្រាបជូន​អំពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd ក្នុងការ​ប្រែក្លាយ​ទីក្រុង​នេះ​ឲ្យ​កាន់​តែមាន​លក្ខណៈ​ទំនើប​ប្រកបដោយ​និរន្ត​ភាព តាមរយៈ​ការនាំមក​នូវ​រថយន្ត​អគ្គិសនី ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែម​សម្រាប់​និស្សិត​ខ្មែរ​និង​ជប៉ុន​ដែល​កំពុង​សិក្សា​នៅ K.I.T ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ឧស្សាហកម្ម​៤.០ និង​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ផ្នែក​បច្ចេកវិទ្យា​បច្ចុប្បន្ន​។​

​បច្ចុប្បន្ន ក្រុមហ៊ុន A2A Town (Cambodia) Co., Ltd បានផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សិក្សា ដល់​និស្សិត​ខ្មែរ​ជាង​២០០​នាក់ និង​បង្កើត​ការងារ​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​ប្រមាណ​ជាង​៤៥០​នាក់​៕B/