ជប៉ុន​និង​កម្ពុជា​រៀបចំ​កម្មវិធី​«​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន​»​រយៈពេល​១​ខែ​អបអរ​ខួប​លើក​ទី​៦៥​ឆ្នាំ​

1296
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ជប៉ុន​និង​កម្ពុជា​នឹង​រួមគ្នា​រៀបចំ​កម្មវិធី​ពិសេសៗ​ចំនួន​១៨​ដើម្បី​អបអរសាទរ​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ និង​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស ប្រជាជន និង​ប្រជាជន​ឲ្យ​កាន់តែ​ល្អប្រសើរ​និង​ជិតស្និទ្ធ​ថែមទៀត​។​

​កម្មវិធី​អបអរសាទរ​ខួប​ទំនាក់ទំនង​លើក​ទី​៦៥​នេះ​មាន​ឈ្មោះថា​«​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន​»​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩​ខែតុលា​រហូតដល់​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដែលមាន​រយៈពេល​មួយខែ​។​នៅក្នុង​សន្និសីទ​ព័ត៌មាន​បង្ហាញ​គម្រោង​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​កាលពី​ថ្ងៃទី​១៦​ខែតុលា​ថ្មីៗ​នេះ​លោក​ហូ​រី​ណូ​អ៊ុ​ឈិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា​កំពុង​ពង្រីក​នៅ​គ្រប់​វិស័យ​ទាំង​ស្ថាប័នរដ្ឋ​និង​ស្ថាប័នឯកជន​។

​ឆ្នាំនេះ​ជា​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​ការទូត​រវាង​ជប៉ុន​-​កម្ពុជា​ដើម្បីឱ្យ​ប្រជាជន​ទាំងពីរ​បាន​ចូលរួម​អបអរសាទរ អនុស្សាវរីយ៍​នេះ និង​រៀបចំ​កម្មវិធី​ពិសេសៗ​ជាច្រើន ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ខែតុលា ដល់​ថ្ងៃទី​១៨​ខែវិច្ឆិការ​ខាងមុខនេះ​។​

លោក​បាន​មានប្រសាសន៍ថា​៖​ចំពោះ​ស្ថានទូត​ជប៉ុន​នឹង​រៀបចំ​ព្រឹត្តិ​ការទាក់ទង​នឹង​កម្មវិធី​ផ្លាស់ប្តូ​យុវជន​JENESYS​ដូច​ជាទី​១៖​ការប្រកួត​ធ្វើ​បទ​បង្ហាញ​ជា​ក្រុម​ដោយ​និស្សិត​សាកលវិទ្យាល័យ​ក្រោម​ប្រធានបទ​«​អនាគត​កម្ពុជា​៣០​ឆ្នាំក្រោយ​»​នៅ​ថ្ងៃទី​២៥​ខែតុលា​ដើម្បី​ជ្រើសរើស​និស្សិត​ទៅ​ចូលរួម​កម្មវិធី JENESYS នៅ​ប្រទេស​ជប៉ុន​។

​ទី​២៖​ការប្រកួត​បាល់ទាត់​មិត្តភាព​នៅ​ថ្ងៃទី​៣១​ខែតុលា​រវាង​កីឡាករ​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជប៉ុន​លោក​Mizushima​និង​កីឡាករ​បាល់ទាត់​សិស្ស​វិទ្យាល័យ​មកពី​សាលា​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន​នៅ​Fukushima​។​ទន្ទឹមនឹងនោះ​ស្ថានទូត​ជប៉ុន​បាន​សហការ​ជាមួយ​ភ្នាក់ងារទេសចរណ៍​ជាតិ​ជប៉ុន (JNTO) និង​រៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ថ្ងៃទី​១០ និង ១១ ខែវិច្ឆិកា​។​

​លោក​បាន​ឱ្យដឹងទៀតថា ចាប់តាំងពី​បើក​ដំណើរការ​ជើងហោះហើរ​ត្រង់​ភ្នំពេញ​-​តូ​ក្យូ នៅ​ឆ្នាំ​២០១៦ ចំនួន​អ្នកធ្វើដំណើរ​ពី​កម្ពុជា​ទៅ​ជប៉ុន​កើនឡើង​៣,៦០០​នាក់​នៅ​ឆ្នាំ​២០១២​ទៅ​១៧,០០០​នៅ​ឆ្នាំ​២០១៧​។​លោក​ឯកអគ្គរាជទូត​ជឿជាក់ថា​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នឹងធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ចង់ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន ហើយ​លោក​សង្ឃឹមថា តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​នេះ ប្រជាជន​កម្ពុជា​កាន់តែ​ស្គាល់​ពី​ព្រឹត្តិការណ៍​នៃ​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន នេះ​កាន់តែច្រើន​ផងដែរ​។​

