ជប៉ុន​ថា ការបាញ់​មី​ស៊ី​ល​ដោយ​កូរ៉េ​ខាងជើង​រំលោភបំពាន​ទណ្ឌកម្ម​របស់​សហប្រជាជាតិ​

576
ចែករម្លែក

​លោក Takeshi Iwaya រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​និយាយថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង​ជា​ការរំលោភ​បំពាន​លើ​សេចក្តីសម្រេចចិត្តរ​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការសហប្រជាជាតិ​។​

​លោក បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ជប៉ុន​កំពុង​វិភាគ​នៅឡើយ​អំពី​ថា​តើ​មី​ស៊ី​ល​ប្រភេទ​អ្វីដែល​កូរ៉េ​ខាងជើង​បាន​បាញ់​ចូល​សមុទ្រ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ កង​​ទ័ព​កូរ៉េខាងត្បូង​និយាយថា វា​គឺជា​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់ ដែល​បាន​នាំ​ឱ្យ​ក្រុម​អ្នកសង្កេតការណ៍​មួយចំនួន លើកឡើង​ថា​ថា​ការបាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​នេះ​មិនមែន​ជា​​ការ​បង្កហេតុ​ដ៏​នោះទេ ប៉ុន្តែ​វា​អាច​ជា​ការព្រមាន​ច្រើនជាង​ដោយ​កូរ៉េ​ខាងជើង​អំពី​អ្វី​ដែល​អាច​នឹង​កើតឡើង ប្រសិនបើ​ការចរចា​នុយក្លេអ៊ែ​រ​ជាមួយ​សហរដ្ឋអាមេរិក​បរាជ័​​យ​នោះ​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នេះ​និយាយថា “​ប្រសិនបើ មី​ស៊ី​ល​ទាំងនោះ ជា​ប្រភេទ​មី​ស៊ី​ល​ឆ្លង​ទ្វីប​នោះ ពួកគេ​(​កូរ៉េខាងជើង​)​រំលោភបំពាន​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ហើយ​ខ្ញុំ​យល់ថា វា​គួរ​ឱ្យ​សោកស្តាយ​ណាស់ ” ។​

​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​និយាយថា ខ្លួន​មិន​បាន​រកឃើញ​គ្រាប់​ហោះ​ណាមួយ​ដែល​ទៅ​ដល់​ដែនដី​ជប៉ុន​ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន​នៅ​ចម្ងាយ​៣២១​គីឡូម៉ែត្រ​​ពី​កន្លែង​បាញ់​មី​ស៊ី​ល​ចំនួន​២​គ្រាប់រ​របស់​កូរ៉េខាងជើង​នោះទេ​។​

​ក្រសួង​ការពារជាតិ​ជប៉ុន មិន​បាន​រកឃើញ​សញ្ញា​ដែល​ថា​ការបាញ់​មី​ស៊ី​ល​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បង្ក​ការគំរាមកំហែង​ភ្លាមៗ​ចំពោះ​សន្តិសុខ​ជាតិ​របស់​ជប៉ុន​នោះ​ទេ​។​

​នាយអគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​បាន​និយាយ​ថា​មី​ស៊ី​ល ដែល​បាន​បាញ់​ចេញពី​ទីក្រុង​Wonsan នៅជាប់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េខាងជើង​នោះ​​បាន​ហោះ​ចម្ងាយ​ប្រហែល​៤៣០​គីឡូម៉ែត្រ នៅ​មុន​ពេល​វា​ធ្លាក់​នៅ​សមុទ្រ នៅ​ឯនាយ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​នេះ​៕​ដោយ​៖​សុខា​/sn

​​អ្នកដំណើរ​នៅ​ស្ថានីយ​រថភ្លើង​ក្រុង​សេ​អ៊ូ​ល មើល​ការបាញ់​សាកល្បង​មី​ស៊ី​ល​ដោយ​កូរ៉េ​ខាងជើង នៅលើ​កញ្ចក់​ទូរទស្សន៍ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ខែកក្កដា​នេះ​