ជប៉ុន​ជួយ​សង្គ្រោះ​អ្នកនេសាទ​កូរ៉េ​ខាងជើង​បាន​ទាំងអស់ បន្ទាប់​ពី​ទូក​កូរ៉េ​ខាងជើង​និង​នាវា​ល្បាត​ជប៉ុន​បុក​គ្នា​

153
ចែករម្លែក

​ក្រុម​អាជ្ញាធរ​ជប៉ុន​បាន​និយាយថា​ពួកគេ​បាន​ជួយ​សង្គ្រោះ​អ្នកនេសាទ​កូរ៉េខាងជើង​ប្រមាណ​ជា​៦០​នាក់​បន្ទាប់​ពី​ទូក​របស់​ពួកគេ​បាន​បុក​ជាមួយ​នាវា​ល្បាត​របស់​ជប៉ុន​​ហើយ​បាន​លិច​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​តុលា​នៅ​តំបន់​មួយ​ដែល​មាន​អ្នកនេសាទ​ច្រើន​។​

​ក្រុមមន្ត្រី​ឆ្មាំ​សមុទ្រ​មុន​បាន​និយាយ​កាលពី​ពេលមុន​នេះ​ថា មានតែ​អ្នកនេសាទ​កូរ៉េខាងជើង​ប្រហែល​២០ នាក់​ប៉ុណ្ណោះ​ដែល​ធ្លាក់​ចូលទៅក្នុង​សមុទ្រ​បន្ទាប់ពី​ទូក​ដែក​​របស់​ពួកគេ​បាន​បុក​ជាមួយ​នាវា​អធិការកិច្ច​របស់​ភ្នាក់ងារ​ជលផល​ជប៉ុន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ជប៉ុន​នៅ​ឆ្នេរសមុទ្រ ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​។​

​ក្រោយមក ក្រុមមន្ត្រី​បាន​និយាយថា​ពួកគេ​បាន​ជួយ​សង្គ្រោះ​មនុស្ស​ច្រើន​ជាង​ការ​គិត​ពី​ដំបូង​ហើយ គ្មាន​នរណា​ម្នាក់​បាន​បាត់​ខ្លួន​ទេ​។​

​ទូក​កូរ៉េខាងជើង​នេះ បាន​លិច​ប្រហែល​កន្លះ​ម៉ោង​បន្ទាប់​ពី​ការបុក​នេះ​។​

​មន្ត្រី​ភ្នាក់ងារ​ជលផល លោក សា​តូ​ស៊ី កូវ៉ា​ហា​រ៉ា បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ទូក​កូរ៉េខាងជើង​នេះ បាន​ចូល​ដោយ​មិន​មាន​ការអនុញ្ញាត​ក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ជប៉ុន​​ហើយ​ការបុក​នេះ​បាន​កើតឡើង​នៅពេល​ដែល​នាវា​ល្បាត​ជប៉ុន​នេះ កំពុង​ព្រមាន​ទូក​កូរ៉េខាងជើង​ឱ្យ​ចាកចេញ​។

​លោក​បាន​និយាយថា​ក្រុមមន្ត្រី​កំពុង​ស៊ើបអង្កេត​ថា​តើ​ទូក​កូរ៉េខាងជើង​នេះ​ពិតជា​បានធ្វើការ​នេសាទ​ខុសច្បាប់ ហើយ​តើ​ការបុក​គ្នា​នេះ​បាន​កើតឡើង​យ៉ាងដូចម្តេច​៕​ដោយ​៖​សុខា​/sn

កង​ឆ្មាំ​សមុទ្រ​ជប៉ុន​បង្ហាញ​នាវា​ល្បាត​ជប៉ុន ស្ថិត​នៅ​កន្លែង​បុក​គ្នា​ជាមួយ​ទូក​នេសាទ​កូរ៉េខាងជើង​នៅ​តំបន់​សេដ្ឋកិច្ច​ជប៉ុន​នៅ​ឆ្នេរសមុទ្រ ភាគ​ខាងជើង​នៃ​ប្រទេស​​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​