​សូមជម្រាបថា​កម្មវិធី​ដែល​ប្រារព្ធ​ឡើង ដើម្បី​អបអរសាទរ​ខួប​ទំនាក់ទំនង​នៃ​ប្រទេស​កម្ពុជា​-​ជប៉ុន​នេះ រួមមាន​៖១.​សន្និសីទ​ASCOJA​រៀបចំ​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ដោយ​សមាគម​អតីត​និស្សិត​មកពី​ប្រទេស​ជប៉ុន​ពីថ្ងៃ​ទី​១៩​ដល់​២១​ខែតុលា​។​២.​ពិព័រណ៍​សិក្សា​នៅ​ប្រទេស​ជប៉ុន​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​នៅ​ថ្ងៃទី​២០ ខែតុលា​។​៣. មហោស្រព​បុ​ង​អូ​ដូ​រី ធ្វើ​នៅ​ផ្សារ​ទំនើប​អី​អន​២ នា​ថ្ងៃទី​២១ ខែតុលា​។​៤. ការប្រកួត​ជ្រើសរើស​បេក្ខជន តាមរយៈ​បទ​បង្ហាញ «​អនាគត​កម្ពុជា ៣០​ឆ្នាំក្រោយ​» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) នៅ​ថ្ងៃទី​២៥ ខែតុលា​។​

៥. កម្មវិធី Let’s Cosplay លើក​ទី​៥ នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​កូរ៉េ (CKCC) នៅ​ថ្ងៃទី​២៨​ខែតុលា​។​៦.​កម្មវិធី​ប្រគល់​កង់​នៅ​វត្ត​ឈូក​វ៉ា​រៀបចំ​ដោយ​មូលនិធិ​គ្រប់គ្រង​ចំណត​កង់​ជប៉ុន នៅ​ថ្ងៃទី​៣១​ខែតុលា​៧.​ការប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​នៅ​ស្ថា​ត​អូឡាំពិក​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​៣១​ខែតុលា​។​៨.​ការប្រគំ​តន្ត្រី​យ៉ូ​តា​ក្លា​ស៊ិ​ក​ឆ្នាំ​២០១៨​នៅ​សាលចតុមុខ​រៀបចំ​ដោយ​ក្រុមហ៊ុន​តូ​យូ​តា​កម្ពុជា នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា​។​

៩.​ពិធី​រាំវង់​អុ​ដូ​រី​នៅ​សាលាបឋមសិក្សា​វត្ត​បូព៌​ខេត្តសៀមរាប​រៀបចំ​ដោយ​សមាគម​ជនជាតិ​ជប៉ុន​អង្គរ​នៅ​ថ្ងៃទី​០៤​ខែវិច្ឆិកា​។​១០.​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​នៅ​ផ្សារ​ទំនើប​អី​អន​២​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​ទេសចរណ៍​ជប៉ុន​នៅ​ថ្ងៃទី​១០-១១ ខែវិច្ឆិកា​។​១១. មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៨ នៅ​ផ្សារ​ទំនើប​អី​អន​១ និង​ផ្សារ​ទំនើប​ធី​ខេ រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន ពីថ្ងៃ​ទី​៨-១១​ខែវិច្ឆិកា​។​

១២.​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៨​នៅ​ខេត្តសៀមរាប​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន​ធ្វើឡើង​ពីថ្ងៃ​ទី​១៦​និង​១៨​ខែវិច្ឆិកា​១៨.​គម្រោង​ភ្នំពេញ​ទីក្រុង​ស្អាត​ជាមួយ​ប្រទេស​ជប៉ុន រៀបចំ​ដោយ​អង្គការ​ជប៉ុន​នានា​នៅ​កម្ពុ​ជានា​ថ្ងៃទី​១៨ ខែវិច្ឆិកា​៕S/

ចំណងជើង​រូ​បថ​តៈ ជប៉ុន​និង​កម្ពុជា នឹង​រួមគ្នា​រៀបចំ​កម្មវិធី​ពិសេសៗ​ចំនួន​១៨ ដើម្បី​អបអរសាទរ​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ខែតុលា រហូតដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨(​រូបៈ ស្ថានទូត​ជប៉ុន​)

#