ជប៉ុន​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល បន្ទាប់ពី​ការ​គំរាម​វាយប្រហារ​ដោយ​កូរ៉េខាងជើង ទៅកាន់​កោះ​ក្វាម​របស់​អាមេរិក​

322

​សេចក្តីរាយការណ៍​បាន​និយាយថា ជប៉ុន បានដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល Patriot របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី​១២​ខែសីហា បន្ទាប់ពី​កូរ៉េខាងជើង​បាន​គំរាម​បាញ់​មី​ស៊ី​ល ហោះ​ពីលើ​ប្រ​ទស​ជប៉ុន ឆ្ពោះទៅ​កោះ​ក្វាម​របស់​អាមេរិក នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​ភាព​តានតឹង​ក្នុង​តំបន់ កំពុង​កើនឡើង ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បង្កើន​សង្គ្រាមពាក្យសម្តី​ខ្លាំងៗ ដោយ លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ព្រមាន​ថា “​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង កុំ​ស្តាយក្រោយ​ចំពោះ​ទង្វើ​ជាស​ត្រូវ​ណាមួយ​ប្រឆាំង​សហរដ្ឋអាមេរិក​នោះ​” ។​

​ក្រសួងការពារជាតិ​ជប៉ុន បានចាប់ផ្តើម​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល PAC-3 Patriot នៅ​ទីក្រុង​ស៊ី​ម៉ា​ណេ ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង នៅ​ទីក្រុង​កូ​ឈី នៅ​ប្រទេស​ជប៉ុន ភាគ​ខាងលិច​។ ជប៉ុន ក៏បាន​គ្រោង​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ផងដែរ​នៅ​ទីក្រុង​អ៊ី​ហ៊ី​មី ដែល​ស្ថិតនៅ​ជិត​ទីក្រុង​ទាំងនេះ​។​
​នេះ​បើ​យោងតាម​ទូរទស្សន៍ NHK ។​

​កាលពី​ពេលមុនៗ ជប៉ុន បាន​ព្រមាន​បាញ់​ទម្លាក់​មី​ស៊ី​ល​ឬ​គ្រាប់​រ៉ុក្កែត​របស់​កូរ៉េខាងជើង ដែល​គំរាមកំហែង​ទឹកដី​របស់ខ្លួន​៕ ដោយ៖ សុខា

​ក្រសួងការពារជាតិ​ជប៉ុន ចាប់ផ្តើម​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល PAC-3 Patriot នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន