ជប៉ុន​និង​ចិន​ស្វែងរក​ទំនាក់ទំនង​កក់ក្តៅ​ជាមួយគ្នា​ដើម្បី​ទប់ទល់​នឹង​ការ​ប្រេះឆា​ខាង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

784
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន​បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​តុលា​សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី​ជា​ផ្លូវការ​ជា​លើកដំបូង​ជាមួយ​មេដឹកនាំ​ចិន​ក្នុង​រយៈពេល​៧​ឆ្នាំ ខណៈដែល​គូប្រជែង​នៅ​អាស៊ី​ទាំង​២​នេះ​ព្យាយាម​បង្កើត​ទំនាក់ទំនង​កក់ក្តៅ​នឹង​គ្នា​ដើម្បី​ទប់ទល់​នឹង​ការ​ប្រេះឆា​ខាង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ចិន​បាន​បង្កើន​ប្រភព​ពាណិជ្ជកម្ម​របស់ខ្លួន​ទៅកាន់​ជប៉ុន​និង​ប្រទេស​ដទៃទៀត ខណៈដែល​ខ្លួន​កំពុង​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។​

​ជប៉ុន ដែល​ព្រួយបារម្ភ​អំពី​កម្លាំង​ទ័ពជើងទឹក​កាន់តែ​ច្រើនឡើង​របស់​ចិន ចង់បាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រលូន​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ខ្លួន​។ ជប៉ុន​ត្រូវតែ​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​កក់ក្តៅ​នេះ​ដោយ​មិនឱ្យ​ថ្នាំងថ្នាក់​ចិត្ត​ដល់​សម្ព័ន្ធមិត្ត​សន្តិសុខ​សំខាន់​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក ដែល​ខ្លួន​កំពុងមាន​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​នោះ​។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ិន​ហ្សូ អា​បេ ដែល​បាន​ឡើងកាន់​អំណាច​នៅ​ឆ្នាំ ២០១២ នៅពេលដែល​ទំនាក់ទំនង​ចិន និង​ជប៉ុន​កំពុង​ប្រេះស្រាំ ដោយសារតែ​ជម្លោះ​កោះ​នៅ​សមុទ្រ​ចិន​ខាងកើត បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ជាច្រើនលើក ចាប់តាំងពី​ការជជែក​គ្នា​លើកដំបូង​របស់​ពួកគេ​ក្នុង​ឆ្នាំ ២០១៤ នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​ប្រចាំ​តំបន់ នៅ​ទីក្រុង​ប៉េកាំង​។​

​ប៉ុន្តែ​កិច្ចប្រជុំ​របស់លោក​ជាមួយ​លោក​ស៊ី​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​នឹង​ក្លាយជា​ជំនួប​កំពូល​ចិន​-​ជប៉ុន​ពេញ​លេញជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០១១ មក​។​

​លោក​អា​បេ​បាន​និយាយ​មុនពេល​ចាកចេញ​ថា “​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ ខ្ញុំ​ចង់​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ទៅ​កម្រិត​ថ្មី​មួយ​”​។​

​លោក​អា​បេ​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​លោក​លី កេ​ឈាំ​ង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ និង​ចូលរួម​ពិធី​រំលឹក​ខួប​លើក​ទី ៤០ នៃ​សន្ធិសញ្ញា​សន្តិភាព​និង​មិត្តភាព​។ ភាគី​ទាំង​២​សង្ឃឹមថា​នឹងមាន​ទស្សនកិច្ច​ជា​ហូរហែ​តាម​ក្រោយ​ទៀត​។​

​លោក​គី​យ៉ូ​យូគី សេ​ហ្គូ​ជី (Kiyoyuki Seguchi) នាយក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​សិក្សា​សកលលោក​របស់​ក្រុមហ៊ុន​កាណុង​នៅ​ទីក្រុង​តូ​ក្យូ​បាន​និយាយថា “​ប្រសិនបើ​លោក​ស៊ី​សន្យា​នឹង​មក​ប្រទេស​ជប៉ុន​នៅ​ឆ្នាំក្រោយ នោះ​វា​នឹង​ជា​ព្រឹត្តិការណ៍​ធំធេង​ណាស់​។ ប្រសិនបើ​នោះ​ជាការ​ពិតមែន គឺ​នឹងមាន​ភាព​ការរីកចម្រើន​ខ្លាំង​ក្នុង​ទំនាក់ទំនង​ជប៉ុន​-​ចិន​”​។​

​កិច្ចព្រមព្រៀង​ជាច្រើន​ត្រូវបាន​គេ​រំពឹងថា​នឹង​សម្រេចបាន ក្នុងនោះ​មាន​ចាប់​កិច្ចព្រមព្រៀង​ដោះដូរ​រូបិយ​បណ្ណ​និង​កិច្ចពិភាក្សា​ថ្មី​ស្តីពី​ការច្នៃប្រឌិត​និង​ការការពារ​កម្មសិទ្ធិបញ្ញា​រហូតដល់​ការបង្កើន​ទំនាក់ទំនង​ល្អប្រសើរ​រវាង​យោធា​របស់​ប្រទេស​ទាំង​២​។​

​ជប៉ុន​ក៏​សង្ឃឹម​ផងដែរ​ចំពោះ​ការរីកចម្រើន​ឆ្ពោះទៅ​ការអនុវត្ត​កិច្ចព្រមព្រៀង​ឆ្នាំ ២០០៨ ស្តីពី​ការអភិវឌ្ឍ​រួមគ្នា​នូវ​ឧស្ម័ន​នៅក្នុង​ដែនទឹក​ដែលមាន​ជម្លោះ​និង​ចង់ឱ្យ​ចិន​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការ​នាំចូល​ផលិតផល​ពី​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ឆ្នាំ ២០១១ នៅ​ហ្វូ​គូ​ស៊ី​ម៉ា​។​

​ប្រភព​មួយ​របស់​រដ្ឋាភិបាល​ជ​ប៉ុន​បាន​និយាយថា វេទិកា​ពាណិជ្ជកម្ម​មួយ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឯកជន​នៅក្នុង​ប្រទេស​ទី​៣ ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់នូវ​កិច្ចព្រមព្រៀង​ចំនួន ៥០ ដែល​មិន​ជាប់​លក្ខខណ្ឌ​ស្មុគស្មាញ រួមទាំង​កិច្ចព្រមព្រៀង​លើ​គម្រោង​មួយ​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​។​

​ចិន​ប្រហែលជា​សង្ឃឹមថា​លោក​អា​បេ​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ជា​វិជ្ជមាន​អំពី​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​របស់ខ្លួន ដែលជា​មធ្យោបាយ​មួយ​ដើម្បី​ផ្តល់​មូលនិធិ​និង​កសាង​ទំនាក់ទំនង​ដឹកជញ្ជូន​និង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ជាង ៦០៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ិន​ហ្សូ អា​បេ និង ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង នឹងធ្វើ​ជំនួប​កំពូល​ពេញ​លេញជា​លើកដំបូង​នៅ​ថ្ងៃ​សុក្រ​ស្អែក
#