ជប៉ុនបាននិយាយកាលពីថ្ងៃចន្ទទី២ខែធ្នូថាខ្លួនបានយល់ព្រមទិញកោះមួយដែលគ្មានមនុស្សរស់នៅ នៅឆ្នេរសមុទ្រភាគនិរតីរបស់ខ្លួនក្នុងតម្លៃ ១៤៦លានដុល្លារ សម្រាប់ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាម៉េរិក។
រដ្ឋាភិបាលក្រុងតូក្យូនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងកាលពីឆ្នាំ២០១១ក្នុងការផ្លាស់ប្តូរទីតាំងហ្វឹកហាត់មួយសម្រាប់យន្តហោះចម្បាំងរបស់អាម៉េរិកទៅកាន់កោះម៉ាហ្គេស៊ីម៉ាដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគនិរតីនៃប្រទេសជប៉ុន។
លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្កា នាយខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថាកិច្ចព្រមព្រៀងដើម្បីទិញកោះម៉ាហ្គេស៊ីម៉ា ត្រូវបានសម្រេចកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីកិច្ចពិភាក្សារវាងក្រសួងការពារជាតិនិងក្រុមហ៊ុនអភិវឌ្ឍន៍ដែលជាម្ចាស់ភាគច្រើននៃកោះនេះ”។
ប្រតិបត្ដិការហ្វឹកហាត់ហោះហើររបស់អាម៉េរិកបច្ចុប្បន្នត្រូវបានធ្វើឡើងនៅកោះអ៊ូវ៉ូ ជីម៉ាចម្ងាយប្រហែល ១.២០០ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងតូក្យូ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានស្នើសុំការផ្លាស់ប្តូរដោយនិយាយថាកោះអ៊ូវ៉ូ ជីម៉ាដែលជាសមរភូមិដ៏សំខាន់នៅសម័យសង្គ្រាមលោកលើកទី២ នោះ គឺនៅឆ្ងាយពេកពីមូលដ្ឋានយោធាអាម៉េរិកនៅទីក្រុងអ៊ីវ៉ាគូមីភាគខាងលិចនៃប្រទេសជប៉ុន ជាទីតាំងយន្តហោះប្រយុទ្ធរបស់ពួកគេ៕ដោយ៖សុខា/sn
កងយន្តហោះចម្បាំងស្ថិតនៅមូលដ្ឋានយោធាអាម៉េរិកនៅទីក្រុងអ៊ីវ៉ាគូមីប្រទេសជប៉ុន