ជប៉ុន​និយាយថា គ្មាន​ភស្តុតាង​បង្ហាញថា​អ៊ីរ៉ង់​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​លើ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ទេ​

353
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​លោក​ថា​រ៉ូ កូ​ណូ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា​ថា​លោក​មិន​បានឃើញ​ព័ត៌មាន​ការ​ស៊ើបការណ៍​ណាមួយ​បញ្ជាក់ថា​អ៊ីរ៉ង់​នៅ​ពីក្រោយ​ការវាយប្រហារ​ទៅលើ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ចុង​សប្តាហ៍​នោះទេ​។​

​ដោយ​ជំទាស់​នឹង​ការលើកឡើង​របស់​រដ្ឋ​បាល​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ត្រាំ ថា​អ៊ីរ៉ង់​ត្រូវតែ​ស្តីបន្ទោស​ចំពោះ​ការវាយប្រហារ​ថ្មីៗ​នេះ​ទៅលើ​រោងចក្រ​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត លោក​កូ​ណូ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​មិន​បានដឹង​អំពី​ព័ត៌មាន​ណាមួយ ដែល​ចង្អុល​ដាក់​អ៊ីរ៉ង់​នោះទេ​”​។​

​លោក​កូ​ណូ​បាន​និយាយថា “​យើង​ជឿថា ក្រុម​ហ៊ូ​ធី​អនុវត្ត​ការវាយប្រហារ​ដោយ​ផ្អែកលើ​សេចក្តីថ្លែងការណ៍​ដែល​អះអាង​ទទួលខុសត្រូវ​”​។​

​លោក​កូ​ណូ​បាន​និយាយថា ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អ៊ីរ៉ង់​និង​អាម៉េរិក នៅ​កំពុងស្ថិត​ក្នុងដំណាក់កាល​កំណត់ថា​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ ដែល​បាន​ធ្វើឡើង​ដោយ​ដ្រូ​ន​។​

​លោក​កូ​ណូ​និយាយថា “​ដោយហេតុថា​ជប៉ុន​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ផ្អែកលើ​សម្ព័ន្ធមិត្ត​អាម៉េរិក – ជប៉ុន និង​ទំនាក់ទំនង​នៃ​ការជឿទុកចិត្ត​ដែល​ជប៉ុន​មាន​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​នៅ​មជ្ឈិមបូព៌ា ជប៉ុន​ស្ថិតក្នុង​ជំហរ​បំពេញ​តួនាទី​សម្រុះសម្រួល​”​។​

​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ លោក​កូ​ណូ​និយាយថា ប្រទេស​របស់លោក​មិនអាច​ចូលរួម​ក្នុងការ​សងសឹក​យោធា​ណាមួយ​បានទេ ដោយសារតែ​ការហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ និង​ជំនួស​មកវិញ​នឹង​បន្ត​រក​ដំណោះស្រាយ​ការទូត​ចំពោះ​វិបត្តិ​បច្ចុប្បន្ន​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក ថា​រ៉ូ កូ​ណូ