ជប៉ុន​និង​បារាំង​សម្តែង​ក្តីបារម្ភ​ចំពោះ​តំបន់​មជ្ឈិមបូព៌ា​និង​រួម​គ្នា​បង្កើន​ទំនាក់ទំនង​ទ័ពជើងទឹក​

431
ចែករម្លែក

​ប្រធានាធិបតី​បារាំង លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​ថា លោក​និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន ហ្សូ​អាបេ បាន​ព្រមព្រៀង​បង្កើន​​ចំណង​ទាក់ទង​លើ​វិស័យ​ទ័ពជើងទឹក​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​និង​សម្តែង​ការព្រួយបារម្ភ​រួម​គ្នា​អំពី​ការកើនឡើង​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិមបូព៌ា​។​

​លោក ម៉ា​ក្រុង ដែល​បាន​ទៅដល់​ទីក្រុង​តូ​ក្យូ​សម្រាប់​កិច្ចប្រជុំ​កំពូល​G20 នៅ​សប្តាហ៍​នេះ​នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​រួម​យ​ថា​លោក​​ក៏​សង្ឃឹម​ផងដែរ​ថា​ភាព​តានតឹង​អំពី​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​-​ចិន នឹង​ធូរស្រាល​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​នេះ​។​

​មេដឹកនាំ​ទាំង​២​នេះ​បាន​ពិភាក្សា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​និង​អ៊ីរ៉ង់​និង​បញ្ហា​មួយចំនួន​ទៀត​ដែល​ត្រូវ​លើកឡើង​នៅ​កិច្ចប្រជុំ​កំពូល​G20 នេះ​។​

​លោក ម៉ា​ក្រុង បាន​និយាយថា លោក​និង​លោក ស៊ីន ហ្សូ​អាបេ​បាន​យល់ស្រប​គ្នា​លើ​ភាពចាំបាច់​ដើម្បី​ធានាបាន​នូវ​ការរំលាយចោល​នុយក្លេអ៊ែរ​ទាំង​របស់​អ៊ីរ៉ង់​និង​កូរ៉េខាងជើង​។

​លោក ម៉ា​ក្រុង បាន​និយាយថា ” យើង​មាន​ទស្សនៈ​រួម​និង​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​សន្តិសុខ​រួម​ដោយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។​យើង​មាន​ឆន្ទៈ​ដើម្បី​ធានា​ឱ្យ​មាន​ស្ថិរភាព​នៃ​តំបន់​​ទាំងនេះ “​។​

​លោក ស៊ីន ហ្សូ​អាបេ បាន​និយាយថា ការពារ​សុវត្ថិភាព​នៃ​ច្រក​សមុទ្រ ហ័​រមូស​នៃ​ឈូងសមុទ្រ​ពែ​ក្ស ក៏​ជា​ការសំខាន់​ខ្លាំង​ដែរ​។ នៅក្នុង​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ទី​ក្រុងតេអេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់ ដោយ​សង្ឃឹមថា​នឹង​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​បាន​រវាង​អ៊ីរ៉ង់​និង​សហរដ្ឋ​អាមេរិក​នោះ ស្រាប់តែ​នាវា​ដឹង​ប្រេង​ជប៉ុន​​មួយគ្រឿង ត្រូវ​បាន​វាយប្រហារ​នៅ​ជិត​ច្រក​សមុទ្រហ័​រមូស​ប៉ុន្តែ នាវិក​ទាំង​២១​នាក់ មាន​សុវត្ថិភាព​។​

​លោក ស៊ីន ហ្សូ​អាបេ បាន​និយាយថា ” ការធានា​សុវត្ថិភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅ​ច្រក​សមុទ្រហ័​រមូស ដែល​ត​ភ្ជាប់​អឺរ៉ុប​និង​អាស៊ី​គឺ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​សន្តិភាព​និង​​ស្ថិរភាព​នៃ​សង្គម​អន្តរជាតិ ដោយ​រួមទាំង ប្រទេស​ជប៉ុន​និង​បារាំង​៕​ដោយ​៖​សុខា​/sn

លោក​ម៉ា​ក្រុង (​រូប​ឆ្វេង​) ចាប់​ដៃ​ជាមួយ លោក ស៊ីន ហ្សូ​អាបេ​បន្ទាប់ពី​ធ្វើ​សន្នីសីទកាសែត​រួម​នៅ​វិមាន​រដ្ឋ​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ពុធ