នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេបានជំរុញឱ្យរដ្ឋាភិបាលក្រុងតេហេរ៉ង់ដើរ “តួនាទីស្ថាបនា” សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ាកាលពីថ្ងៃពុធទី១២មិថុនាក្នុងបេសកកម្មការទូតដ៏កម្រទៅកាន់សាធារណរដ្ឋអ៊ីស្លាមក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងអាម៉េរិកនិងអ៊ីរ៉ង់។
ប្រទេសអ៊ីរ៉ង់បានផុងជាប់ក្នុងការប្រឈមមុខគ្នាដ៏ជូរចត់ជាមួយនឹងសហរដ្ឋអាម៉េរិកចាប់តាំងពីប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កាលពីខែឧសភាឆ្នាំមុន។
ចាប់តាំងពីពេលនោះមក វ៉ាស៊ីនតោនបានដាក់ចេញនូវទណ្ឌកម្មជាឯកតោភាគី ដែលបានបង្ខំឱ្យជប៉ុនផ្អាកការទិញប្រេងជាប់លាប់របស់ខ្លួនពីអ៊ីរ៉ង់ និងបានបង្កើនវត្តមានយោធានៅឈូងសមុទ្រពែក្ស។
លោកអាបេបានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងតេហេរ៉ង់ជាមួយប្រធានាធិបតីអ៊ីរ៉ង់លោកហាសសាន់ រូហានី ថា “វាចាំបាច់ណាស់ដែលអ៊ីរ៉ង់ដើរតួនាទីស្ថាបនាក្នុងការកសាងសន្តិភាពនិងស្ថិរភាពនៅមជ្ឈិមបូព៌ា។ សព្វថ្ងៃនេះភាពតានតឹងកំពុងកើនឡើងនៅមជ្ឈិមបូព៌ា។ អ្នកជំនាញមួយចំនួនបានចង្អុលបង្ហាញថា ជម្លោះនេះអាចនឹងបង្កឡើងដោយចៃដន្យ”។
លោកនាយករដ្ឋមន្ត្រីជប៉ុនបានសង្កត់ធ្ងន់ថា ការប៉ះទង្គិចប្រដាប់អាវុធ “ត្រូវតែបញ្ចៀសឱ្យបានតាមគ្រប់មធ្យោបាយទាំងអស់”។
លោកបានបន្ថែមថា ជប៉ុនមានបំណងដើរតួយ៉ាងសំខាន់នៅក្នុងសមត្ថភាពរបស់ខ្លួនដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលនេះគឺជាគំនិតតែមួយគត់ដែលនាំខ្ញុំមកដល់អ៊ីរ៉ង់។
ថ្លែងទៅកាន់សន្និសីទសារព័ត៌មានដដែលនោះ លោករូហានីបាននិយាយថា លោករំពឹងនឹងមាន “ការផ្លាស់ប្តូរជាវិជ្ជមាន” នៅមជ្ឈិមបូព៌ានិងពិភពលោក ប្រសិនបើសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់សម្ពាធសេដ្ឋកិច្ចរបស់ខ្លួនមកលើអ៊ីរ៉ង់តាមរយៈទណ្ឌកម្ម។
លោករូហានីនិយាយថា “ប្រសិនបើមានភាពតានតឹង នោះឫសគល់របស់វាគឺកើតចេញពីសង្គ្រាមសេដ្ឋកិច្ចរបស់អាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។ មិនថាភាពតានតឹងត្រូវបញ្ឈប់ឬអត់នោះទេ យើងនឹងឃើញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងតំបន់និងពិភពលោក”។
ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយបន្ថែមថា “យើងនឹងមិនចាប់ផ្តើមជម្លោះនៅក្នុងតំបន់ទេ សូម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក ក៏ប៉ុន្តែប្រសិនបើសង្គ្រាមចាប់ផ្តើមប្រឆាំងនឹងយើង នោះយើងនឹងផ្តល់នូវការឆ្លើយតបដ៏ខ្លាំងក្លា”៕ ដោយ៖ កញ្ញាដាលីស